ភ្នំពេញៈ គណៈកម្មការ​ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​នៃ​ក្រសួង​យុត្ដិធម៌​កំពុង​ពិនិត្យ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ចំនួន​ ៣៩៩ ​នាក់​ស្ដ្រី ៤៣ ​នាក់​ដើម្បី​ដាក់​ក្នុង​ការ​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នា​ខែ​មេសា​ខាងមុខ បន្ទាប់ពី​គណៈកម្មការ​រាជធានី-ខេត្ត​ចំនួន​ ២២ និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​បាន​ដាក់​សំណើ​មក​។

លោក​ គឹម សន្ដិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា សម្រាប់​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខាងមុខ​នេះ​គណៈកម្មការ​ជាតិ ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​ដែល​មាន​រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌ លោក​ អង្គ វង្ស វឌ្ឍានា ជា​ប្រធាន​បាន​ទទួល​សំណើ​ពី​គណៈកម្មការ​រាជធានី-ខេត្ត​ចំនួន​ ២២ (​ពន្ធនាគារ​ ២២) ​និង​ពី​គណៈកម្មការ​ក្រសួងមហាផ្ទៃ (​មណ្ឌលអប់រំ​កែប្រែ​ចំនួន​ ៤)​។ គណៈកម្មការ​ជាតិ​បាន​ទទួល​សំណើ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៣៩៩ ​នាក់​ក្នុង​នោះ​មាន​ទណ្ឌិត​ជា​ស្ដ្រី​ចំនួន​ ៤៣ ​នាក់​ដើម្បី​យក​មក​ពិនិត្យ និង​វាយតម្លៃ​ផ្ដល់​ភាពអនុគ្រោះ​ទោស​នៅក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នា​ខែ​មេសា​ខាង​មុខ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ប្រភេទ​បទល្មើស​ដែល​យើង​ពិនិត្យ​ឃើញ​នៅក្នុង​សំណើ​ដែល​បាន​ធ្វើ​មកនេះ​គឺ​មាន​បទល្មើស​ច្រើន​ក្នុង​នោះ​ក៏មាន​បទល្មើស​គ្រឿងញៀន​ផងដែរ​។ ក៏ប៉ុន្ដែ​សម្រាប់​ការពិនិត្យ​របស់​គណៈកម្មការ​ជាតិ បាន​ធ្វើការ​ពិនិត្យ​ទី​ ១ សម្រាប់​បទល្មើស​គ្រឿងញៀន​គឺ​យើង​មិន​យកមក​ពិនិត្យ​ផ្ដល់​ភាពអនុគ្រោះ​នោះ​ទេ​គឺ​គ្រប់​បទល្មើស​គ្រឿងញៀន​ទាំងអស់​។ ទី​ ២ បទល្មើស​ដែល​មាន​ភាពសាហាវ​យង់ឃ្នង ព្រៃផ្សៃ ក៏​យើង​មិន​យកមក​ធ្វើការ​ពិនិត្យ​ផ្ដល់​ភាពអនុគ្រោះ​ទោស​ដែរ​»​។

លោក សន្តិភាព បាន​បញ្ជាក់ថា​៖ «​យើង​ផ្ដល់​ភាពអនុគ្រោះ​ទៅលើ​ប្រភេទ​បទល្មើស​ស្រាល​ប្រភេទ​ទណ្ឌិត​ដែល​ទទួល​អនុវត្ដ​ទោស​បាន​តាម​លក្ខខណ្ឌ ហើយ​សល់​រយៈពេល​តិចតួច សល់​រយៈពេល​ខ្លី ឬ​មួយ​ក៏​ជា​ទណ្ឌិត​ដែលមាន​ភាព​ចាស់ជរា​នៅក្នុង​ពន្ធនាគារ​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​ក៏​ជា​ទណ្ឌិត​ដែលមាន​ពិការភាព​ជាដើម​។ ដូច្នេះ​ហើយ​យើង​បាន​ធ្វើការ​ពិនិត្យ​ល្អិតល្អន់​ណាស់​ចំពោះ​ចំនួន​ទណ្ឌិត​ដែល​ត្រូវ​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​នេះ​គឺ​គណៈកម្មការ​ជាតិ​បាន​ពិនិត្យ​វាយតម្លៃ​រួចរាល់​អស់​ហើយ​នៅ​រង់ចាំតែ​ឯកសារ​មួយចំនួន​ដើម្បី​បំពេញ​បង្គ្រប់​ដែល​អាច​នឹង​រួចរាល់​នៅ​សប្ដាហ៍​ក្រោយ​»​។

មន្ត្រី​នាំពាក្យ​រូបនេះ បាន​អះអាង​ទៀតថា រាល់​ទណ្ឌិត​ដែល​បានដាក់​ស្នើ​មក​នោះ គណៈកម្មការ​ជាតិ​មិន​បាន​ពិនិត្យ​ទៅលើ​ថា តើ​ទណ្ឌិត​ទាំងនោះ​ជា​សកម្មជន​គណបក្ស​ណា​ទេ​។ ក្នុង​ឯកសារ​របស់​តុលាការ​ក៏​មិន​បាន​ធ្វើ​ការកំណត់​អត្ដសញ្ញាណ​ថា ទណ្ឌិត​នោះ​ជា​សកម្មជន​បក្ស​ណាមួយ​ដែរ​។

លោក​ គឹម សន្តិភាព បញ្ជាក់ថា​៖ «​យើង​ពិនិត្យ​ពាក់ព័ន្ធ​តែ​ចំពោះ​ការប្រព្រឹត្ដ​បទល្មើស​របស់​ទណ្ឌិត​តែប៉ុណ្ណោះ ចង់​ពួកគាត់​ជា​សកម្មជន​បក្ស​ណាក៏ដោយ ក៏​ទទួល​ទោស​ដូចគ្នា ហើយ​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់​។

គួរបញ្ជាក់​ថា​កាលពី​អំឡុង​ពិធីបុណ្យ​អុំទូក​ក្នុង​ឆ្នាំ​ ២០១៩ កន្លងមក គណៈកម្មការ​ជាតិ​ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​ដែល​បាន​លើក​សំណើសុំ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៥១២ នាក់​ (​ស្រី ៥៨ នាក់​)​។ ជា​លទ្ធផល​អង្គប្រជុំ​បាន​សម្រេច​ធ្វើសំណើ​គោរព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​ពិនិត្យ និង​សម្រេច​ទូលថ្វាយ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​ក្នុង​ការផ្តល់​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន​ ៩០ ​នាក់​ (​ស្រី ១៧ ​នាក់​)៕