ភ្នំពេញ៖ ថ្ងៃនេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​ ១៩ ចំនួន ៧២ នាក់​បន្ថែម​ទៀត ​ដែលក្នុងនោះ​មាន​តែ​អ្នកជំងឺ​ម្នាក់​គត់​ ជា​អ្នក​ដំណើរមក​ពីបរទេស ឯ​នៅសល់​ពីនោះ គឺជាអ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ ខណៈមាន​អ្នក​ជាសះ​ស្បើយ​ចំនួន​ ៤៧ ​នាក់។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​​ ចេញ​នៅ​ថ្ងៃ​ទី​ ៦​ ខែ​មេសា​នេះ បាន​ឱ្យ​ដឹងទៀតថា រាជ​ធានីភ្នំពេញនៅ​តែ​ជាតំបន់​ដែល​មាន​តួលេខ​អ្នក​​​ឆ្លង​ខ្ពស់​ជាងគេ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

​ថ្ងៃនេះ​សម្រាប់​នៅរាជ​ធានីភ្នំពេញ មានចំនួន​ ៣២ នាក់ បន្ទាប់​មក​គឺ​ខេត្ត​ព្រះសីហនុ ដែលមាន​ចំនួន​ ២២ នាក់ ខេត្ត​កណ្ដាល ​៩​ នាក់ ខេត្ត​ពោធិ៍​សាត់ ៣ នាក់ ខេត្ត​ស្វាយរៀង ៣ នាក់ ខេត្ត​ព្រៃវែងម្នាក់​ និង​ខេត្ត​កំពត​ចំនួន​ម្នាក់ផង​ដែរ។

រហូត​មក​ដល់​ពេល​នេះ​ ការ​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​​ ២០ កុម្ភៈ មាន​រយៈ​ពេល​ជាង​ ១ ខែហើយ ប៉ុន្តែ​ករណី​ឆ្លង​នៅ​តែមាន​ការ​កើនឡើង​ដដែល ខណៈ​ដែល​ចំនួន​អ្នក​ជាសះស្បើយ​ ក៏​មាន​ចំនួន​ច្រើន​ដែរ ដោយ​ក្នុងនោះ​​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការ​ណ៍​នេះ​ មាន​សរុប​ចំនួន​ ២ ២៩៣​ នាក់ ដែល​មាន​អ្នក​ព្យាបាល​ជាសះ​ស្បើយ​ចំនួន​ ១ ២៧៦ ​នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ០៦ ខែ​ មេសា ឆ្នាំ ​២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុសកូវី​ដ ១៩​ សរុប​ទូទាំង​ប្រទេស ​ចំនួន​ ២ ៨២៤ នាក់ អ្នក​ជាសះ​ស្បើយ​ចំនួន ១ ៧៩៤ នាក់អ្នក​កំពុង​សម្រាក​ព្យាបាលចំ​នួន ១ ០០៣ នាក់ និង​អ្នក​ស្លាប់​ចំនួន​ ២២ នាក់៕