ពោធិ៍សាត់ៈ សុភ័ក្ត គឺជាឈ្មោះដែលអ្នកកាសែតដាក់ឲ្យគាត់តែងចេញពីបន្ទប់ឃុំឃាំងរៀងរាល់ថ្ងៃទៅធ្វើការនៅក្នុងចម្ការដំឡូងមី និងចម្ការពោតដែលនៅព័ទ្ធជុំវិញមណ្ឌលអប់រំកែប្រែទី ៤ ស្ថិតនៅក្នុងឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ប៉ុន្តែការងាររបស់គាត់ពុំដែលទទួលបានកម្រៃនោះទេ។
បន្ទាប់ពីប្រមូលផលដំឡូងរួចលោកសុភ័ក្តត្រូវបានប្រធានមណ្ឌលអនុញ្ញាតឲ្យមកធ្វើការត្រាយស្មៅនៅតាមដងផ្លូវទៅពន្ធនាគារបន្ទាប់ពីលោកបានអនុវត្តទោសរបស់ខ្លួនដែលតុលាការបានសម្រេចឲ្យជាប់ទោស ៨ ឆ្នាំ និងនៅសល់តែពីរខែទៀតនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញនោះបានថ្លែងឲ្យដឹងថាមន្ត្រីនៅពន្ធនាគារតែងតែឲ្យទណ្ឌិតដែលជិតផុតទោសឲ្យចេញក្រៅមកធ្វើការនៅក្នុងចម្ការដំឡូង និងចម្ការពោតនៅពេលព្រឹក និងនៅពេលរសៀល។
លោកបានថ្លែងថា៖ «ពួកយើងធ្វើការប៉ុន្តែពួកយើងមិនដែលបានលុយទេគឺលុយប្រធានមណ្ឌលជាអ្នកចាត់ចែងសម្រាប់គាត់ និងមន្ត្រីរបស់គាត់ពួកយើងបានត្រឹមធ្វើការបែកញើសដើម្បីសុខភាពតែប៉ុណ្ណោះ»។
ខណៈដែលទណ្ឌិតមួយចំនួនកំពុងតែកាប់ស្មៅរីឯលោកសុភ័ក្តកំពុងតែអង្គុយផឹកស្រាបៀរអានឆ័រក្លែមជាមួយត្រីសមុទ្រឆៅជាមួយនឹងមន្ត្រីឆ្មាំពន្ធនាគារនោះបានថ្លែងឲ្យដឹងថាជាទូទៅដំឡូងត្រូវប្រមូលផលលក់នៅក្នុងខែ ៥ ឬក៏ខែ ៦ ហើយដំឡូងស្រស់ក្នុងមួយគីឡូ ២៥០ រៀលទៅ ៣០០ រៀល និងដំឡូងក្រៀម ៥០០ រៀលហើយលោកមិនដឹងថាមួយរដូវលក់បានប៉ុន្មាននោះទេពីព្រោះមន្ត្រីជាអ្នកគ្រប់គ្រង។
លោកបានឲ្យដឹងថា៖ «ពួកខ្ញុំទណ្ឌិតដែលជាអ្នកធ្វើមិនបានទេគឺបានតែធ្វើទេមិនបានអីលើសហ្នឹងនោះទេ»។
មិនខុសគ្នាពី សុភ័ក្ត ទណ្ឌិតម្នាក់ទៀតដែលស្នើសុំមិនបញ្ចេញឈ្មោះបានថ្លែងឲ្យដឹងថាទណ្ឌិតមួយចំនួនត្រូវបានជ្រើសរើសឲ្យធ្វើការនៅក្នុងចម្ការដំឡូង និងពោតទៅតាមរដូវកាលរបស់វាប៉ុន្តែលោកក៏ពុំបានទទួលកម្រៃពលកម្មដែរប៉ុន្តែលោកបានចេញក្រៅទទួលបានខ្យល់អាកាស។
លោកបានថ្លែងថា៖ «ខ្ញុំធ្វើការហត់ប៉ុន្តែខ្ញុំក៏ចូលចិត្តធ្វើដែរដោយសារខ្ញុំមានឱកាសចេញមកក្រៅ។ យើងជាអ្នកទោសគ្មានសិទ្ធិអ្វីទៅទាមទារលុយនោះទេពីព្រោះខ្លាចគេធ្វើបាប។ អ្វីដែលយើងធ្វើបានគឺធ្វើយ៉ាងណាឲ្យតែមន្ត្រីសប្បាយចិត្ត»។
នៅខណៈដែលកំពុងសួរនាំមន្ត្រីពន្ធនាគារដែលសុំមិនបញ្ចេញឈ្មោះក៏បានឆ្លើយកាត់ទណ្ឌិតថាទណ្ឌិតដែលធ្វើការនៅក្នុងចម្ការដំឡូង និងចម្ការពោតទទួលបានកម្រៃខ្លះបន្ទាប់ពីការប្រមូលផលរួចរាល់ប៉ុន្តែមន្ត្រីរូបនោះពុំបានបញ្ជាក់ថាប៉ុន្មាននោះទេ។ លោកថ្លែងថា៖«រឿងលុយកាក់អីនោះទាល់តែមេទើបដឹងពីព្រោះគាត់ជាអ្នកចាត់ចែងមន្ត្រីដូចពួកខ្ញុំមិនដឹងអីនោះទេ»។
អតីតទណ្ឌិតដែលសុំមិនបញ្ចេញឈ្មោះដែលបាននៅជាប់ឃុំអស់រយៈពេល ៣ ខែបន្ទាប់ពីបានផ្ទេរពីពន្ធនាគារខេត្តបាត់ដំបងដែលបានអនុវត្តទោសរបស់ខ្លួន ២ ឆ្នាំ ៩ ខែមកថ្លែងថាលោកធ្វើការនៅក្នុងពន្ធនាគារកសិកម្មនោះគឺចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១០ ព្រឹកហើយនៅពេលល្ងាចត្រូវចូលពន្ធនាគារវិញនៅម៉ោង ៣:៣០ នាទី។ ការងារដែលលោកធ្វើពុំបានទទួលប្រាក់ឧបត្ថម្ភនោះទេ។
លោកបានថ្លែងថា៖ «ពួកខ្ញុំក្រៅពីទំនេរពីដាំដំឡូងគឺកាប់ព្រៃ និងធ្វើផ្លូវពួកយើងពុំមានការងារផ្សេងធ្វើនោះទេ»។
លោក យឹម ពៅ អតីតប្រធានមណ្ឌលអប់រំកែប្រែទី៤ដែលត្រូវបានប្តូរមកគ្រប់គ្រងពន្ធនាគារខេត្តកំពង់ចាមបានថ្លែងឲ្យដឹងថាជាទូទៅគឺទណ្ឌិតដែលចូលរួមធ្វើការងារកសិកម្មនៅក្នុងពន្ធនាគារតែងតែទទួលបានប្រាក់កម្រៃគឺពួកគាត់ទទួលបានប្រាក់ ២៥ ភាគរយនៃប្រាក់សរុបហើយជាមធ្យមក្នុងមួយរដូវទួលបានប្រាក់រង្វង់ពី ៣៨ លានរៀលទៅ ៤០ លានរៀលតែប៉ុណ្ណោះដោយសារតែនៅក្នុងពន្ធនាគារធ្វើប្រមាណជា ២០ ទៅ ៣០ ហិកតាតែប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «អ្នកមិនធ្វើទើបមិនបានលុយបើអ្នកធ្វើគឺត្រូវតែបានលុយហើយ»។
លោកបានថ្លែងថានៅក្នុងពន្ធនាគាររបស់លោកមានទណ្ឌិតត្រឹម ២៣០ នាក់ទៅ ២៤០ នាក់ហើយប្រាក់ដែលទទួលបានពីផលកសិកម្មនោះគឺចែក ២៥ ភាគរយទៅទណ្ឌិត ២៥ ភាគរយទៅមន្ត្រី ២៥ ភាគរយទៅថ្នាក់លើ និងនៅសល់ ២៥ ភាគរយទុកសម្រាប់ថ្លៃដើមវិញ។ លោកបានថ្លែងថា ៖ «ទណ្ឌិតនៅទីនោះក្រៅពីដាំដំណាំដំឡូងគឺគ្មានអ្វីធ្វើទៀតនោះទេ»។
ក្រោមអនុសញ្ញាលេខ ២៩ នៃអង្គការពលកម្មអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ ១៩៦៩ ពលកម្មនៅពន្ធនាគារអាចប្រើនៅក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈហើយអ្នកជាប់ទោសមិនត្រូវជួល ឬឲ្យក្រុមហ៊ុន បុគ្គល ឬសមាគមឯកជនប្រើប្រាស់ទេ។ ច្បាប់ចែងថាអ្នកទោសអាចធ្វើការឲ្យក្រុមហ៊ុនឯកជនបានតែក្នុងករណីមានលក្ខណៈប្រហាក់ប្រហែលនឹងទំនាក់ទំនងការងារដោយសេរី។
ហើយក្នុងច្បាប់ពន្ធនាគារដែលមាន ១១ ជំពូក និង ៨៥ មាត្រាពុំមានចែងពីការប្រើទណ្ឌិតឲ្យចេញទៅធ្វើការខាងក្រៅពន្ធនាគារថាខុស ឬត្រូវច្បាប់នោះទេ។ យ៉ាងនេះក្ដីមាត្រា ៦៨ នៃច្បាប់នេះចែងថាទណ្ឌិតដែលមានកម្រិតសន្តិសុខទាបហើយត្រូវបានវាយតម្លៃថាមានសមត្ថភាពកាយសម្បទាត្រូវបានចាត់ឲ្យធ្វើការងារពលកម្មប្រចាំថ្ងៃនៅក្នុងពន្ធនាគារ ឬការងារជាអត្ថប្រយោជន៍សម្រាប់សហគមន៍ និងផលប្រយោជន៍សាធារណៈ ឬចាត់តាំងឲ្យចូលរួមក្នុងកម្មវិធីឧស្សាហកម្ម សិប្បកម្ម កសិកម្មពន្ធនាគារ។
នៅក្នុងមាត្រា ៧១ ស្តីពីច្បាប់ពន្ធនាគារបានកំណត់ថាបន្ទាប់ពីមានការយល់ព្រមពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារមានសិទ្ធិចុះកិច្ចសន្យាជាមួយរូបវន្តបុគ្គល ឬនីតិបុគ្គល ឬអង្គការជាតិ អន្តរជាតិ ដើម្បីបង្កើតការងារសម្រាប់កម្មវិធីឧស្សាហកម្ម សិប្បកម្ម កសិកម្មពន្ធនាគារ និងមានសិទ្ធិចុះកិច្ចសន្យាលក់ផលិតផលឧស្សាហកម្ម សិប្បកម្ម និងកសិកម្មពន្ធនាគារ។
លោក សន កែវ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថាជាគោលការណ៍ការគ្រប់គ្រង និងការប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីកម្មវិធីឧស្សាហកម្ម សិប្បកម្ម កសិកម្មពន្ធនាគារត្រូវបានកំណត់ដោយអនុក្រឹត្យតាមសំណើរបស់ក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុន្តែលោកពុំបានចាំអំពីនីតិវិធីនៃការចែកប្រាក់ដល់ទណ្ឌិតនោះទេ។
លោកបានថ្លែងថា៖«បើនិយាយថាមិនបែងចែកប្រាក់ចំណូលឲ្យទៅទណ្ឌិតដូចជាមិនមានទេពីព្រោះកន្លងមកទណ្ឌិតខ្លះបានសន្សំលុយផ្ញើទៅគ្រួសារនៅផ្ទះទៀតផង»។
លោកបានថ្លែងបន្តទៀតថាជាគោលការណ៍គឺត្រូវចែកមកក្រសួងប៉ុន្តែលោកពុំសូវដឹងច្បាស់នោះទេហើយពន្ធនាគារខ្លះដែលធ្វើតិចតួចគឺក្រសួងអនុគ្រោះឲ្យទុកឲ្យគេដោះស្រាយនៅតាមអង្គភាពរបស់គេ។
ទាក់ទិនទៅនឹងបញ្ហានេះលោក ភួង សុធា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងឲ្យដឹងថាទាក់ទិនទៅនឹងករណីដែលប្រើទណ្ឌិតឲ្យធ្វើការនោះលោកតែងតែទទួលបានព័ត៌មានកន្លងមកថាគឺមន្ត្រីប្រើទណ្ឌិតឲ្យធ្វើការប៉ុន្តែពុំដែលចែកចំណែកដែលទទួលបានផលឲ្យទៅដល់ទណ្ឌិតដូចដែលច្បាប់បានកំណត់នោះទេ។
លោកថ្លែងថា៖ «នៅក្នុងពន្ធនាគារនោះបើមិនដាំដំឡូងគឺគ្មានអ្វីទេដូចកន្លងមកមន្ត្រីឆ្មាំ ២ នាក់ត្រូវបានចាប់ខ្លួនដោយសារតែចែកចាយគ្រឿងញៀននៅក្នុងគុក»។
នាពេលបច្ចុប្បន្ននៅតាមមន្ទីរអប់រំកែប្រែរបស់ក្រសួងមហាផ្ទៃចំនួន ៤ និងពន្ធនាគារនៅតាមរាជធានីខេត្តចំនួន ២០ ទូទាំងប្រទេសមានអ្នកទោសចំនួន ១៦ ៨០៧ នាក់ដែលក្នុងនោះមានទណ្ឌិតជាស្ត្រីចំនួន ១៣៦២ នាក់ហើយនៅក្នុងនោះអ្នកដែលកាត់ទោសរួចមានចំនួន ៥ ២៥៦ នាក់ស្ត្រីមាន ៣ ១៧ នាក់។
យោងទៅតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញមានកម្រាស់ ៤០ ទំព័រដែលមានចំណងជើងថា «សិទ្ធិនៅលើការទិញដូរ៖ ជីវិតនៅក្នុងពន្ធនាគារកម្ពុជា» បានឲ្យដឹងថាការរំលោភបំពាន ការរើសអើង ការកេងប្រវ័ញ្ច អំពើពុករលួយ ឥទ្ធិពលនៃថ្នាក់ដឹកនាំក្នុងបន្ទប់ឃុំឃាំងដ៏មានអំណាចបានកំពុងកើតមានឡើង និងជាលក្ខណៈប្រព័ន្ធក្នុងប្រព័ន្ធពន្ធនាគារក្នុងប្រទេសកម្ពុជាបើទោះបីជាបានចាប់ផ្តើមជំហានក្នុងការកែទម្រង់ក៏ដោយ ក៏ឧបសគ្គមួយចំនួននៅតែកើតមាន។
នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា៖ «អ្នកដែលមិនមានថវិការស់នៅក្នុងស្ថានភាពលំបាកយ៉ាងខ្លាំងដោយពួកគាត់ជានិច្ចកាលគេងនៅលើកម្រាលឥដ្ឋផ្ទាល់ត្រូវគេបង្ខំឲ្យធ្វើការងារមិនសមរម្យ និងក្នុងករណីខ្លះមិនត្រូវបានគេអនុញ្ញាតឲ្យចេញទៅក្រៅបន្ទប់ឃុំឃាំងថែមទៀតផង។ ការទទួលបានសិទ្ធិពិសេសទទួលបានដោយសារតែការចំណាយលុយ»។
លោក សុភ័ក្ត ថ្លែងថា៖ «នៅខាងក្នុងមិនមានរបស់ហ្នឹងហូបទេទាល់តែចេញមកធ្វើការក្រៅទើបមានប៊ីយែរ និងត្រីសមុទ្រឆៅនេះហូប»៕