ពោធិ៍សាត់ៈ រដ្ឋបាលខេត្ត​ពោធិ៍សាត់​ប្រាប់​ឱ្យ​ឃុំ​ចំនួន​ ៥ នៃ​ស្រុក​វាលវែង ចេញ​លិខិត​បដិសេធ និង​មោឃភាព​លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី លិខិត​ស្នើសុំ​កាន់កាប់​អចលនទ្រព្យ​មិនទាន់​ចុះបញ្ជី​ និង​លិខិត​បញ្ជាក់​កម្មសិទ្ធិ​ដី​ផ្សេងៗ​ទាំងអស់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ដែល​ធ្លាប់​បាន​ចុះហត្ថលេខា​នាពេល​កន្លង​មក​នេះ​។

លោក​ ប៉ាន់ មរកត ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​ពោធិ៍សាត់​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ចំពោះ​ករណី​នេះ​រដ្ឋបាល​ខេត្ត​បានឱ្យ​មេឃុំ​ទាំង​ ៥ គឺ​ឃុំ​ក្រពើ​ពីរ ឃុំ​ប្រមោយ ឃុំ​អូរសោម ឃុំ​ថ្មដា និង​ឃុំ​អន្លង់រាប ចេញ​លិខិត​បដិសេធ​រាល់​លិខិត​ដែល​បញ្ជាក់ ការកាន់កាប់​ដីធ្លី​នេះ​ជា​យូរណាស់​មកហើយ​។ ប៉ុន្តែ​ខេត្ត​មិនទាន់​ទទួល​បាន​លិខិត​ពី​គ្រប់​ឃុំ​នៅឡើយ​ទេ ទើបតែ​ទទួលបាន​ ២ ​ឃុំ​គឺ​ឃុំ​ថ្មដា និង​ឃុំ​អន្លង់រាប​។

លោក​បន្តថា​ករណី​ទន្ទ្រាន​ដី​នេះ​ក៏​ប៉ះពាល់​ទៅនឹង​តំបន់​ការពារ​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ផងដែរ ហើយ​បាន​កើតឡើង​តាំងពី​យូរ​មកហើយ ពោលគឺ​កើតឡើង​តាំងពី​មេឃុំ​មុន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ណែនាំ​គាត់​ឱ្យចេញ​លិខិត​បដិសេធ​នូវ​អ្វីដែល​បានបញ្ជាក់​លើ​លិខិត​អ្វីៗ​ទាំងអស់ ហើយ​ពេលនេះ​ទើប​ឃើញ​គាត់​ចេញ​លិខិត​មក​។ កន្លងមកនេះ​មាន​ការចេញ​លិខិត​ទិញ​លក់​ដីធ្លី ដោយ​ខុសច្បាប់​ពី​ពលរដ្ឋ​ម្នាក់​ទៅ​ពលរដ្ឋ​ម្នាក់ទៀត​ និង​ពី​ឈ្មួញ​ផ្សេងៗ​ទៀត​»​។

បើ​តាម​ប្រធាន​មន្ទីរ​ដដែល​ក្រៅពី​ធ្វើលិខិត​ព្រមាន​លើ​ការទន្ទ្រាន​ដី​ហើយ ជាមួយ​គ្នា​នេះ​ខេត្ត​ក៏បាន​ចេញ​លិខិត​កុំឱ្យ​មាន​ការលក់​ទិញ​លើដី​ហ្នឹង​ទៀត វា​ខុសច្បាប់​។ កន្លងមក​ក៏មាន​ខាង​តុលាការ​ហៅ​មេឃុំ​ទៅ​សួរនាំ​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ការចេញ​លិខិត​ខុស​ពី​នីតិវិធី​ច្បាប់​។ ករណី​នេះ​បាន​កើត​លើដី​ធ្លី​ជាច្រើន​ទីតាំង​ក្នុង​មូលដ្ឋាន​ឃុំ​ទាំង​ ៥ ដោយ​មិនអាច​បរិយាយ​បាន​នោះទេ​។

លោក​ថា​៖ «​ការកាន់កាប់​ដី​ដោយ​ខុសច្បាប់​នេះ​ក៏​មាន​ការប៉ះពាល់​ចំពោះ​ដីព្រៃ​អភិរក្ស​ជាច្រើន​ទីតាំង​ផងដែរ ស្រប​ពេល​ដែល​យើង​កំពុងតែ​ធ្វើ​នីតិវិធី​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ស្រប​តាម​បទបញ្ជា​របស់​សម្តេច​តេជោ​ ហ៊ុន សែន​។ ប៉ុន្តែ​មាន​ចំនួន​ប៉ុន្មាន​មិនទាន់​ដឹង​នោះទេ ដូច្នេះ​ហើយ​យើង​បាន​ឱ្យ​គាត់​ចេញ​លិខិត​បដិសេធ​នេះ​។ ព្រោះ​កន្លងមកនេះ មាន​ជនខិលខូច​ស្នើសុំ​លិខិត​បញ្ជាក់​កាន់កាប់​ដីធ្លី​នេះ​ដោយ​ខុសច្បាប់​»​។

នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​លោក​ ផាន់ សុភារីន ឱ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​រដ្ឋបាលខេត្ត​បញ្ជា​ឱ្យ​ឃុំ​ទាំង​ ៥ នៃ​ស្រុក​វាលវែង​ចេញ​លិខិត​បដិសេធ និង​មោឃភាព​លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​មាន​តែ​ឃុំ​ ២ ​ប៉ុណ្ណោះ​ដែល​បានចេញ​រួច​ហើយ គឺ ឃុំ​ថ្មដា និង​ឃុំ​អន្លង់រាប​។ ប៉ុន្តែ​សម្រាប់​ឃុំ​ ៣ ​ទៀត​គឺ ឃុំ​ក្រពើ​ពីរ ឃុំ​ប្រមោយ និង​ឃុំ​អូរសោម មិនទាន់​ឃើញ​ចេញ​នោះទេ​។

ករណី​មេឃុំ​ខាងលើ​បើ​តាម​លោក​ ផាន់ សុភារីន គឺ​មេឃុំ​ទាំង​ ៥ ​នេះ​បាន​ចុះហត្ថលេខា​លើ​លិខិត​ទិញ​លក់​ដីធ្លី និង​កាន់កាប់​ដីធ្លី​នៅក្នុង​តំបន់​ការពារ​បរិស្ថាន​។ នៅពេល​ដែល​មន្ត្រី​បរិស្ថាន​ចុះទៅ​ហាមឃាត់​ពលរដ្ឋ​បាន​យក​លិខិត​មក​សម្អាង​ដែលមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ ឃុំ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិនដឹងថា មូលហេតុ​អ្វី​បាន​ជា​ពួកគាត់​នាំគ្នា​ចុះហត្ថលេខា​លើ​ការកាន់កាប់​ដីធ្លី​នេះ​ទេ​។ តាមពិត​គាត់​ [​មេឃុំ​] មិនអាច​ស៊ី​ញ៉េ​ឱ្យ​មានការ​កាន់កាប់​ដី​រដ្ឋ​នោះទេ​។ ខ្ញុំ​បាន​ចុះទៅ បង្ក្រាប​ប៉ុន្តែ​ពួកគាត់​ [​អ្នក​ទន្ទ្រាន​ដី​] ​ថា​ហេតុ​អ្វីមួយ​ទទួលស្គាល់ និង​មួយទៀត​មិន​ទទួលស្គាល់ ខណៈ​ជា​ស្ថាប័នរដ្ឋ​ដូចគ្នា​។ គាត់​បាន​បង្ហោះ​ហ្វេសប៊ុក​រិះគន់​យើង​ថា​មួយ​ស៊ីញេ​ទទួលស្គាល់ មួយទៀត​មិន​ទទួលស្គាល់ ធ្វើបាប​តែ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ជាដើម​»​។

លោក​ថា ពលរដ្ឋ​ដែល​ទៅ​ទិញ​លក់ ឬ​ចូលទៅ​កាន់កាប់​ដីព្រៃ និង​តំបន់​ការពារ​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​មាន​គ្រប់​រូបភាព ដោយ​មាន​ទាំង​អ្នករស់នៅ​ក្នុង​មូលដ្ឋាន និង​ភាគច្រើន​មកពី​ខេត្ត​ផ្សេងៗ​ទៀត​។ ជាពិសេស អ្នក​ដែល​មាន​ធនធាន​ច្រើន​ជួល​ពលរដ្ឋ​ឱ្យ​កាប់ឆ្ការ និង​ដាំ​ដើមឈើ ហូប​ផ្លែ​ផ្សេងៗ​ក្នុង​តំបន់​នេះ​ដើម្បី​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់​។

ជុំវិញ​បទបញ្ជា​នេះ​លោក អ៊ុំ សេង មេឃុំ​អន្លង់រាប ឱ្យ​ដឹងថា លោក​បាន​បញ្ជូន​លិខិត​ទៅ​ថ្នាក់​ខេត្ត​រួចរាល់​ហើយ​ចាប់តាំងពី​រដ្ឋបាលខេត្ត​បញ្ជូន​លិខិត​ឱ្យធ្វើ​កន្លងមកនេះ​។ បើតាម​ការអះអាង​របស់​មេឃុំ​រូបនេះ គឺ​ប្រជាពលរដ្ឋ​បានរស់នៅ​ទីនោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ក្រោយមក​ខេត្ត​ក៏បាន​ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​មានការ​ទន្ទ្រាន និង​កាន់កាប់​ដី ព្រមទាំង​រុះរើ​ទៀតផង ព្រោះ​តំបន់​នោះ​ខាង​ខេត្ត​ទុក​ធ្វើជា​តំបន់​ទេសចរណ៍​។

លោក​ថ្លែងថា​៖ «​បើសិន​ពលរដ្ឋ​តវ៉ា គឺ​ទៅ​តវ៉ា​នៅ​ខាង​ខេត្ត សម្រាប់​ខ្ញុំ​មិនដែល​ដឹង​ទេ ព្រោះ​ខ្ញុំ​ខ្លាច​ដែរ ហើយ​អ្វីដែល​ខ្ញុំ​ធ្វើ គឺ​ធ្វើ​ទៅតាម​សេចក្តី​ជូន​ដំណឹង​របស់​ខេត្ត ហើយ​កាលពី​ព្រឹក​មិញ​អភិបាលខេត្ត ម៉ៅ ធនិន ក៏បាន​មកជួប​ពលរដ្ឋ​នៅ​ខាង​ឃុំ​ប្រមោយ ដើម្បី​ដោះស្រាយ​បញ្ហាដីធ្លី ប៉ុន្តែ​ខ្ញុំ​អត់​បាន​ចូលរួម​ទេ​»​។

នៅពេល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​ម្សិលមិញ អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។

លោកស្រី​ មិត្ត សាមួន អ្នកសម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​ (​លីកាដូ​) ​ប្រចាំខេត្ត​ពោធិ៍សាត់​ប្រាប់​ថា​មិន​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ជុំវិញ​បទបញ្ជា​របស់​ខេត្ត​ទៅ​មេឃុំ​ទាំង​នោះទេ​។ លោកស្រី​គ្រាន់តែ​ដឹងថា កន្លងមក​នេះ​មាន​ការឃាត់ខ្លួន​អ្នក​ដែល​ទន្ទ្រាន​ដី​រដ្ឋ​យក​មក​ធ្វើជា​កម្មសិទ្ធិ បញ្ជូន​ទៅ​តុលាការខេត្ត​។

លោកស្រី សាមួន ថ្លែងថា​៖ «​ខ្ញុំ​គ្រាន់តែ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ មាន​ការចាប់ និង​ឃាត់ខ្លួន​អ្នក​ដែល​ចូល​ទៅ​កាន់កាប់​ដីធ្លី​នៅ​ទីនោះ មក​ពន្ធនាគារ​ច្រើន ប៉ុន្តែ​ខ្ញុំ​មិនដឹង​ច្បាស់​ថា តើ​ពួកគាត់​ចូល​ទៅ​កាន់​កាប់​ទន្ទ្រាន​ដី​យ៉ាងម៉េច​នោះទេ​»៕