ព្រះសីហនុ៖ ថ្នាក់​ដឹកនាំ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ តាម​ការ​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ករណី​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ​ជុំវិញ​ដី​សាលា​នៃ​ក្តី​សង្ឃឹម​ទំហំ​ជាង ​១ ​ហិកតា នៅ​ខេត្ត​ព្រះសីហនុ​ ដែល​ក្រសួង​សង្គម​កិច្ច​ដាក់​ឱសានវាទ ​៣ ​ខែ ​ឲ្យ​សាលា​នេះ​រើ​ចេញ​។

កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ រាជ​រដ្ឋាភិបាល​ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក ហ៊ុន សែន បាន​សម្រេច​ចេញ ​សជណ ប្រគល់​ជូន​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា ​និង​អធិការ​កិច្ច​ឲ្យ​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ ​និង​រាយការណ៍​ជូន​រដ្ឋាភិបាល ជុំវិញ​ភាព​មិន​ប្រក្រតី​ករណី​ខាង​លើ​នេះ​ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​មក​ពី​គណបក្ស​ខ្មែរ​ក្រោក​។

លោក ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា នៅ​រសៀល​ថ្ងៃ​ពុធ​ម្សិល​មិញ​ លោក​ស្រី​ឧបនា​យក​រដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា​បាន​ដឹកនាំ​ក្រុម​ការ​ងារ​ចុះ​​ផ្ទាល់​ដល់​ទីតាំង​សាលា​នៃ​ក្តី​សង្ឃឹម ​ដែល​ស្ថិត​ក្នុង​ភូមិ​ ៣​សង្កាត់ លេខ ​៤ ​ក្រុង​ និង​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ទាំង​នេះ​។

លោក​ ណារិន្ទ​ បន្ត​ថា ការ​ចុះ​ស្រាវជ្រាវ​នេះ ក្រសួង​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​នាយក​សាលា អាជ្ញាធរ​ដែន​ដី​ រួម​ទាំង​សិស្សានុសិ​ស្ស​ផង​ដែរ។​ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី ​ឬ​ក៏​មន្ត្រី​នៃ​ក្រសួង​សង្គម​កិច្ច ដែល​ជា​ភាគីម្ខាង​ទៀត​នៃ​ជម្លោះ​ ឬ​យ៉ាង​ណា​ទេ​។

លោក​បញ្ជាក់​ថា៖​ «នៅ​ពេល​ដែល​ពិនិត្យ​ចប់ ច្បាស់​លាស់ នឹង​ដាក់​​របាយការណ៍​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី ​ពិនិត្យ​ និង​សម្រេច​តាម​ក្រោយ»​។

កាល​ពី​ខែ​សីហា​កន្លង​ទៅ លោក សុខសុវណ្ណ វ​ឌ្ឍ​នាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ដាក់​របាយការណ៍​ស្រាវជ្រាវ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​ករណី​ក្រសួង​សង្គម​កិច្ច​ដាក់​ឱសានវាទ ​៣ ​ខែ ​ឲ្យ​សាលា​នៃ​ក្តី​សង្ឃឹម​រើ​ចេញ​ពី​ទីតាំង​នេះ ដោយ​អះអាង​ថា ក្រសួង​ត្រូវការ​ដី ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ។​

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ផង​នោះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា លោក​រីករាយ​ចំពោះ​ការ​ស្រាវជ្រាវ​​បន្ថែម​ដែល​មាន​លក្ខណៈ​រហ័ស​រហួន​ពី​សំណាក់​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា ​ព្រឹទ្ធសភា​ និង​អធិការកិច្ច​នេះ។ ប៉ុន្តែ​លោក​អះអាង​ថា​ ​នៅ​តែ​បន្ត​តាមដាន​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ ​ព្រោះ​តួនាទី​របស់​លោក គឺ​រក​មើល​​ភាព​អសកម្ម។

លោក​បន្ថែម​ថា៖ «ក្រសួង​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច​ដោះស្រាយ​បន្ត​តាម​ការ​ចង្អុល​បង្ហាញ​របស់​​រាជ​រដ្ឋាភិបាល។​ ដោយ​ឡែក​ឆន្ទៈ​របស់​ខ្ញុំ​ដូច​បាន​ឃើញ​កន្លង​មក​ យើង​បាន​ខិត​ខំ​អស់​លទ្ធភាព​ក្នុង​ការ​ការពារ​សាលា​មួយ​នេះ ​ចាប់​តាំង​ពី​ពេល​ទទួល​ពាក្យ​បណ្ដឹង​រហូត​មក​ទល់​ពេល​នេះ​ដែល​ទទួល​បាន​លទ្ធផល»​។

លោក តូច ចាន់នី អ្នក​នាំពាក្យ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន​ ​និង​យុវនីតិ​សម្បទា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រសួង​ស្វាគមន៍​ចំពោះ​ការ​ចុះ​ស្រាវជ្រាវ​ពី​ករណី​នេះ ខណៈ​ក្រសួង​លោក​បាន​ត្រៀម​ឯកសារ​ការពារ​ខ្លួន​គ្រប់គ្រាន់​ហើយ​​​​​ថា ​ការ​ដក​ហូត​ទីតាំង​ខាង​លើ​នេះ ក៏​មិន​មែន​យក​ដី​នេះ​ទៅ​លក់ ដូច​ការ​ចោទ​ប្រកាន់​នោះ​ដែរ​។

លោក​បញ្ជាក់​ថា៖​ «ក្រសួង​យើង ​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ​...។ រដ្ឋាភិបាល​ចាត់​ឲ្យ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​ធ្វើ​អធិការកិច្ច​នេះ​គឺ​យើង​ចង់​ឲ្យ​តែ​អ៊ីចឹង​ទេ​រក​មើល​ថា តើ​ខាង​ណា​ខុស ខាង​ណា​ត្រូវ»។ យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​​បិទ​បញ្ចប់​ការ​ស្រាវជ្រាវ​នេះ ​លោក​បញ្ជាក់​ថា៖ «អាស្រ័យ​លើ​ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល ហើយ​បើ​រាជ​រដ្ឋាភិបាល​សម្រេច​ថា ប្រគល់​ដី​នេះ ទៅ​ឲ្យ​សាលា​បន្ត​គ្រប់គ្រង យើង​​​​ជា​ស្ថាប័ន​ក្រោម​​បង្គាប់​​របស់​រដ្ឋាភិបាល​មាន​តែ​សម្រេច​តាម។ ​ប៉ុន្តែ​យើង​អរគុណ​រដ្ឋាភិបាល​ ដែល​បាន​ផ្តល់​ឱកាស​​​ធ្វើ​ការ​ស្រាវជ្រាវ»។

លោក ​ភុំ ណារិទ្ធ នាយក​សាលា​នៃ​ក្តី​សង្ឃឹម​ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ពេល​កន្លង​ទៅ​ថា សាលា​ដែល​បាន​សាងសង់​​នៅ​លើ​ផ្ទៃ​ដី​ជាង ១ ហិកតា​នេះ​ ត្រូវ​បាន​អង្គការ​​ដោះដូរ​ជា​ទឹក​ប្រាក់​ពី​ពលរដ្ឋ​ក្នុង​តំបន់​នោះ និង​បន្ត​កាន់​កាប់​តាំង​ពី​ឆ្នាំ ​២០០២ ​មក​​។ ប៉ុន្តែ​ក្រោយ​មក​ក្រសួង​សង្គមកិច្ច​បាន​ប្រើ​ល្បិច​ទុច្ចរិត​បញ្ឆោត​ឲ្យ​ប្រធាន​អង្គការ​របស់​លោក​ដែល​​ជា​ជន​បរទេស​​មិន​ចេះ​ភាសា​ខ្មែរ​ចុះ​ហត្ថលេខា​លើ​ឯកសារ​សរសេរ​ជា​អក្សរ​ខ្មែរ​ក្នុង​ការ​ផ្ដល់​ដី​សាលា​ជូន​ក្រសួង​សង្គមកិច្ច​។

បើ​តាម​នាយក​សាលា​រូប​នេះ សាលា​នៃ​ក្តី​សង្ឃឹម​របស់​អង្គការ​ Assemblies of God សាខា​ខេត្ត​ព្រះសីហនុ ​បាន​​បើក​​ដំណើរ​ការ​ដោយ​បំពេញ​តាម​គោល​នយោបាយ​រាជរដ្ឋាភិបាល​អស់​រយៈពេល​ជិត ​២០ ឆ្នាំ​មក​ហើយ​ ដោយ​បាន​បណ្ដុះបណ្ដាល​​​សិស្ស​ក្រីក្រ និង​ចិញ្ចឹម​កុមារ​កំព្រា​ប្រមាណ​ ៧ ​ម៉ឺន​នាក់ ​និង​មាន​គ្រូ​បង្រៀន​ជិត ​៥០ ​នាក់ ​គិត​មក​ទល់​បច្ចុប្បន្ន​នេះ​៕