ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានកំណត់ឲ្យគ្រប់ពន្ធនាគារនៅទូទាំងប្រទេសត្រូវដោះលែងជនជាប់ឃុំក្រោយពីទទួលបានលិខិតសម្រេចពីតុលាការឲ្យបានមុនថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃឈប់សម្រាកដើម្បីសម្រួលដល់ការធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិវិញ។
យោងទៅតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថាក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ស្តីពីពន្ធនាគារ និងសម្រួលដល់ការធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិវិញព្រមទាំងលើកកម្ពស់លក្ខខណ្ឌសុខភាពមនុស្សធម៌ដល់ជនជាប់ឃុំអគ្គនាយកដ្ឋានពន្ធនាគារសូមណែនាំដល់ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់អនុវត្តមាត្រា ៨០ នៃច្បាប់ស្តីពីពន្ធនាគារ។
នៅក្នុងលិខិតបានលើកឡើងថា៖ «មាត្រាទី ៨០ នៃច្បាប់ស្តីពីពន្ធនាគារដែលកំណត់ថាប្រធានពន្ធនាគារត្រូវធ្វើការដោះលែងជនជាប់ឃុំក្រោយពីទទួលលិខិតសម្រេចពីអាជ្ញាធរតុលាការ។ ជាគោលការណ៍ទណ្ឌិតដែលទោសរបស់ខ្លួនត្រូវបញ្ចប់នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកផ្សេងទៀតដែលច្បាប់ឬ លិខិតបទដ្ឋានគតិយុត្តិបានកំណត់ត្រូវតែដោះលែងឲ្យមានសេរីភាពវិញនៅមុនថ្ងៃឈប់សម្រាកនោះស្របតាមព្រហ្មទណ្ឌនៃព្រះរាជណាចក្រកម្ពុជា»។
នៅក្នុងលិខិតបានឲ្យដឹងទៀតថាចំពោះជនជាប់ឃុំទាំងឡាយដែលត្រូវដោះលែងស្របតាមមាត្រា ៨០ (មុនថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក) នៃច្បាប់ស្តីពីពន្ធនាគារប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តទាំងអស់ត្រូវពន្យល់ណែនាំដើម្បីឲ្យពួកគេបានយល់ច្បាស់អំពីគោលការណ៍នៃច្បាប់នេះ។
លិខិតដដែលបន្តថា៖ «ទទួលបានសេចក្តីណែនាំនេះប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្តទាំងអស់ត្រូវចាត់ចែងឲ្យបានល្អប្រសើរ»។
លោក សន កែវ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថាការចេញសេចក្តីណែនាំនេះគឺស្ថិតនៅក្នុងច្បាប់ស្តីពីពន្ធនាគារដូច្នេះក្រសួងគ្រាន់តែជំរុញបន្ថែមដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។ ការណែនាំនេះគឺបង្ហាញអំពីការយកចិត្តទុកដាក់ និងការគោរពសិទ្ធិទៅដល់ជនជាប់ឃុំ។
លោកបានថ្លែងថា៖ «យើងណែនាំនេះគឺខ្លាចពន្ធនាគារខ្លះធ្វើការបណ្តែតបណ្តោយឲ្យប៉ះពាល់ទៅដល់សិទ្ធិរបស់ជនជាប់ឃុំដោយសារតែគេត្រូវបានដោះលែងប៉ុន្តែត្រូវបានខកខាន»។
ទាក់ទិនទៅនឹងបញ្ហានេះលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានថ្លែងថាលោកស្វាគមន៍ចំពោះការសម្រេចរបស់អគ្គនាយកដ្ឋានពន្ធនាគារដែលបានចេញសេចក្តីណែនាំនោះពីព្រោះកន្លងមកតែងតែមានការឃុំខ្លួនមនុស្សលើសកំណត់ដោយសារតែរឿងថ្ងៃឈប់សម្រាកនេះ។
លោកបានថ្លែងថា៖ «ពីមុនទណ្ឌិតដែលបានអនុវត្តទោសរួចហើយនោះបើប៉ះចំថ្ងៃបុណ្យត្រូវរង់ចាំរហូតដល់មន្ត្រីត្រឡប់មកពីសម្រាកវិញទើបគេធ្វើការដូច្នេះវាធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិរបស់ពួកគាត់ហើយក៏ជាការឃុំខ្លួនខុសច្បាប់ផងដែរពីព្រោះឃុំខ្លួនលើសពីការសម្រេចទោសរបស់គេ»។
យ៉ាងណាក៏ដោយ លោកបានថ្លែងឲ្យដឹងបន្តទៀតថា៖ «យើងទទូចសុំឲ្យធ្វើមានតម្លាភាព»៕