ភ្នំពេញៈ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ (CJCC) ​នឹង​រៀបចំ​ពិព័រណ៍​តាម​អនឡាញ​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២៤ ​ដល់​ថ្ងៃ​ ២៥ តុលា ស្តីពី​ការសិក្សា​នៅ​ជប៉ុន​តាម​អនឡាញ​ដើម្បី​ផ្តល់ព័ត៌មាន​ជុំវិញ​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​ឧត្តមសិក្សា និង​ក្រោយ​ឧត្តមសិក្សា​នៅ​ជប៉ុន​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន CJCC បានឱ្យ​ដឹងថា សិស្ស និស្សិត សាធារណជន និង​អាណាព្យាបាល​ដែលមាន​ចំណាប់​អារម្មណ៍​ចង់​បន្ត​ការសិក្សា ឬ​​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​ប្រទេស​​ជប៉ុន​អាច​ចូលរួម​ពិព័រណ៍​នេះ​ដោយ​សេរី និង​មិន​គិតថ្លៃ​តាមរយៈ​ Zoom ​ឬ​ទស្សនា​ការផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​។ ​ពិព័រណ៍​នេះ​នឹង​ផ្តល់​ឱកាស​ឱ្យ​អ្នក​ចូលរួមបាន​ជួប​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​តំណាង​មកពី​សាកលវិទ្យាល័យ​ល្បីៗ​​នៅ​ជប៉ុន និង​តំណាង​មកពី​ស្ថាប័ន​ផ្សេងៗ​ផងដែរ​។

CJCC ​បញ្ជាក់ថា​ «​ពិព័រណ៍​នេះ​​មាន​ការចូលរួម​ពី​សាកល​វិទ្យាល័យ​ល្បីៗ​នៅ​ជប៉ុន និង​ស្ថាប័ន​ផ្សេងៗ​ដូចជា ការិយាល័យ​ផ្តល់​ព័ត៌មាន​ពី​ការសិក្សា​នៅ​ជប៉ុន​ប្រចាំ​តំបន់​អាស៊ាន​។ ​សាកល​វិទ្យាល័យ​អន្តរជាតិ​តូក្យូ និង​សាកលវិទ្យាល័យ​ក្យូតូ​ព្រមទាំង​សាកលវិទ្យាល័យ​អាស៊ី​ប៉ាស៊ីហ្វិករីហ្ស៊ឹមេកាំង​។ ​ក្នុង​នោះ​ក៏មាន​​សាកលវិទ្យាល័យ​គុម៉ាម៉ុតុ និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​»​។

ពិព័រណ៍​ស្តី​ការសិក្សា​នៅ​ជប៉ុន​នេះ​ចាប់ផ្តើម​បង្កើតឡើង តាំងពី​ឆ្នាំ​ ២០០៨ ដោយ​ CJCC ក្រោម​ការគាំទ្រ​ពី​ក្រសួង​អប់រំ និង​ស្ថាប័ន​អប់រំ​មួយចំនួន​ទៀត​។

កញ្ញា ឃុន វត្តីស្រីល័ក្ខណ៍ អនុប្រធាន​ផ្នែក​ផ្លាស់ប្តូរ​វប្បធម៌​ និង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ២១ តុលា ថា សាលារៀន​ដែល​មក​ធ្វើ​បទបង្ហាញ​គឺ​មាន​ទាំង​សាលា​ដែល​ត្រូវ​បង់ថ្លៃ​សិក្សា​ ឬ​ក៏​ទទួល​បាន​អាហារូបករណ៍ អាស្រ័យ​លើ​លក្ខខណ្ឌ​សាលា​ទៅតាម​សមត្ថភាព​សិស្ស​និស្សិត​។

កញ្ញា​បន្តថា​៖ «​ពិព័រណ៍​នេះ​គឺជា​កម្មវិធីសិក្សា​មួយ​នៅ​ជប៉ុន ដែល​ជំរុញ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​។ វា​ក៏​បង្ហាញ​ពី​ព័ត៌មាន ឬក៏​អាហារូបករណ៍​ដែល​ផ្តល់​ដល់​ពលរដ្ឋ​កម្ពុជា​បាន​បន្ត​ការសិក្សា​នៅ​​ប្រទេស​ជប៉ុន​ផងដែរ​នូវ​ព័ត៌មាន និង​អាហារូបករណ៍​ផ្តល់​ដល់​ប្រជាជន​កម្ពុជា​»​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃទី​ ២១ តុលា​ថា នេះ​គឺជា​កិច្ចសហការ​ដ៏ល្អ​មួយ​ដែល​កម្ពុជា​បាន​បញ្ជូន​សិស្ស និស្សិត ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ជា​រៀងរាលឆ្នាំ​។ លោក​បន្តថា នេះ​ក៏​បង្ហា​ញ្ឱ្យ​ឃើញ​ពី​ការចូលរួម​លើកកម្ពស់​គុណភាព​នៃ​ការអប់រំ​នៅ​កម្ពុជា​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​ស្វាគមន៍​រាល់​កិច្ចសហការ​គ្រប់ភាគី ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន​នេះ​ជាច្រើន​ឆ្នាំ​ហើយ ដែល​ទិដ្ឋភាព​នៃ​ការតាំងពិព័រណ៍​នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ផ្តោត​ទៅ​លើ​វិស័យ​អប់រំ​កម្រិត​ឧត្តមសិក្សា ដើម្បី​ចូលរួម​លើកកម្ពស់​គុណភាព​មូលធន​មនុស្ស​នៅ​កម្ពុជា​។ វា​ជា​ចលករ​មួយ​ក្នុង​​ការលើកកម្ពស់​សេដ្ឋកិច្ច​បែប​ឌីជីថល​តាមរយៈ​ការអប់រំ​ដោយ​ឌីជីថល​»​។

បើ​តាម​លោក រស់ សុវាចា តាំងពី​ឆ្នាំ​ ១៩៨០ មកទល់​ឆ្នាំ​ ២០១៩ តាមរយៈ​កម្មវិធី​ក្រសួង​អប់រំ​បាន​​បញ្ជូន​និស្សិត​ខ្មែរ​ទៅ​ជប៉ុន បន្ត​ការសិក្សា​ប្រមាណ ១ ២៥៨ ​នាក់ ខណៈ​ក្នុង​ឆ្នាំ ២០១៩ មាន​និស្សិត​ជិត ៦០ ​នាក់​ បាន​ទៅ​បន្ត​ការសិក្សា​នៅ​ទីនោះ​៕