ភ្នំពេញៈ ថ្នាក់ដឹកនាំ​កម្ពុជា​​អ្នកនយោបាយ​ប្រឆាំង និង​អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​បាន​ចេញ​សារ​មាន​ខ្លឹមសារ​ផ្សេងៗ​គ្នា​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើតឡើង​ដោយសារ​ឥទ្ធិពល​នៃ​វិបត្តិ​កូវីដ​១៩ និង​សមិទ្ធផល​ដែល​សម្រេច​បាន​នៅក្នុង​ឆ្នាំ​ចាស់ ព្រមទាំង​បង្ហាញ​​ការប្ដេជ្ញា​បន្ត​បំពេញ​នៅក្នុង​ឆ្នាំ ២០២១ បន្ថែម​ទៀត​។

នៅក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី​លោក ហេង សំរិន ប្រធានរដ្ឋសភា​បានលើកឡើង​ថា ឆ្នាំ​ ២០២០ គឺជា​ឆ្នាំ​មួយ​ដែល​សកលលោក​ទាំងមូល​រួមទាំង​កម្ពុជា​ផង​ទទួលរង​នូវ​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​បណ្ដាល​មកពី​ជំងឺ​រាតត្បាត​កូវីដ​១៩ មកលើ​សេដ្ឋកិច្ច​សង្គម​។ ប៉ុន្តែ​កម្ពុជា​បាន​គ្រប់គ្រង​វិបត្តិ​នេះ​បានល្អ​ប្រសើរ​ដោយសារ​តែ​ការដឹកនាំ និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ស្ថាប័ន​នានា ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

ជាមួយ​គ្នា​នេះ ប្រធានរដ្ឋសភា​ក៏​ថ្លែង​អំណរគុណ​ដល់​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​សប្បុរសជន​នានា ដែល​លះបង់​កម្លាំង​កាយ​ចិត្ត និង​ថវិកា​ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធ​នឹង​កូវីដ​១៩​ និង​សម្រាល​នូវ​ផលប៉ះពាល់​នៃ​វិបត្តិ​នេះ​មកលើ​សេដ្ឋកិច្ច​កម្ពុជា​មួយកម្រិត​។

រីឯ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​ភរិយា​កាលពី​ម្សិលមិញ​បាន​ប្រគេនពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​​ជនរួមជាតិ​ទាំង​ក្នុង​ និង​ក្រៅ​​ប្រទេស​ឱ្យ​ជួបតែ​សេចក្តីសុខ​សេចក្តី​ចម្រើន សុភមង្គល និង​បាន​រំឭក​ពលរដ្ឋ​ឱ្យ​បន្ត​ការពារ​កុំឱ្យ​ឆ្លង​កូវីដ ​១៩ ដោយ​​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​​ជាមួយ​សាប៊ូ ជែល ទឹកអាល់កុល ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​ជាពិសេស​ត្រូវ​អនុវត្ត​​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

ប៉ុន្តែ​ក្នុង​សំណេរ​ពី​ការទទួល​បាន​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ពីថ្ងៃ​ ២៩ ធ្នូ លោក​នាយក​រដ្ឋមន្ត្រី ធ្លាប់​មាន​ប្រសាសន៍ថា ឆ្នាំ​ ២០២១ ​នឹង​មិន​សប្បាយ​រីករាយ​ដូច​ឆ្នាំមុនៗ​ទេ ប៉ុន្តែ​កម្ពុជា​ទទួល​បាន​កាដូ​ថ្មី គឺ​ប្រេង​។

លោក​សរសេរថា​៖ «​កូវីដ​១៩ បាន​រំខាន​ដល់​យើង តែ​ក៏​មិនអាច​បំផ្លាញចោល​នូវ​ការខិតខំ​របស់​យើង​ដើម្បី​ផលិត​ប្រេង​នោះបាន​ដែរ​។ ចូលឆ្នាំ​សកល​ថ្មី​ ២០២១ ​ខាង​មុខ ទោះ​យើង​មិន​​បាន​សប្បាយរីករាយ​ដូច​ឆ្នាំមុនៗ​​ដោយសារ​តែ​កូវីដ​១៩ តែ​យើង​ទទួល​បាន​កាដូ​ដ៏ធំ​សម្រាប់​ជាតិ​យើង នោះ​គឺ​ប្រេង​ដែល​ផលិត​ចេញ​លើកដំបូង​ក្នុង​​ទឹកដី​យើង​។ ឆ្នាំ​ថ្មី សមិទ្ធផល​ថ្មី​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ចាប់ពី​ដើមឆ្នាំ​ ២០២១ តទៅ​»​។

លោក​បន្តថា​៖ «​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​សូម​ឆ្លៀតឱកាស​ដ៏មហោឡារិក​នេះ សម្តែង​​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ និង​ស្មោះស្ម័គ្រ​បំផុត​ជូន​ចំពោះ​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ចូលរួម​ និង​គាំទ្រ​យ៉ាងសកម្ម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​នៅក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នាពេល​កន្លងមក​នេះ​»​។

សម្រាប់​លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​មើលឃើញ​ថា ក្នុង​ឆ្នាំ ២០២០ កងយោធពល​ខេមរភូមិន្ទ​សម្រេច​បាន​សមិទ្ធផល​ដ៏ធំធេង​ចេញពី​ការលះបង់ ការពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​ និង​ការលំបាក​ និង​ពលិកម្ម​ដើម្បី​ការពារជាតិ​មាតុភូមិ សន្តិសុខ​ជាតិ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ភាពសុខក្សេមក្សាន្ត​របស់​ប្រជាជន​។

លោក​ថ្លែងថា​៖ «​ទន្ទឹម​នឹង​នេះ​កងយោធពល​ខេមរភូមិន្ទ​យើង​បាន​ចូលរួម​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នូវ​ភារកិច្ច​អន្តរជាតិ​លើ​វិស័យ​មនុស្សធម៌ បំពេញ​បេសកកម្ម​ជា​កងកម្លាំង​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ល្អ​...»​។

ដោយឡែក​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សារ​ជូន​កងកម្លាំង​នគរបាលជាតិ មន្ត្រី​រាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ​គ្រប់លំដាប់​ថ្នាក់​ដោយ​កោតសរសើរ​ដល់​ការលះបង់​របស់​ពួកគាត់​ក្នុង​បេសកកម្ម​បម្រើ​ជាតិ​ និង​ប្រជាជន​ដ៏ស្មោះស្ម័គ្រ​។

លោក​ថ្លែង​ថា ការធានាបាន​នូវ​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​សម្រាប់​បម្រើ​ដល់​ការអភិវឌ្ឍ​សង្គមជាតិ​ពិតជា​មិនអាច​កាត់ផ្ដាច់​បាន​ឡើយ​នូវ​ការរួមចំណែក​យ៉ាង​សំខាន់​ពី​សំណាក់​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ពន្ធនាគារ​ទូទាំង​ប្រទេស​។

លោក ស ខេង ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​កងកម្លាំង​នគរបាលជាតិ មន្ត្រី​រាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ​គ្រប់លំដាប់​ថ្នាក់​បន្ត​យកចិត្ត​ទុកដាក់​បំពេញភារកិច្ច​ និង​បង្កើន​ស្មារតី​ម្ចាស់ការ​កាន់តែ​ផុសផុល សំដៅ​រួមគ្នា​បង្កើត​នូវ​សមិទ្ធផល​ធំៗ និង​នាំមក​នូវ​ជោគជ័យ​ថ្មីៗ​ថែមទៀត​ជូន​ជាតិ និង​ប្រជាជន​ក្នុង​ឆ្នាំ​ ២០២១»​។

ចំណែក​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត និង​កម្លាំង​បញ្ញា​របស់​លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ទាំងអស់​ក្នុង​ការបំពេញ​ការងារ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់ និង​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​មនសិការ​វិជ្ជាជីវៈ​អស់​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ២០២០​។

លោក​បាន​បន្តថា ពួកគាត់​បាន​បន្ត​ចូលរួម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ កម្មវិធី​កំណែទម្រង់ និង​យុទ្ធសាស្ត្រ​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​ប្រកប​ដោយ​ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ជាពិសេស​ការបង្ការ​ និង​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

ដោយឡែក​លោក កឹម សុខា ​ប្រធាន​អតីត​គណបក្សប្រឆាំង​ក៏​បាន​ចេញ​សារ​បិទ​បញ្ចប់​ឆ្នាំ​ ២០២០ ​ដែរ​កាលពី​ថ្ងៃទី​ ៣១ ​ធ្នូ​ ដោយ​លោក​បួងសួង​ឱ្យ​ឆ្នាំ​ថ្មី​ ២០២១ នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ សាមគ្គី​ជាតិ ដែល​នឹង​ផ្តល់នូវ​សន្តិភាព ស្ថិរភាព​រឹងមាំ ភាពសុខដុមរមនា ភាពកក់ក្តៅ ជូន​ដល់​ពលរដ្ឋ​ខ្មែរ​យើង ដើម្បី​កសាង​វាសនា​អនាគត​ថ្លៃថ្នូរ សម្បូរ រុងរឿង និង​ដើម្បី​រួមគ្នា​បម្រើ ការពារ ឯករាជភាព​អធិបតេយ្យភាព​ជាតិ​បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ មាតុភូមិ​កម្ពុជា​ប្រកប​ដោយ​ចីរភាព និង​កិត្តិយស​។

លោក កឹម សុខា សរសេរ​ថា​៖ សួស្តី​ឆ្នាំ​ថ្មី​ ២០២១! សូមកុំ​ធ្វើឱ្យ​អ្នកដទៃ​ឈឺចាប់ ដោយសារ​មហិច្ឆតា​របស់ខ្លួន​!​សូម​ចែករំលែក​សេចក្តី​ស្រឡាញ់​រាប់អាន​ (​មេត្តា​) ដើម្បី​សេចក្តីសុខ​ទាំងអស់​គ្នា សេចក្តីសុខ​របស់​អ្នក គ្រួសារ​អ្នក ប្រទេសជាតិ​អ្នក និង​ពិភពលោក​»​។

រីឯ​លោកស្រី PaulineTamesis អ្នកសម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ចេញ​សារ​ជា​វីដេអូ ដោយ​លោកស្រី​ថ្លែង​ថា ទោះបី​កម្ពុជា​បាន​រួច​ផុតពី​វិបត្តិ​សុខភាព ដូច​អ្វី​ដែល​កើត​មាន​នៅ​ប្រទេស​ជាច្រើន ប៉ុន្តែ​កម្ពុជា​មិន​​អាច​គេច​ផុតពី​ផលវិបាក​ដ៏អាក្រក់​ពី​ការរាតត្បាត​នៃ​កូវីដ​ ១៩ លើ​ជីវិត​រស់នៅ​ជីវភាព និង​អនាគត​នៃ​ពលរដ្ឋ​កម្ពុជា​ងាយ​រងគ្រោះ​ជាច្រើន​។

លោកស្រី​បាន​អរគុណ​ដល់​ក្រុមការងារ​លោកស្រី ជាពិសេស​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការឆ្លើយតប​នឹង​ជំងឺ​នេះ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​នៅពេល​ដែល​យើង​កំពុង​ឈាន​ជើង​ចូលទៅ​កាន់​ឆ្នាំ​ថ្មី​​យើង​នៅតែ​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការសង្គ្រោះ​ជីវិត​ និង​បញ្ឈប់​ការរាលដាល​នៃ​មេរោគ​នេះ កាត់បន្ថយ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច សង្គម និង​កសាង​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ដោយ​ក្រោកឈរ​ឡើង​ដើម្បី​សិទ្ធិមនុស្ស​»៕