
អ្នកចូលរួមនៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី ៤២ របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃម្សិលមិញ។ រូបថត SPM
ភ្នំពេញៈ លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា (CPP) ថ្លែងថា គណបក្សប្រជាជនបានត្រៀមរួចស្រេចហើយនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីនានាសម្រាប់ការដោះស្រាយនូវរាល់បញ្ហាចៃដន្យ ដែលអាចមានពីការអនុវត្តភារកិច្ច និងដែលអាចកើតចេញពីឧបាយកលអាក្រក់ផ្សេងៗក្នុងបំណងចង់បំផ្លាញដល់សង្គមជាតិ។
ការថ្លែងរបស់លោក ហេង សំរិន ធ្វើឡើងកាលពីថ្ងៃទី ១ ខែកុម្ភៈ ក្នុងពិធីបើកសន្និបាត គណៈកម្មាធិការកណ្តាលលើកទី ៤២ ដែលមានរបៀបវារៈនៃការបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ ២០១៩ និងលើកទិសដៅបន្តក្នុងឆ្នាំ ២០២០ នេះ។ ក្នុងសន្និបាតនេះក៏មានការពិភាក្សាអំពីយុទ្ធសាស្ត្រដើម្បីយកជ័យជម្នះក្នុងការបោះឆ្នោតនៅឆ្នាំ ២០២២ និង ២០២៣ ខាងមុខនេះផងដែរ។
ក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្តាលនេះមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្រៃ្តយ៍ សមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់គណបក្សប្រជាជនកម្ពុជា និងសមាជិកបង្គោលសំខាន់ៗមួយចំនួនទៀតសរុបមានចំនួន ៣ ៤២០ រូប នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
លោក ហេង សំរិន ថ្លែងថាក្នុងដំណើរនៃការខិតខំធ្វើឲ្យកម្ពុជាមានការប្រែប្រួល រីកចម្រើន រហូតដល់សព្វថ្ងៃនេះ គណបក្សប្រជាជនបានជួបឧបសគ្គ និងបញ្ហាប្រឈមជាច្រើនណាស់ដែលត្រូវដោះស្រាយ។ ប៉ុន្តែអាស្រ័យដោយផ្លូវដើរដែលគណបក្សប្រជាជនបានជ្រើសរើស គឺជាផ្លូវត្រឹមត្រូវ ហើយត្រូវបានប្រជាជនគាំទ្រ និងចូលរួមនៅគ្រប់ដំណាក់កាល ជាហេតុនាំឲ្យគណបក្សប្រជាជនអាចជម្នះបាននូវរាល់ឧបសគ្គ និងការលំបាកទាំងឡាយ។
លោកថ្លែងថា៖ «យោងតាមស្ថានការណ៍ពិភពលោក និងតំបន់ដែលបន្តប្រែប្រួល ផ្លាស់ប្តូរឆាប់រហ័ស និងស្មុគស្មាញ និងផ្អែកតាមការប៉ាន់ស្មាននៃសភាពការណ៍កម្ពុជានាពេលខាងមុខ គណបក្សយើងបានត្រៀមរួចស្រេចហើយនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីនានា ដើម្បីធ្វើឱ្យសម្រេចនូវកម្មវិធីនយោបាយរបស់គណបក្សក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលមួយជំហានថែមទៀតនៅក្នុងឆ្នាំ ២០២០ នេះ»។

លោក ហ៊ុន សែន (ស្តាំ) និងលោក ហេង សំរិន ក្នុងអង្គសន្និបាតពីម្សិលមិញ នៅកោះពេជ្រ។ រូបថត SPM
លោកបន្ថែមថា៖ «លើសពីនេះក៏ត្រូវត្រៀមសម្រាប់ការដោះស្រាយនូវរាល់បញ្ហាចៃដន្យដែលអាចកើតមានពីការអនុវត្តភារកិច្ចរបស់យើង និងត្រូវត្រៀមសម្រាប់ការដោះស្រាយហេតុការណ៍នានាដែលកើតចេញពីឧបាយកលអាក្រក់ផ្សេងៗក្នុងបំណងចង់បំផ្លាញដល់សង្គមជាតិយើង។ ផ្អែកលើមេរៀនបទពិសោធដែលគណបក្សប្រជាជនកម្ពុជាទទួលបានជាបន្តបន្ទាប់នោះយើងមានជំនឿយ៉ាងមុតមាំ ថាដំណើរជាតិកម្ពុជានឹងបន្តបោះជំហានកាន់តែស្វាហាប់»។
ប្រធានកិត្តិយសបក្សរូបនេះបន្តថា ការកាន់អំណាចនយោបាយម្នាក់ឯងរបស់គណបក្សប្រជាជនកម្ពុជាតាមរយៈលទ្ធផលបោះឆ្នោតឆ្នាំ ២០១៨ បានចាប់បង្ខំឱ្យគណបក្សប្រជាជនកម្ពុជាត្រូវបង្កើននូវការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជាតិ និងប្រជាជនកម្ពុជា។ ក្នុងនោះក៏ត្រូវតែធានាឱ្យបាននូវធាតុផ្សំសំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យដែលមានជាអាទិ៍គឺ៖ សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលរួមមាន សិទ្ធិចូលរួមជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា។ល។ និងការបោះឆ្នោតទៀងទាត់តាមលក្ខណៈសេរី ពហុបក្ស ជាដើម។
លោកបញ្ជាក់ថា៖ «ជាង ១ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមបានដឹកនាំប្រទេសសម្រេចបានសមិទ្ធផលថ្មីៗ ធំធេងថែមទៀតដែលមានជាអាទិ៍គឺ៖ ខឿនឯករាជ្យជាតិ អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ ដំណើរការកែទម្រង់រដ្ឋស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តន៍ដោយឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព»។
បើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤២ បានឲ្យដឹងថា អង្គសន្និបាតមានមោទនភាពចំពោះការវិវឌ្ឍដ៏ល្អប្រសើរនៃសភាពការណ៍ទូទៅរបស់ជាតិដែលបានកំពុងបន្តទៅមុខយ៉ាងរឹងមាំលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ។ អង្គសន្និបាតក៏បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះជនរួមជាតិនៅគ្រប់ទិសទីទាំងនៅក្នុង និងទាំងនៅក្រៅប្រទេសដែលបានជួយថែរក្សាសន្តិភាព ហើយបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការរាំងស្កាត់ និងធ្វើឲ្យបរាជ័យនូវឧបាយកលដ៏គ្រោះថ្នាក់របស់ពួកប្រឆាំងជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «អង្គសន្និបាតប្រឆាំងដាច់ខាតមិនឲ្យចលនាបដិវត្តន៍ពណ៌កើតឡើងវិញបានឡើយ និងជំរុញការអនុវត្តវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ចំពោះអង្គការចាត់តាំង ឬបុគ្គលណាដែលបានប្រព្រឹត្តល្មើសច្បាប់។ បន្តជំរុញអនុវត្តវិធានការមុតស្រួចនានា ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំធ្វើឲ្យប្រជាជនទទួលបាននូវសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ធុរជន ក្នុងការបណ្តាក់ទុន និងប្រកបមុខរបរនានានៅកម្ពុជា»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិថ្លែងថា ការដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីរក្សាអំណាចរបស់គណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោត និងគាំទ្រពីមហាជនគឺជារឿងត្រឹមត្រូវ។ ប៉ុន្តែការប្រើប្រាស់យុទ្ធសាស្ត្រល្បិចតាមរយៈការបំភិតបំភ័យ និងបំបិទសិទ្ធិសេរីភាពរបស់ដៃគូម្ខាងទៀតគឺមិនត្រឹមត្រូវ។
លោកបញ្ជាក់ថា៖ «វាជារឿងធម្មតាក្នុងការខិតខំប្រឹងប្រែងដើម្បីរក្សាអំណាចសម្រាប់គណបក្សមួយ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ [គឺ] ផែនការ និងយុទ្ធសាស្ត្ររបស់គណបក្សមួយ ដើម្បីទប់ស្កាត់ និងការបំផ្លាញទៅលើខ្មែរម្ខាងទៀតដោយចោទថា ប៉ុនប៉ងបំផ្លាញសន្តិភាព និងប្រទេសជាតិ និងធ្វើឲ្យមានការយល់ច្រឡំរវាងខ្មែរ និងខ្មែរ»។
លោកបន្ថែមថា៖ «ប្រសិនបើរាជរដ្ឋាភិបាលមានការបើកចំហ និងទូលំទូលាយលទ្ធិប្រជាធិបតេយ្យ ខ្ញុំជឿថា គណបក្សប្រជាជននឹងមានការលំបាកក្នុងការកាន់កាប់អំណាចបន្តទៀតដោយសារតែប្រជាពលរដ្ឋចង់បានរបៀបដឹកនាំថ្មី និងអ្នកដឹកនាំថ្មី»។
ជាមួយគ្នានេះសេចក្តីជូនដំណឹងបានឲ្យដឹងថា អង្គសន្និបាតបានពិនិត្យ និងវាយតម្លៃថា ចលនានៃកំណែទម្រង់ស៊ីជម្រៅនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែកបានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើន ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការប្រឆាំងអំពើពុករលួយ។ សន្និបាតក៏បានជំរុញមន្ត្រីនយោបាយគ្រប់ថ្នាក់ និងគ្រប់ផ្នែកបន្តជំរុញអនុវត្តដោយឆន្ទៈមោះមុតស្មើដៃគ្នានូវការកែទម្រង់លើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មិនអាចសុំអត្ថាធិប្បាយបន្ថែមជុំវិញអង្គសន្និបាតគណៈកម្មាធិការកណ្តាលនេះបានទេ កាលពីម្សិលមិញ៕