
លោក សុះ កំរ៉ី គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ថ្លែងនាពេលកន្លងមក។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញ៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា បានណែនាំដល់គណៈគ្រប់គ្រងរាជធានី-ខេត្ត ទូទាំងប្រទេសឱ្យត្រៀមស្មារតី និងសម្ភារចាំបាច់មួយចំនួន ដើម្បីរៀបចំបញ្ចុះសពសាសនិកអ៊ិស្លាមដែលទទួលមរណភាពដោយសារជំងឺកូវីដ ១៩ ។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជាលោក សុះ កំរ៉ី ចុះថ្ងៃទី ២៦ មេសានេះ បានឱ្យដឹងថា ដោយសារព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យឆ្លងរាលដាលជំងឺកូវីដ ១៩ ស្ទើរតែគ្រប់ខេត្ត-ក្រុង នៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ក្នុងនោះមានបងប្អូនសាសនិកអ៊ិស្លាមមួយចំនួនបានឆ្លងជំងឺនេះផងដែរ ដោយអ្នកខ្លះកំពុងព្យាបាលតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងមួយចំនួនកំពុងមានស្ថានភាពធ្ងន់ធ្ងរ។
ក្នុងករណីនេះ លោក សុះ កំរ៉ី បានស្នើឱ្យគណៈគ្រប់គ្រងរាជធានី-ខេត្ត ជួបពិភាក្សាជាមួយគណៈកម្មការ ឬក្រុមការងារបូជាសពថ្នាក់ខេត្តរបស់ខ្លួនដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំបញ្ចុះសពសាសនិកអ៊ិស្លាមដែលអាចនឹងមានស្លាប់ដោយសារជំងឺកូវីដ ១៩ នាពេលខាងមុខ ។
ក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា «តាមធម្មតា ការរៀបចំបញ្ចុះសពសាសនិកអ៊ិស្លាមមានលក្ខណៈសាមញ្ញបំផុតមិនចាំបាច់តម្រូវឱ្យប្រើមឈូសទេ ប្រើតែផ្ទាំងបន្ទះក្តារ ១ ផ្ទាំងជាការស្រេច»។ «ក៏ប៉ុន្តែក្នុងកាលៈទេសៈនេះ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនសពទៅកាន់ទីតាំង បញ្ចុះសពដែលនៅឆ្ងាយ និងជាវិធានបង្ការរបស់ក្រសួងសុខាភិបាលតម្រូវឱ្យមានការវេចខ្ចប់ត្រឹមត្រូវ សម្រាប់សពអ៊ិស្លាម អាចធ្វើជារបៀបហិប ឬមឈូសដ៏សាមញ្ញ ១ ជាលក្ខណៈអ៊ិស្លាមដោយមិនចាំបាច់មានចម្លាក់ជារូបភាពទេ ហើយក្រៅពីនេះ មានដូចជាកាហ្វាន់ (ក្រណាត់ស សម្រាប់រំសព)។ល។
សេចក្តីជូនដំណឹងដដែលបន្តថា ដើម្បីដំណើរការបានល្អ សូមលោកគណៈគ្រប់គ្រងចាត់ចែងឱ្យបានរួចរាល់ ដូចជាត្រៀមដីល្បាយខ្សាច់ស្អាតសម្រាប់ធ្វើការ ព្រមទាំងសម្ភារចាំបាច់ខ្លះដែលអាចត្រៀមទុកបានដែលក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើប្រាស់។
គណៈគ្រប់គ្រងសាសនាអ៊ិស្លាមប្រចាំខេត្តត្បូងឃ្មុំ លោក ម៉ូត យូសះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា ទាក់ទងករណីនេះ លោកបានពិភាក្សាជាមួយអភិបាលខេត្តរួចហើយ ដោយក្នុងនោះអាជ្ញាធរបានផ្តល់ដីទំហំ ៣ ហិកតា សម្រាប់បញ្ចុះសពសាសនិកអ៊ិស្លាមដែលស្លាប់ដោយសារជំងឺកូវីដ ១៩។
លោកថា៖ «ខាងខេត្តត្បូងឃ្មុំបានត្រៀមដី ៣ ហិកតា នៅស្រុកពញាក្រែក នៅជិតព្រំដែនវៀតណាម សម្រាប់បញ្ចុះសព បងប្អូនអ៊ិស្លាម ដោយឡែកយើងបានត្រៀមក្រណាត់រុំសព ៣ ជាន់ ហើយដោយសារជំងឺកូវីដ យើងក៏បានត្រៀមមឈូសសម្រាប់ដាក់សពដែរ»។
យ៉ាងនេះក្តី លោកថា សម្រាប់ជនជាតិអ៊ិស្លាមដែលកំពុងរស់នៅលើទឹកដីខេត្តត្បូងឃ្មុំនាពេលបច្ចុប្បន្ននេះ ពុំទាន់មាននរណាម្នាក់មានវិជ្ជមានជំងឺកូវីដ ១៩ នោះទេ។
សូមជម្រាបថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពាក់កណ្តាលខែ មីនា ២០២១ បានចេញសេចក្តីសម្រេចលើកលែងករណី ការបូជាសពសាសនិកអ៊ិស្លាម និងជនជាតិដើមភាគតិច ដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ ដើម្បីឱ្យស្របទៅតាមជំនឿ ប្រពៃណី និងទំនៀមទម្លាប់របស់សាសនិកអ៊ិស្លាម និងជនជាតិដើមភាគតិចក្នុងការបញ្ចុះសព ប៉ុន្តែត្រូវអនុវត្តតាមវិធានសុខាភិបាល។
ដោយឡែកសម្រាប់ពលរដ្ឋកម្ពុជាដែលទទួលមរណភាពដោយសារជំងឺកូវីដ ១៩ វិញ គឺតម្រូវឱ្យបូជាសព ខណៈរដ្ឋាភិបាលបានកំណត់ទីតាំងជាបណ្តោះអាសន្ននៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៩ ខែ មេសាថា ក្រុមអ្នកជំនាញបាននិងកំពុងដំឡើងឡទំនើបស្វ័យប្រវត្តិកម្មចំនួន ៥ នៅលើផ្ទៃដី ១០ ហិកតា ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩។
លោកបានថ្លែងថា៖ «ក្រុមជំនាញការបច្ចេកទេស កំពុងរៀបចំផ្គុំគ្រឿងឧបករណ៍សម្ភារ ដើម្បីដំឡើងឡទំនើបស្វ័យប្រវត្តិកម្មចំនួន ៥ លើគ្រឹះបេតុងដែលជាជើងទម្រ ដើម្បីភ្ជាប់បណ្ដាញអគ្គិសនី ដែលកិច្ចការនេះ ត្រូវចំណាយពេលយ៉ាងយូរ ១ សប្ដាហ៍ទៀត នឹងត្រូវរួចរាល់ជាស្ថាពរ»។
គិតត្រឹមថ្ងៃទី ២៥ មេសា ក្រសួងសុខាភិបាលបានប្រកាសពីករណីអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ មាន ៧៤ នាក់ហើយ ខណៈអ្នកឆ្លងសរុបមាន ៩ ៩៧៥ នាក់ អ្នកជាសះស្បើយ ៣ ៤០០ នាក់ និងអ្នកកំពុងសម្រាកព្យាបាលមាន ៦ ៤៩៥ នាក់៕