ភ្នំពេញ៖ ក្រសួង​សុខាភិបាល នៅ​ថ្ងៃទី ១៥ ខែ ឧសភា នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៣៣៥ នាក់​បន្ថែមទៀត ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ៨៧៣ និង​ពុំមាន​អ្នកស្លាប់​ថ្មី​ដោយសារ​ជំងឺ​កូវីដ១៩​ឡើយ។

ក្រសួង​បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី ៣៣៥ នាក់​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍ ៣២៨ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ០៧ នាក់។

ក្រសួង​សុខាភិបាល​ឱ្យដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃនេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ចំនួន ២១ ៨៣៤ នាក់ អ្នកជា​សះស្បើយ​ចំនួន ១០ ៧៤០ នាក់ និង​អ្នកស្លាប់​ ដោយសារ​ជំងឺ​កាចសាហាវ​នេះ​ចំនួន ១៤៧ នាក់។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃទី ១០ ខែកុម្ភៈ ២០២១ ដល់​ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១ ពលរដ្ឋ​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូវីដ១៩ សរុប​ចំនួន ២ ១០៨ ៣១៣ នាក់។ ក្នុងនោះ​អ្នក​ចាក់​វ៉ាក់សាំង Sinopharm ចំនួន ៨៩៨ ០២១ នាក់ Sinovac ចំនួន ១ ០៤៩ ២៧២ និង​អ្នក​ចាក់​វ៉ាក់សាំង Covishield (AstraZeneca) មាន​ចំនួន ១៦១ ០២០ នាក់៕