ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៥១១ នាក់​ទៀត និង​អ្នក​ជា​សះស្បើយ ៦២ នាក់ ខណៈ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ មាន​រហូត​ដល់ ១០ នាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ស្លាប់​កើន​ដល់ ៧១ នាក់។

របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​បាន​បញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​សហគមន៍ ២០ កុម្ភៈ មាន​ចំនួន ៥០៩ នាក់ ហើយ​អ្នក​ដំណើរ​ពី​បរទេស គឺ​មាន ០២ នាក់។

គិត​ត្រឹម​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ កម្ពុជា មាន​ករណី​ឆ្លង​សរុប​ទូទាំង​ប្រទេស​ចំនួន ៩ ៣៥៩ នាក់ ចំណែក​អ្នក​ជា​សះស្បើយ​សរុប​មាន​ចំនួន ៣ ២១០ នាក់ ក្នុង​នោះ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៦ ០៧២ នាក់។

ដោយសារ​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ជា​បន្ដបន្ទាប់ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​សម្រេច​យក​ទីតាំង​ស្ដាត​អូឡាំពិក សាលា​កូរ៉េ​កប់ស្រូវ (វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា NPIC) និង​ព្រីមៀរ​សែនសុខ ជា​ទីកន្លែង​សម្រាប់​ព្យាបាល​អ្នក​កើត​ជំងឺ​កូវីដ ១៩ កម្រិតស្រាល​បន្ថែម។

ការ​ប្រកាស​បង្កើត​ទី​ព្យាបាល​បន្ថែម​ទៀត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​នេះ ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល និង​លោក អ៊ិត សំហេង រដ្ឋមន្ដ្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​ចុះ​ពិនិត្យ និង​ត្រៀម​រៀបចំ​ទីតាំង​ទាំង ៣ នេះ​ផង​ដែរ៕