ភ្នំពេញ៖ មនុស្ស​ចំនួន ៦១៦ នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូវីដ ១៩ ដែល​មក​ដល់​ពេល​នេះ​ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​នេះ​ជិត ១០ ០០០ នាក់​ហើយ ដោយ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ​តែ​មួយ មាន​អ្នក​ឆ្លង​រហូត​ដល់ ៩ ៤២៦ នាក់​ឯណោះ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី ២៥ ខែ​មេសា​នេះ ក៏​បាន​ឱ្យ​ដឹង​ពី​អ្នក​ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ១៩០ នាក់​ផង​ដែរ ប៉ុន្តែ​មាន​អ្នក​ស្លាប់​ចំនួន ៣ នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ កើន​ឡើង​ដល់ ៧៤ នាក់ ក្នុង​រយៈពេល​ជាង ២ ខែ​នេះ។

អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ថ្មី​នេះ មាន​នៅ​រាជធានី​ភ្នំពេញ ៥៤៦ នាក់ ខេត្ត​កណ្ដាល ២៤ នាក់ ខេត្ត​ព្រះសីហនុ ២០ នាក់ ខេត្ត​ព្រៃវែង ៨ នាក់ ខេត្ត​តាកែវ ៧ នាក់ និង​ខេត្ត​មណ្ឌលគិរី ស្វាយរៀង កំពង់ឆ្នាំង កំពង់ធំ និង​ខេត្ត​កោះកុង មាន ០២ ករណី​ដូចៗ​គ្នា ខណៈ​ខេត្ត​កំពង់ស្ពឺ​មាន​ចំនួន ០១ ករណី។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៥ ខែ​ មេសា ឆ្នាំ ២០២១ នេះ ប្រទេស​កម្ពុជា មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ចំនួន ៩ ៩៧៥ នាក់ អ្នក​ជា​សះស្បើយ​ចំនួន ៣ ៤០០ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល ៦ ៤៩៥ នាក់ និង​អ្នក​ស្លាប់​ចំនួន ៧៤ នាក់។

ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​នៅ​រសៀល​ថ្ងៃ​នេះ​ដែរ​ថា កាល​ពី​ថ្ងៃទី ២៤ ខែ​មេសា មាន​ករណី​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន ០៣ នាក់ ក្នុង​នោះ​មាន​ស្រ្តី​ឣាយុ ៧៩ ឆ្នាំ បុរស​ឣាយុ ៥៧ ឆ្នាំ និង​ស្រ្តី​ឣាយុ ៦៥ ឆ្នាំ ដោយសារ​ជំងឺ​កូវីដ ១៩៕