The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ថ្ងៃ​ស្អែក ​ជា​ទិវា​សម្អាត​អនាម័យ​ពិភពលោក

ថ្ងៃ​ស្អែក ​ជា​ទិវា​សម្អាត​អនាម័យ​ពិភពលោក

Content image - Phnom Penh Post
ក្រុម​អ្នក​សម្អាត​ចុះ​ប្រមូល​សំរាម តាម​ប្រឡាយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ ២០១៤។ រូបថត ផាក់ ស៊ាងលី

ថ្ងៃ​ស្អែក ​ជា​ទិវា​សម្អាត​អនាម័យ​ពិភពលោក

ភ្នំពេញៈ ​នៅ​ថ្ងៃទី​ ១៥ ​ខែ​កញ្ញា​ស្អែក​នេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ២០ ​លាន​នាក់​ក្នុង​បណ្ដា​ប្រទេស ១៥០ លើ​ពិភពលោក​រួមទាំង​កម្ពុជា​ផង​ដែរ​នឹង​នាំគ្នា​រៀបចំ​ទិវា​សម្អាត​អនាម័យ​ពិភពលោក​ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ពិភពលោក​ស្អាត​» ខណៈ​ដែល​សំរាម​នៅ​តែ​ត្រូវ​បាន​គេ​បោះចោល​ពាសវាល​ពាសកាល​នៅ​តាម​ទីសាធារណៈ​នានា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​។

លោក​ នេត្រ ភត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សម្រាប់​ប្រទេស​កម្ពុជា ទិវា​នេះ​នឹង​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចុះ​ធ្វើ​សកម្មភាព​បោសសម្អាត​ និង​អនាម័យ នៅ​តាម​ទីធ្លា​សាធារណៈ ដើម្បី​លើក​កម្ពស់​បរិស្ថាន និង​សោភណភាព​ក្នុង​រាជធានី- ខេត្ត ទូទាំង​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​រឿង​បរិស្ថាន​គឺជា​រឿង​របស់​យើង​ទាំងអស់​គ្នា​ ដូច្នេះ​ចាំបាច់​គ្រប់​បណ្ដា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ត្រូវ​រួម​គ្នា​ការពារ អភិរក្ស និង​អភិវឌ្ឍ​ដោយ​សម្អាត​បរិស្ថានរ​បស់​យើង​ឲ្យ​បាន​ល្អ ពោល​គឺ​រួម​គ្នា​បញ្ឈប់​ការបំផ្លិច​បំផ្លាញ និង​បំពុល​បរិស្ថាន​តទៅ​ទៀត​»​។

បើ​តាម​លោក ភត្រា ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន គប្បី​ត្រូវ​សម្អាត​គេហដ្ឋាន និង ទីធ្លា​ជុំវិញ​ផ្ទះ​រួម​ទាំង​ដងផ្លូវ​សាធារណៈ និង​ទីកន្លែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ឲ្យ​បាន​ល្អ​ស្អាត​ដើម្បី​លើក​កម្ពស់​បរិស្ថាន​ និង​សោភណភាព​លំនៅឋាន​ និង​សហគមន៍​របស់​ពួកគេ​។ លោក​បញ្ជាក់​ថា​៖ «​បរិស្ថាន​ល្អ​ស្អាត​នាំឲ្យ​ការរស់នៅ​មាន​ផាសុកភាព​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវនាវ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់​ដឹកនាំ​សិស្សានុសិស្ស ចូលរួម​នៅ​ក្នុង​ទិវា​នេះ ដើម្បី​បោសសម្អាត​ និង​អនាម័យ​នៅក្នុង​ទីធ្លា​សាលារៀន និង​ទីសាធារណៈ​នានា​ឲ្យ​បាន​ស្អាត​ប្រកប​ដោយ​សុខភាព​។

លោក​ថ្លែង​ថា​៖ «​សូម​គ្រឹះស្ថានសិក្សា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា​សិស្ស​ចូលរួម​សម្អាត​បរិស្ថាន​​ដើម្បី​ឱ្យ​ពិភពលោក​កាន់តែ​ស្រស់ស្អាត និង​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក និង​គ្រប់គ្រង​កាកសំណល់​បាន​ត្រឹមត្រូវ​»​។

នៅ​រាជធានី​ភ្នំពេញ​មាន​សំរាម និង​កាកសំណល់​ផ្ទះបាយ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ជា​មធ្យម​ ២៧០០ តោន​ក្នុង​មួយ​ថ្ងៃ​ក្នុង​នោះ​កាកសំណល់​ថង់ និង​ជ័រប្លាស្ទិក​គ្រប់​ប្រភេទ​មាន​ចំនួន​ ១៨ ភាគរយ​នៃ​កាកសំណល់​ដែល​ប្រមូល​បាន​ពី​ទូទាំង​ ១២ ​ខណ្ឌ​ក្នុង​រាជធានី​។ នេះ​បើ​តាម​លោក កែវ ចាន់ណារិទ្ធ ប្រធាន​គណៈ​គ្រប់គ្រង​ទីលាន​ចាក់​សំរាម​ដង្កោ​កាលពី​ម្សិលមិញ​។

លោក​បន្ត​ថា​៖ «​ការប្រមូល​ និង​គ្រប់គ្រង​កាកសំណល់​ថង់ប្លាស្ទិក​គឺ​មិន​ងាយស្រួល​នោះ​ទេ​។ ថង់ប្លាស្ទិក​ងាយ​រសាត់​ទៅ​តាម​ខ្យល់ និង​បង្ក​ឲ្យ​ខូច​សោភណភាព និង​បរិស្ថាន​ក្នុង​ទីក្រុង​ដូចជា​បង្ក​ការកកស្ទះ​ប្រព័ន្ធ​លូទឹក​ធ្វើឲ្យ​មាន​ការ​លិចលង់​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ជាដើម​»​។

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​បរិស្ថាន​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បាន​ចេញ​សារាចរ​ណែនាំ​ដល់​គ្រប់​បណ្ដា​មន្ទីរ ស្ថាប័ន និង​អង្គភាព​រួម​ទាំង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​បញ្ឈប់​ការបោះចោល​សំរាម និង​កាកសំណល់​គ្រប់​ប្រភេទ​ពាសវាល​ពាសកាល ដោយ​ទាមទារ​ឲ្យ​មាន​ការ​បែងចែក និង​វេចខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។

មិន​តែ​ប៉ុណ្ណោះ​បាន​ដាក់​ចេញ​នូវ​ការផាកពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​ដល់​ជន​ទាំងឡាយ​ណា​ដែល​បន្ត​បោះចោល​សំរាម​ដោយ​ឥត​សណ្ដាប់ធ្នាប់​លើ​ទីសាធារណៈ​។

ជាមួយ​គ្នា​នេះ​ក្រសួង​បាន​តម្រូវ​ឲ្យ​គ្រប់​បណ្ដា​អាជីវករ​ក្នុង​ផ្សារ​ទំនើប​ទាំងអស់​ត្រូវ​បូក​បន្ថែម​តម្លៃ​ថង់ប្លាស្ទិក​ចំនួន​ ៤០០ រៀល​ក្នុង​មួយ​ថង់​លើ​ទំនិញ​ដែល​អតិថិជន​របស់​ខ្លួន​បាន​ទិញ និង​ទាមទារ​វេចខ្ចប់​ដោយ​ថង់ប្លាស្ទិក​នោះ​ផង​ដែរ​។

ទោះ​ជា​បែប​នេះ​ក្ដី ថង់ប្លាស្ទិក​នៅ​តែ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​នៅ​តាម​មាត់​ច្រាំងទន្លេ ស្ទឹង បឹង ព្រែក និង​តាម​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ក្នុង​រាជធានី-ខេត្ត និង​តាម​ដងផ្លូវ ឬ​សួនច្បារ​សាធារណៈ​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍