ភ្នំពេញៈ ថ្ងៃនេះ មនុស្ស​ចំនួន​ ១០៥​ នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​ ​វិជ្ជមាន​វីរុសកូវីដ​ ១៩​ ដែល​ក្នុង​នោះ​មាន​ ១០៤​ នាក់​ ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការ​ណ៍​សហគមន៍​ ២០ កុម្ភៈ ខណៈ​មាន​អ្នក​ជាសះ​ស្បើយ​តែចំនួន​ ៤ នាក់​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​ ៣០ ខែ​ មីនា ឆ្នាំ ​២០២១​ នេះ។

របាយ​ការណ៍​បន្ត​ថា អ្នក​​វិជ្ជមាន​វីរុសកូវីដ ១៩​​​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​នេះ មាន​នៅរាជ​ធានី​ភ្នំពេញ​ចំនួន ៤៥​ នាក់​ ខេត្ត​ព្រះសីហនុ​ចំនួន​ ៣៤ ​នាក់ ខេត្ត​ស្វាយ​រៀង​ចំនួន​ ២០ ​នាក់ ខេត្ត​កំពង់​ចាម ​២​ នាក់ ខេត្ត​ព្រៃវែង ១ នាក់ ខេត្ត​ត្បូង​ឃ្មុំ ១ នាក់ និង​ខេត្ត​តាកែវ​ចំនួន​ ១ ​នាក់។

​ចំនួន​អ្នក​ឆ្លង​កូវីដ​សរុប​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០ កុម្ភៈ មក​ដល់​ថ្ងៃ​ទី​ ២៩ ខែ មីនា ឆ្នាំ​ ២០២១​ ​បាន​កើនឡើង​ដល់​ចំនួន ​១ ៨៥១​ នាក់ ដែល​ក្នុង​នោះ​ អ្នក​ដែល​បាន​ព្យាបាល​ជាសះ​ស្បើយ​ចំនួន​ ៦៦២ នាក់ ក្នុង​រយៈ​ពេល​ជាង ​១ ខែ​មក​នេះ។

គិត​ត្រឹម​ព្រឹក ថ្ងៃទី​ ៣០ ខែ មីនា ឆ្នាំ ២០២១ ​នេះ​ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩​ សរុប​ចំនួន ២ ៣៧៧ នាក់ អ្នក​​ត្រូវ​បាន​ព្យា​បាល​ជាសះ​ស្បើយ​ចំនួន​ ១ ១៧៦ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាលចំនួន​ ១ ១៨៦ នាក់ និង​អ្នក​ស្លាប់​ចំនួន​ ១១​ នាក់៕