ភ្នំពេញៈ ទណ្ឌិត​ចំនួន​ ១៥៥ ​នាក់​ (​ស្រី​ ១៨ ​នាក់​) ​ក្នុងចំណោម​​ទណ្ឌិត​ ៣៩៩ ​នាក់​ ត្រូវ​បាន​គណៈកម្មការ​ជាតិ​ពិនិត្យ​ និង​វាយតម្លៃ​នៃ​ក្រសួង​យុត្ដិធម៌​សម្រេច​ធ្វើសំណើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​សម្រេច​មុនពេល​ទូលថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ទទួល​បានការ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​មុន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ខែមេសា​ខាងមុខនេះ​។

លោក​ គឹម សន្ដិភាព រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្ដិធម៌​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រោយពេល​កិច្ចប្រជុំ​របស់​គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​កាលពី​សប្ដាហ៍​មុន គឺ​អង្គប្រជុំ​បាន​សម្រេច​ជ្រើសរើស​ទណ្ឌិត​ចំនួន​ ១៥៥ នាក់​ (​ស្រី​ ១៨ នាក់​) ដាក់ជូន​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​សម្រេច​ទូលថ្វាយ​ព្រះមហាក្សត្រ​ក្នុងការ​ផ្ដល់​ការអនុគ្រោះ​ទោស​នាឱកាស​មុន​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ខែមេសា​។

លោក​ថ្លែងថា​៖ «​ក្រោយពី​កិច្ចប្រជុំ​លើ​សំណើសុំ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​​សរុប​ ៣៩៩ ​នាក់​ (​ស្រី​ ៤៣ ​នាក់​) ​ជា​លទ្ធផល​អង្គប្រជុំ​បានសម្រេច​ធ្វើសំណើ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​សម្រេច​ទូលថ្វាយ​ព្រះមហាក្សត្រ​ជា​ទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត​ក្នុង​ការផ្តល់​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​ ១៥៥ ​នាក់​ (​ស្រី​ ១៨ ​នាក់​)»​។

បើតាម​លោក គឹម សន្ដិភាព ទណ្ឌិត​ដែល​ត្រូវ​បានផ្ដល់​ការអនុគ្រោះ​ទោស​​ទាំង​ ១៥៥ នាក់​នោះ​មានដូចជា បន្ថយទោស​ ៦ ​ខែ​ចំនួន​ ៤៥ ​នាក់​ (​ស្រី​ ១០ ​នាក់​)​។ បន្ថយទោស​ ៩ ​ខែ​ចំនួន​ ៣៥ ​នាក់​ (​ស្រី​ ១ ​នាក់​)​។ ​បន្ថយទោស​ ១២ ​ខែ ចំនួន​ ៤៨ ​នាក់​ (​ស្រី​ ៤ ​នាក់​)​។ រីឯ​ការលើកលែងទោស​ចំនួន​ ២៧ ​នាក់​ (​ស្រី​ ៣ ​នាក់​)​។

អ្នកនាំពាក្យ​រូបនេះ​បាន​ឱ្យ​ដឹងថា​ដំណើការ​នៃ​ការអនុគ្រោះ​ទោស​នេះ​គឺ​បន្ទាប់ពី​គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ​របស់​ក្រសួងយុត្តិធម៌ បានទទួល​សំណើ​ពី​គណៈកម្មការ​រាជធានី-ខេត្ត​ចំនួន​ ២២ (​ពន្ធនាគារ​ ២២) និង​ពី​គណៈកម្មការ​ក្រសួងមហាផ្ទៃ​ (​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​ ៤) ​ដែលមាន​ឈ្មោះ​ទណ្ឌិត​សរុប ៣៩៩ ​នាក់​ (​ស្ដ្រី​ ៤៣ ​នាក់​)​។

លោក​សន្តិភាព​បាន​បញ្ជាក់ថា​៖ «​យើង​ផ្ដល់​ភាពអនុគ្រោះ​ទៅលើ​ប្រភេទ​បទល្មើស​ស្រាល​ប្រភេទ​ទណ្ឌិត​ដែល​ទទួល​អនុវត្ដ​ទោស​បាន​តាម​លក្ខខណ្ឌ ហើយ​សល់​រយៈពេល​តិចតួច​សល់​រយៈពេល​ខ្លី ឬ​មួយ​ក៏​ជា​ទណ្ឌិត​ដែលមាន​ភាព​ចាស់ជរា​នៅក្នុង​ពន្ធនាគារ​មាន​ជំងឺ​រ៉ាំរ៉ៃ ឬក៏​ជា​ទណ្ឌិត​ដែលមាន​ពិការភាព​ជាដើម​។ ដូច្នេះហើយ​យើង​បានធ្វើការ​ពិនិត្យ​ល្អិតល្អន់​ណាស់​ចំពោះ​ចំនួន​ទណ្ឌិត​ដែល​ត្រូវ​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​នេះ​គឺ​គណៈកម្មការ​ជាតិ​បាន​ពិនិត្យ​វាយតម្លៃ​រួចរាល់​អស់ហើយ​នៅ​រង់ចាំ​តែ​ឯកសារ​មួយចំនួន​ដើម្បី​បំពេញ​បង្គ្រប់​ដែល​អាច​នឹង​រួចរាល់​នៅ​សប្ដាហ៍​ក្រោយ​»​។

គួររំឭកថា កាលពី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ក្នុង​ឆ្នាំមុន​មាន​ទណ្ឌិត​ចំនួន​ ១៣៤ ​នាក់ ​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​បន្ធូរបន្ថយ និង​លើកលែងទោស​។ ​ក្នុង​ចំណោម​នោះ​រួមមាន​ស្នើ​បន្ថយទោស​ ៦ ​ខែ​ ៥៧ ​នាក់​ (​ស្រី​ ៦ ​នាក់​)​។ ​ស្នើ​បន្ថយទោស​ ៩ ​ខែ​ចំនួន​ ១៩ ​នាក់​ (​ស្រី​ ២ ​នាក់​)​។ ស្នើ​បន្ថយទោស​ ១២ ​ខែ​ចំនួន​ ៤០ ​នាក់​ (​ស្រី​ ១៧ ​នាក់​)​។ ​ស្នើ​បន្ថយទោស​ពី​ ១- ​ជីវិត​មក​ត្រឹម​ ២០ ​ឆ្នាំ​ចំនួន​ ២ ​នាក់ (​ស្រី​ ២- ​នាក់​) ​និង​ស្នើ​លើកលែងទោស​មាន​ចំនួន​ ១៦ ​នាក់​ (​ស្រី​ ១ ​នាក់​)៕