ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ នេះ បាន​ប្រកាស​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី​រហូត​ដល់ ៣៤៤ នាក់ ដែល​ភាគ​ច្រើន​បំផុត​ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ខណៈ​អ្នក​ជំងឺ​ចំនួន​ ២៩ នាក់​បាន​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​មុន​នេះ​បន្តិច បាន​បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង ៣៤៤ នាក់ មាន ៥ នាក់ ជា​ករណី​នាំចូល​មក​ពី​ក្រៅ​ប្រទេស និង ៣៣៩ នាក់​ផ្សេង​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ ដែល​រួមមាន​រាជធានី​ភ្នំពេញ ២៤៣ នាក់, ព្រះសីហនុ ៦ នាក់, ស្វាយរៀង ៧១ នាក់, កណ្ដាល ៨ នាក់, ក្រចេះ ២ នាក់, សៀមរាប ១ នាក់, កោះកុង ៥ នាក់ និង​ខេត្ត​តាកែវ ៣ នាក់។

សម្រាប់​អ្នក​ជា​សះស្បើយ​ទាំង ២៩ នាក់​វិញ ក្នុង​នោះ​ម្នាក់​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ម្នាក់ និង ២៨ នាក់ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយ​ទទួល​លទ្ធផល​ធ្វើ​តេស្ត​អវិជ្ជមាន ២ លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ ប៉ុន្តែ​ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ ដើម្បី​តាមដាន​សុខភាព។

យោង​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ម៉ោង ៧ ព្រឹក ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២១ នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៥ ២១៨ នាក់ ក្នុង​នោះ​ករណី​សហគមន៍ ២០ កុម្ភៈ ចំនួន ៤ ៦៧៦ នាក់, អ្នក​ជា​សះស្បើយ​ចំនួន ២ ៣១៩ នាក់, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ២ ៨៥៨ នាក់, អ្នក​ស្លាប់​ចំនួន ៣៦ នាក់ និង​ស្លាប់​ដោយ​ជំងឺ​ផ្សេង ពេល​កំពុង​ព្យាបាល​កូវីដ ១៩ ចំនួន ៥ នាក់៕