ភ្នំពេញៈ ទណ្ឌិត​ប្រមាណ​ ៤៦០ នាក់ ​ក្នុងនោះ​ស្រី​ចំនួន​ ៤៩ នាក់ ​ត្រូវ​បានស្នើ​លើកលែង​ឬបន្ធូរបន្ថយ​ទោស​ក្នុងឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ជាតិ​ខាងមុខ ​ដែល​មន្ត្រី​ពន្ធនា​គារ ​និយាយថា ​ពួកគេ​មួយចំនួន​ អាច​នឹង​ត្រូវបាន​លើកលែង​ទោស​ទាំងស្រុងនិង​ខ្លះទៀត​អាច​បន្ថយ​ពី​ទោស​មួយ​ជីវិត​មក ​២០ ឆ្នាំ។

លោក​ អង្គ វង្ស​វឌ្ឍានា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ​ ត្រួត​ពិនិត្យ ​និង​វាយតម្លៃ​សម្រាប់​ការលើកលែង ​និង​បន្ធូរ​បន្ថយ​ទោស ​កាលពី​ម្សិលមិញ ​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ​ដើម្បី​ពិនិត្យ​លើ​សំណើសុំ​អនុគ្រោះ​ទោស​របស់​គណៈកម្មការ​រាជធានី-​ខេត្ត ​ពន្ធនាគារ​រាជធានី-​ខេត្ត ​ចំនួន​ ១៨ ​និង​មណ្ឌល​អប់រំ ​កែប្រែ​ចំនួន ៤ ​សម្រាប់​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ។

លោក ​សុច សុផាន់​ណា​រ៉ា ​អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ ​និង​ព្រហ្មទណ្ឌ ​នៃ​ក្រសួង​យុត្តិធម៌ ​បាន​ថ្លែង​មុន​កិច្ច​ពិភាក្សា​ពី​ម្សិលមិញ​ថា​ ក្នុង​កិច្ចប្រជុំ​នេះ​ នឹង​ពិនិត្យមើល​សំណើ​ដែល​បានស្នើ​ឡើងលើ​បញ្ជី​ទណ្ឌិត​ចំនួន​ ៤៦០ នាក់ ​ក្នុង​នោះ​ស្រី​ចំនួន ៤៩ នាក់​ ដោយ​មាន​​ការស្នើលើកលែង​ទោស ​និង​បន្ធូរ​បន្ថយ​ទោស។

លោក​បន្តថា ​ចំពោះ​សំណើ​ទាំងនេះ​ គឺ​ផ្តោត​ទៅលើ ​ទណ្ឌិត ដែល​បាន​អនុវត្តទោស​នៅ​ក្នុង​ពន្ធនាគារ​បាន​ ១ ភាគ ៣​ នៃ​ ទោស​សរុប​ទាំងមូល ​និង​ទណ្ឌិត​ដែល​អនុវត្តទោស​បាន ២ ភាគ ៣ ​នៃ​ទោស​ទាំង​មូល ​ហើយ​គណៈកម្មការនឹងធ្វើ​ការ​វាយ​តម្លៃ​ឲ្យ​បាន​ហ្មត់ចត់ ​ដើម្បី​ឲ្យ​ការលើកលែង​ទោស ​និង​បន្ធូរបន្ថយមាន​ភាព​សុក្រឹត ​និង ​ឈរលើ​គោលការ​ណ៍ មនុស្ស​ធម៌​ជាធំ។

លោក​បញ្ជាក់ថា​៖ «ការ​វាយតម្លៃ​នេះគឺ​អាស្រ័យ​ទៅលើ​ឯកសារ​ពាក់ព័ន្ធសាលក្រម​ សាលដីកា​របស់​តុលាការ​ចូល​ជា​ស្ថាពរ ​ដើម្បី​យើង​នឹង​រៀបចំ​ជា​ព្រះរាជ​ក្រឹត្យ ​ហើយ​យើង​ផ្តោត​អារម្មណ៍​ទៅ​អំពើ​ដែល​ប្រព្រឹត្ត​ហ្នឹង ​ដែល​មិនមែន​ជាការ​កាច​សាហាវ ​ធ្ងន់ធ្ងរ ​ប៉ះពាល់​ដល់​សង្គម​ និង​ភាព​មិន​រាងចាល​របស់​ជនល្មើស​ដែល​ប្រ​ព្រឹត្ត​ហ្នឹង ​ដែល​គណៈ​កម្មការ​ថ្នាក់​ជាតិ ​នឹង​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់»។

ចំណែក​គោល​ការ​ក្នុងការ​លើកលែង​ទោសចំពោះ​អ្នក​ទោស​ជា​ស្ត្រី តាម​ការ​ស្នើឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​លោក​ សុផាន់​ណា​រ៉ា ​ក៏​អះអាង​ដែរ​ថា ​គណៈកម្មការ ​កំពុង​ពិនិត្យ ​និង​ជំរុញ​លើ​បញ្ហា​នេះ ​ព្រោះ​ស្ត្រី​ភាគច្រើន​ដែល​កំពុង​ជាប់​ពន្ធនាគារ ​គឺមាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ​ហើយ​ពួកគេ​គឺ​សុទ្ធតែ​ជា​ស្ត្រី​ដែលមាន​កូន​ តូច​ ខណៈដែល​ស្ត្រី​ប្រមាណ​ ២ ៤៤១ ​នាក់ កំពុង​ជាប់​ក្នុង​ពន្ធនាគារ។

តាម​លោក ​សុច សុផាន់​ណា​រ៉ា​ ជាទូទៅ​ក្នុង​ ១ ឆ្នាំ ​មានការ​ស្នើ​លើកលែង​ទោស ​បន្ធូរ​បន្ថយ​ទោស ​ចំនួន​៣ដង​ គឺ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​ពិធីបុណ្យ​អុំទូក ​និង​ពិធី​បុណ្យ​វិសាខ​បូជា​ជាដើម ​តែ​កាលពី​ឆ្នាំ ២០១៨ ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក៏មាន​ការបន្ធូរបន្ថយ​ទោស​ និង​លើកលែង​ទោស ​ទណ្ឌិត​ជា​ស្ត្រី​មួយចំនួន​ ដូចជា​ក្នុង​ពិធី​គម្រប់​ខួប ​និង​សម្ពោធ​វិមាន​ឈ្នះឈ្នះ​ជាដើម។

លោក ​អ៊ុច ពង្ស ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ បាន​និយាយថា តាម​សំណើ​របស់​គណៈកម្មការ​ថ្នាក់​រាជ​ធានី​-ខេត្ត ​ក្នុងការ​បន្ធូរ​បន្ថយ ​និង​លើកលែង​ទោស​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំថ្មី​នេះ ​គឺ​មាន​ការ​ស្នើសុំ​លើក​លែង​ទោស​ទាំង​ស្រុង​ដល់​ទណ្ឌិត​មាន​ចំនួន​ ៧២ នាក់ ​(ស្ត្រី ៣ នាក់)។

ដោយឡែកពី​ទោស​មួយជីវិត ​មក​ជាប់​ពន្ធនាគារ​ ២០ ឆ្នាំ​វិញ ​មាន​ចំនួន ​៧ នាក់ ​(ស្ត្រី ៣ នាក់)​ ហើយ​ការបន្ធូរបន្ថយ​ទោស​ចំនួន ១២ ខែ ​មាន ១៤៤ នាក់​ (ស្ត្រី​ ២១ នាក់)​ ចំណែក​បន្ធូរ​បន្ថយ​ទោស​ចំនួន​ ៩ ខែ ​មាន​ ៩២ នាក់​ (ស្ត្រី ៨ នាក់)​ និង​បន្ធូរ​បន្ថយ​ទោស​ ៦ ខែ ​គឺមាន​ចំនួន ​១៨២ នាក់ ​(ស្ត្រី ១៥ ​នាក់)។

លោក​បញ្ជាក់ថា​៖ «មណ្ឌល​អប់រំ​កែប្រែ​ និង​ពន្ធនាគារ​រាជ​ធានី-​ខេត្ត ​បានដាក់​សំណើ​មក ​ស្នើសុំ​ឲ្យ​គណៈកម្មការ​ថ្នាក់​ជាតិ ពិនិត្យ​វាយតម្លៃ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ទាំងនេះ​ គ្រាន់​តែ​ជាការស្នើ​របស់​គណៈកម្មការ​រាជធានី​ខេត្ត។ តែ​យើង​មិនទាន់​បាន​ប្រជុំ​អនុ​ម័ត ​ថា​តើ​សម្រេច​ឲ្យ​ប៉ុន្មាន​នាក់ទេ ​រង់ចាំ​ការពិនិត្យ​វាយ​តម្លៃ​ចប់​សិន»។

លោក​ ស៊ឹង សែន​ករុណា​ អ្នកនាំពាក្យ​សមាគមសិទ្ធិមនុស្ស​អាដហុក ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ចង់ឃើញ​ការស្នើ​សុំ​នៃ​ការលើកលែង ​និង​បន្ធូរ​បន្ថយទោស​នេះមាន​តម្លាភាព ដោយ​ពុំមាន​ភាព​លម្អៀង ​សម្រាប់​អ្នក ទោស​ទាំងអស់​ទូទាំង​ប្រទេស ​ជា​ពិសេស​សម្រាប់​អ្នកទោស​មនសិការ​ទាំង​ផ្នែក​នយោបាយ ​ដីធ្លី ​និង​សិទ្ធិ​មនុស្ស​ជាដើម។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​មិន​ដឹង​ថា ​ការពិនិត្យ ​និង​វាយ​តម្លៃ​ហ្នឹង ​វា​បាន​សុ​ក្រឹតប៉ុនណាទេ ​ប៉ុន្តែ​ខ្ញុំ​មានការ​ព្រួយ​បារម្ភ ​នៅ​ពេល​ឮថា ​ភាគច្រើន​នៃ​អ្នកទោស​ដែល​ស្នើ​លើកលែង​ទោស​ និង​បន្ធូរ​បន្ថយទោស​ទាំងនោះ ​សុទ្ធតែ​​ជា​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​ ជាពិសេស​នោះ​គឺ​បទ​ល្មើស​គ្រឿងញៀន។ រដ្ឋាភិបាល ​ហាក់​​ឲ្យ​តម្លៃ ​អ្នក​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ឧក្រិដ្ឋ​ផ្សេងៗ​ជាង​អ្នក​ដែល​គាត់​ធ្វើ​កិច្ច​ការងារ​សង្គម​ ក្នុងការ​ទទួល​បាន​នូវ​សិទ្ធិ​នេះ»។

បន្ថែម​ពីនេះ​លោក​និយាយ​ថា​ រដ្ឋាភិបាលគួរ​ពិចារណា​ចំពោះ​អ្នកទោស​នយោបាយ​ និង​អ្នកទោស​មនសិការទាំង​នោះ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ផងដែរ​ ជា​ជាង​លើកលែង​ទោស ​និង​បន្ធូរ​បន្ថយ​ទោស​សម្រាប់​តែ​អ្នកទោស​ដែល​ជាប់​ពាក់ព័ន្ធ ​នឹង​បទ​ល្មើស​ និង​ទោស​ឧក្រិដ្ឋ​ផ្សេង​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ជាថ្មី​ដល់​សង្គម៕