កណ្តាលៈ ទណ្ឌិត​ចំនួន​ ១០០ ​នាក់​ថែមទៀត​ ត្រូវបាន​ផ្ទេរ​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល ទៅកាន់​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ដើម្បី​ទទួល​បាន​ការបណ្ដុះបណ្ដាល​មុខវិជ្ជាជីវៈ ស្ដារ​នីតិសម្បទា សម្រាប់​បំណិន​ជីវិត ក្រោយពេល​អនុវត្ត​ទោស​របស់​ខ្លួន​តាម​កាលកំណត់​នៃ​ច្បាប់​។

លោក ចាត ស៊ីនាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃអាទិត្យ​ថា ពិធី​ផ្ទេរ​ទណ្ឌិត​ទាំង​ ១០០ ​នាក់​ ដែល​សុទ្ធសឹង​ជា​បុរស និង​ជា​អ្នក​​ដែល​មានទោស​ពាក់ព័ន្ធ​ក្នុង​បទល្មើស លួច​មាន​ស្ថាន​ទម្ងន់​ទោស និង បទល្មើស​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី ២០ ខែ កុម្ភៈ​ ឆ្នាំ ២០២១​។ នៅក្នុង​ដំណើរការ​ផ្ទេរ និង​ដឹកជញ្ជូន​ទណ្ឌិត​ទាំង​ ១០០ ​នាក់​ ពី​ពន្ធនាគារ​ខេត្តកណ្ដាល​ទៅ​កាន់​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​នេះ​គឺមាន​ការជួយ​អន្តរាគមន៍​ផ្នែក​សន្តិសុខ​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង កម្លាំង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​។

លោក ស៊ីនាង បាន​បញ្ជាក់ថា​៖ «​ដោយសារ​នៅ​ពន្ធនាគារ​យើង​មាន​ទីធ្លា​តូចចង្អៀត និង​កង្វះ​កម្មវិធី​បណ្ដុះបណ្ដាល​ស្ដារ​នីតិសម្បទា សម្រាប់​បំណិន​ជីវិត ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ផ្ទេរ​ទណ្ឌិត​មួយចំនួន​ទៅ​កាន់​ពន្ធនាគារ​ជា​ដៃគូ ដើម្បីឱ្យ​ពួកគេ​ទទួល​បាន​ឱកាស​បណ្ដុះបណ្ដាល​លើ​មុខ​ជំនាញ​ផ្សេងៗ សម្រាប់​បំណិន​ជីវិត ក្រោយ​អនុវត្ត​ទោស​របស់​ពួកគេ​រួច​»​។

បើតាម​លោក​ ស៊ីនាង នៅពេល​នេះ​ពន្ធនាគារ​ខេត្តកណ្ដាល​មាន​ទណ្ឌិត​សរុប​ជាង​ ៧០០ ​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ជាង​ ១០០ ​នាក់​។ ពន្ធនាគារ​នេះ​មាន​ផ្ទៃដី​ប្រមាណ​ជាង​ ១ ​ហិកតា គឺមាន​លក្ខណៈ​តូចចង្អៀត មិនអាច​បង្កើត​ និង​ពង្រីក​កម្មវិធី បណ្ដុះបណ្ដាល​លើ​មុខវិជ្ជា​ស្ដារនីតិសម្បទា​ដល់​ជន​ជាប់ឃុំ​បាន​ច្រើន​នោះទេ​។

ការផ្ទេរ​ទណ្ឌិត​ ១០០ ​នាក់​ ទៅកាន់​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ​ក៏​មិនមែន​ជា​លើក​ទី​១ ​ដែរ​។ កាលពី​ថ្ងៃទី​ ៨ ខែ កុម្ភៈ​ ឆ្នាំ​ ២០២១ ទណ្ឌិត​ចំនួន​ ១០០ ​នាក់​ ត្រូវបាន​ផ្ទេរ​ចេញពី​ពន្ធនាគារ​ខេត្ក​កណ្ដាល​ទៅកាន់​មណ្ឌល​កែប្រែ​ភ្នំក្រវាញ​ឬ (​ម​ ៤) ក្នុង​ខេត្តពោធិ៍សាត់ ដែល​ជា​ពន្ធនាគារ​គំរូ​មួយ​ដែល​មាន​កម្មវិធី​បណ្ដុះ​បណ្ដាល​មុខវិជ្ជា​ជីវៈ ស្ដារនីតិសម្បទា​ល្អ​ជាងគេ​នៅ​កម្ពុជា បន្ទាប់ពី​ពន្ធនាគារ​ខេត្តសៀមរាប​។

លោក ភិន យ៉ាន ប្រធាន​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេលនេះ​ទណ្ឌិត​ទាំងនោះ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​។ ពួកគេ​កំពុង​ត្រូវបាន​រៀបចំ​ដាក់បញ្ចូល​នៅក្នុង​វគ្គបណ្ដុះបណ្ដាល​លើ​មុខជំនាញ​ផ្សេងៗ​ទៅ​តាម​ការសម្រេចចិត្ត​របស់​ពួកគេ​ផ្ទាល់​។

លោក​បញ្ជាក់​​ថា​៖ «​ពន្ធនាគារ​របស់​យើង មាន​កម្មវិធី​បណ្ដុះបណ្ដាល​លើ​មុខវិជ្ជា​ស្ដារនីតិសម្បទា​ជាច្រើន រួមមាន ការដាំដុះ​បន្លែបង្ការ ចិញ្ចឹមសត្វ ចម្លាក់​គ្រឿងសង្ហារិម​ពី​ឈើ និង​ផ្សារ​ដែក សម្រាប់​ទណ្ឌិត​ដែល​ត្រូវបាន​ផ្ដន្ទាទោស​ក្នុង​បទព្រហ្មទណ្ឌ​កម្រិត​មជ្ឈិម​»​។

ចំណែក​លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​ថ្លែង​ពីថ្ងៃ​ទី​ ២១ ​កុម្ភៈ​ថា​ ពន្ធនាគារ​ត្រពាំងផ្លុង មាន​កម្មវិធី​ស្ដារ​នីតិសម្បទា​សម្រាប់​ទណ្ឌិត​ដែល​មាន​កម្រិត​ទោស​ស្រាល​ដោយសារ​តែ​ពន្ធនាគារ​នេះ​មាន​រោង​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ កែច្នៃ​គ្រឿងសង្ហារិម​ពី​ឈើ និង​ដែក និង​ជំនាញ​បច្ចេកទេស​នៃ​ការដាំដុះ​បន្លែបង្ការ និង​ការចិញ្ចឹម​សត្វ​។ លោក​ថា​៖ «​ជា​ផែនការ​យុទ្ធសាស្ត្រ យើង​ចាំបាច់​បង្កើត​ឱ្យ​មាន​កម្មវិធី​ទាំងនេះ នៅ​គ្រប់​ពន្ធនាគារ​ទាំងអស់ អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ទីតាំង​ពន្ធនាគារ​នីមួយៗ​»៕