
ភ្នំពេញៈ អ្នករស់នៅរាជធានីភ្នំពេញក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ នឹងត្រូវរៀបចំទុកដាក់សំរាមដោយខ្លួនឯង ដោយសារថា ក្រុមកម្មកររបស់ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ត្រូវឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។
សាលារាជធានីភ្នំពេញបាន ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃសុក្រថា សេវាប្រមូលសំរាម នឹងចាប់ផ្អាកពីថ្ងៃទី១២ ដល់ថ្ងៃ ទី១៨ ខែមេសា ដើម្បីឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំខែ្មរ។
យោងតាមសេចក្តីជូន ដំណឹងនេះឲ្យដឹងដែរថា អាជ្ញាធរសូមធ្វើការណែនាំប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ សូមមេត្តាទុកដាក់សំរាមក្នុងស្បោងទុកក្នុងផ្ទះរៀងៗខ្លួន ដើម្បី«កុំឲ្យប៉ះពាល់ដល់ភាពស្អាតស្អំ និងសោភ័ណភាពរបស់ទីក្រុង។
លោក សេង ចំរើន អនុប្រធានក្រុមហ៊ុនស៊ីនទ្រី បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា កម្លាំងបម្រើការងារប្រមូលសំរាមរបស់ក្រុមហ៊ុននឹងត្រូវកាត់ បន្ថយពី៦០ទៅ៧០ភាគរយខណៈដែលកម្មករឈប់សម្រាកដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
លោក សេង ចំរើន បានមានប្រសាសន៍បន្តថា៖ «ក្នុងអំឡុងពេលនោះ យើងនឹងនៅតែប្រមូលសំរាមនៅកន្លែងសំខាន់ៗដូចជា នៅតាមមហាវិថី រុក្ខវិថី ផ្សារធំៗ និងតំបន់ទីប្រជុំជន»។
អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការអត់ធ្មត់ និងគោរពតាមការណែនាំរបស់អាជ្ញាធររាជធានី។
តាមលោក ឡុង ឌីម៉ង់ ពលរដ្ឋម្នាក់ៗ ក្នុងចំណោមពលរដ្ឋ២លានកន្លះនៅរាជធានីភ្នំពេញ បង្កើតបរិមាណសំរាមប្រមាណ១គ.ក្រ ក្នុងមួយថ្ងៃ សរុបទៅ២.៥០០តោន។
សំរាម ទាំងអស់នេះ ត្រូវប្រមូលដោយរថយន្តរបស់ក្រុមហ៊ុនស៊ីនទ្រី ដើម្បីយកទៅចាក់ចោលនៅកន្លែងមួយចម្ងាយ១៦គីឡូម៉ែត្រ នៅខាងក្រៅក្រុង។
អ្នកភ្នំពេញម្នាក់ឈ្មោះ ហ៊ាង វុទ្ធា អាយុ ២៧ឆ្នាំ រស់នៅខណ្ឌឫស្សីកែវ ថាគាត់ ស៊ាំនឹងបញ្ហានេះរាល់ឆ្នាំទៅហើយ។ លោក វុទ្ធាបន្តថា៖«វាមានបញ្ហាក្នុងរយៈពេលខ្លីតែប៉ុណ្ណោះសម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ យើងទុកសំរាមរបស់យើង ហើយអ្នកប្រមូលសំរាមនឹងមកប្រមូលវា នៅពេលពួកគេ ចូលធ្វើការវិញ។ សំណាងដែរដែលអ្នកភ្នំពេញភាគច្រើន នាំគ្នាទៅជួបជុំគ្រួសារនៅតាមខេត្តដូច្នេះបញ្ហានេះកើតមាន ក្នុងរយៈពេលខ្លីប៉ុណ្ណោះ»៕ NR
រាយការណ៍បន្ថែមដោយ DANSON CHEONG