ភ្នំពេញៈ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា​ក្នុង​ពិធី​ប្រារព្ធ​ខួប​ ៤១ ​ឆ្នាំ​ នៃ​ថ្ងៃកំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ពី​ម្សិលមិញ​បាន​ចាត់ទុក រណសិរ្ស ២ ​ធ្នូ​ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​នៃ​ការរៀបចំ​កម្លាំង ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​បាន​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​រស់រាន​មាន​ជីវិត​ឡើងវិញ​ និង​បាន​បង្កើត​នូវ​សមិទ្ធផល​ធំៗ​សម្រាប់​សង្គមជាតិ​។

ពិធី​អបអរសាទរ​ខួប​ ៤១ ​ឆ្នាំ​ ថ្ងៃកំណើត​ «​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​» ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា «​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​»​ត្រូវ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​ ២ ខែ​ ធ្នូ ឆ្នាំ​ ២០១៩ ​នៅ​សាលសន្និសីទ​ចតុមុខ​ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ដែល​ជា​ប្រធាន​ចលនា​ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ​និង​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ពី​ក្រសួង និង​ស្ថាប័ន​រាប់រយ​នាក់​។

ថ្ងៃទី​ ២ ​ធ្នូ ១៩៧៨ ជា​ថ្ងៃ​ដែល​ឥស្សរជន​ខ្មែរ និង​អ្នក​ស្នេហាជាតិ​ជាច្រើនរូប ដែល​ដឹកនាំ​ដោយ​លោក​ ហេង សំរិន លោក​ ជា ស៊ីម និង​លោក​ ហ៊ុន សែន ក្រោម​ការជួយជ្រោមជ្រែង​ដោយ​កងទ័ព​វៀតណាម​បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​ធ្វើ​ចលនា​តស៊ូ​វាយ​ផ្តួលរំលំ​របប​វាលពិឃាត​កម្ពុជា​ប្រជាធិបតេយ្យ​របស់​បន​ប្រល័យពូជសាសន៍​ប៉ុលពត​។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​ ៤១ ​ឆ្នាំ​ នាឱកាស​នោះ លោក​ ហេង សំរិន ថ្លែង​ថា​ក្នុង​រយៈពេល ៤១ ​ឆ្នាំ​កន្លង​មក​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាជន​គ្រប់រូប​បានរួម​រស់​ជាមួយគ្នា​ក្នុង​ជួរ​រណសិរ្ស​ពុះពារ​ឆ្លងកាត់​ឧបសគ្គ​តូចធំ​ទាំងឡាយ​យ៉ាង​អង់អាច​ក្លាហាន​បំផុត​។ ស្មារតី​ ២ ​ធ្នូ ស្មារតី​ ៧ ​មករា​បាន​ចារឹក​ជាប់​ក្នុង​មនសិការ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ និង​បានប្រែក្លាយ​ទៅ​ជា​កម្លាំង​យ៉ាង​ធំធេង​ក្នុង​ការបង្កើត​ឡើង​នូវ​សមិទ្ធផល​ធំៗ​របស់​សង្គមជាតិ​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​បាន​រស់នៅ​យ៉ាង​សុខដុមរមនា​ក្នុង​សន្ដិភាព សេរីភាព និង​សន្ដិសុខ​ដ៏ប្រសើរ ហើយ​កំពុង​តែ​រួម​សាមគ្គី​គ្នា​ឈាន​ទៅ​មុខ​លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន​កន្លងមក​។ ជាពិសេស​ជោគជ័យ​លើ​គ្រប់​វិស័យ​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​បាន​ពង្រឹង​ថែមទៀត​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​បន្ដ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​»​។

លោក​បន្តថា​៖ «​ជោគជ័យ និង​ក្ដីសប្បាយ​រីករាយ​ដែល​យើង​ទទួល​បាន​នៅ​ថ្ងៃ​នេះ គឺ​មាន​ប្រភព​ចេញពី​ថ្ងៃ​ ២ ធ្នូ និង​ជ័យជម្នះ​ ៧ ​មករា​ដ៏​រុងរឿង​ដែល​បាន​បំភ្លឺ​បង្ហាញ​ផ្លូវ​យើង​ជានិច្ច​ជាង​ ៤ ​ទសវត្សរ៍​កន្លងមក​។ បច្ចុប្បន្ន​យើង​អាច​មើលឃើញ​ផ្ទាល់​ភ្នែក​នូវ​សមិទ្ធផល​លើ​គ្រប់​វិស័យ​ដ៏ច្រើន​សេ្អកស្កះ​នៅ​គ្រប់ទិសទី​ដែល​កើតចេញ​ពី​ការប្រឹងប្រែង​របស់​យើង​ទាំងអស់​គ្នា​នេះឯង​»​។

លោក​ឲ្យ​ដឹង​ដែរ​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​លុបបំបាត់​នូវ​ស្នាម​បែកបាក់​ប្រេះឆា​ក្នុង​សង្គមជាតិ និង​បាន​ធ្វើឱ្យ​ធ្លុង​មហាសាមគ្គី​ជាតិ​កាន់តែ​រឹងមាំ​ឡើង ហើយ​បាន​ស្ថាបនា​ប្រទេស​កម្ពុជា​ប្រកប​ដោយ​វឌ្ឍនភាព ដែល​ប្រជាជន​កម្ពុជា​បាន​រស់នៅ​យ៉ាង​សម្បូរណ៍​សប្បាយ​ក្នុង​សន្ដិភាព សេរីភាព យុត្ដិធម៌ និង​ភាពថ្លៃថ្នូរ​ជា​រៀងរហូត​តទៅ​នៅលើ​មាតុភូមិ​របស់ខ្លួន​។

លោក​ ហេង សំរិន អះអាង​ថា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ពង្រឹង​សមត្ថភាព និង​អភិបាលកិច្ច​នៃ​សា្ថប័នរដ្ឋ​ទាំង​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ​សំដៅ​បម្រើ​ប្រជាជន​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​ក៏ដូចជា​ការលើក​កម្ពស់​បរិយាកាស​ធុរកិច្ច និង បរិស្ថាន​អំណោយផល​សម្រាប់​វិនិយោគ​។

ជាមួយ​នេះ​ដែរ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​ ២ ខែធ្នូ ឆ្នាំ​ ២០១៩ ​ក៏បាន​ផ្ញើ​សារ​អបអរសាទរ​ខួប​ ៤១ ​ឆ្នាំ​នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​ផងដែរ​។

លោក​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​មាន​សម្តេច​អគ្គមហាពញាចក្រី​ ហេង សំរិន សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ​ជាច្រើន​រូប​ទៀត​ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុលពត និង ទទួល​បាន​ជ័យជម្នះ​លើ​របប​នេះ​នៅ​ថ្ងៃទី​ ៧ មករា ឆ្នាំ​ ១៩៧៩»​។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក​ ទៀ បាញ់ ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ការប្រារព្ធ​ពិធី​នោះ​ថា​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​នេះ​គឺជា​ការ​រំឭក​ដ៏សំខាន់​ដល់​ថ្ងៃ​ចាប់ផ្ដើម​បង្កើត​ចលនា​វាយ​ផ្តួលរំលំ​កងទ័ព​ខ្មែរក្រហម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ដឹង​ស្រាប់​ហើយ​ថា ចលនា​ ២ ​ធ្នូ​ ហ្នឹង​គឺជា​ការចាប់ផ្តើម​រៀបចំ​អង្គការ​នយោបាយ​មួយ​ និង​ចលនា​តស៊ូ​ដ៏សំខាន់​ និង​ធំធេង​បំផុត​ដែល​ឈាន​ទៅ​ដល់​ទទួល​បាន​ជោគជ័យ និង​កើតឡើង​ថ្ងៃ​ ៧ មករា ​ដែល​ជា​ថ្ងៃ​កម្ពុជា​បាន​រស់ឡើង​វិញ​។ យើង​បាន​សុខសន្តិភាព​ពេញលេញ​ដោយសារ​នយោបាយ​ឈ្នះៗ​ជា​រៀងរាល់​ឆ្នាំ​យើង​ត្រូវតែ​រំឭក​ ២ ​ធ្នូ ដោយសារ​តែ​វា​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​»​។

លោក ​សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ចាត់ទុក​ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​ដ៏សំខាន់​ដែលមាន​កម្លាំង​ប្រជាជន​កម្ពុជា​ និង​កម្លាំង​ពី​ប្រទេស​វៀតណាម ប្រយុទ្ធប្រឆាំង​តទល់ និង​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

លោក​ថ្លែងថា​៖ «​យើង​ទាំងអស់​គ្នា​បានទទួល​នូវ​ភាពជូរចត់​ដូច​រូបខ្ញុំ​បាន​ព្រាត់​មនុស្ស​ ២០ ​នាក់ ក្នុង​គ្រួសារ​របស់ខ្ញុំ ហើយ​ប្រសិន​បើ​របប​នោះ​បន្ត​ទៅ​ទៀត វា​អាច​នឹង​បាត់បង់​រូបខ្ញុំ​ដែរ​។ សំណាង​ណាស់​ដែល​ខ្ញុំ​នៅ​មាន​ជីវិត និង​បន្ត​ជីវភាព​មក​ទល់​ថ្ងៃនេះ​បាន​។ យើង​បាន​ជួបប្រទះ​ការ​បោសសម្អាត​ការសម្លាប់​ដ៏​ព្រៃផ្សៃ​។ ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ យើង​បាន​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ណាស់ ដោយសារ​តែមាន​ការសម្លាប់​មនុស្ស និង​ការចោទប្រកាន់​ថា​មាន​ទំនាក់ទំនង​ជាមួយ​បរទេស​គឺ​វៀតណាម​ដែល​បាន​បណ្តាល​ឲ្យ​កើត​ជា​វិបត្តិ​។ នៅពេល​ដែល​យើង គ្មាន​ជម្រើស និង​ប្រទេស​ជួប​ការលំបាក​ដ៏ធ្ងន់ធ្ងរ យើង​ត្រូវការ​អ្នក​ជួយ​យើង​»៕