ភ្នំពេញៈ អ្នក​ទោស​ចំនួន ៣៤ នាក់​ត្រូវ​បាន​បន្ទូរបន្ថយ និង លើក​លែង​ទោស នៅ​ថ្ងៃ​បុណ្យ​វិសាខ​បូជា ខណៈ​ដែល​មាន​ការ​ស្នើ​សុំ​លើក​លែង​ទោស​និង​បន្ធូរ​បន្ថយ​ទោស​ពី​ព្រះមហាក្សត្រ​ជាង ២០០ នាក់។

មាន​អ្នក​ទោស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​លើក​លែង​ទោស ចំណែកឯ ៣៣ នាក់​ផ្សេង​ទៀត ត្រូវ​បាន​បន្ទូរ​បន្ថយ​ទោស​ចាប់​ពី ១២ ខែ ៩ ខែ និង ៦ ខែ។ អ្នក​ទោស​ប្រមាណ ២២៨ នាក់​ដែល​កំពុង​នៅ​ក្នុង​ពន្ធនាគារ​ចង្អៀត​ណែនតាន់​តាប់​របស់​ប្រទេស​កម្ពុជា បាន​ស្នើ​សុំ​ការ​លើក​លែង​ទោស នៅ​មុន​ថ្ងៃ​បុណ្យ​វិសាខ​បូជា។

អ្នក​នាំ​ពាក្យ​ក្រសួង យុតិ្តធម៌ លោក ជិន ម៉ាលីន បាន​ថ្លែង​ថា៖ «ជាទូទៅ អ្នក​ដែល​ទទួល​បាន​ការ​លើក​លែង​ទោស ឬ​បន្ធួរ​បន្ថយ​ទោស គឺជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើល​ស្រាលៗ​មិន​មែន​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ទេ»។

លោក​បន្ថែម​ថា៖ «មិន​មាន​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដូច​ករណី​ប្លន់​ករណី​ឃាតកម្ម ករណី​រំលោភ​នោះ​ទេ ប៉ុន្តែ​ជា​ករណី​តូចតាច​ ដូចជា​ករណី​លួច​ឆក់ ឬ រំលោភ​សេចក្តី​ទុក​ចិត្ត​ជាដើម»។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ម្នាក់​ទៀត​គឺ​លោក គីម សន្តិភាពបាន​ថ្លែង​ថា ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួល​ការ​បន្ទូរ​បន្ថយ​ទោស គឺ​មាន​ស្ត្រី​ម្នាក់ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ​តើ​គាត់​មាន​ផ្ទៃ​ពោះ ឬ​មាន​កូន​នៅ​ក្នុង​គុក​នោះ​ទេ។

ការ​ចុះ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​សប្ដាហ៍​មុន បាន​គូស​បញ្ជាក់​អំពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង នៃ​ចំនួន​កុមារ​តូចៗ នៅ​ក្នុង​ពន្ធនាគារ​ចំ​ពេល​មាន​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​ក្តៅ​គគុក​របស់​អាជ្ញាធរ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស ទោះ​បី​ជា​មាន​ការ​លើក​លែង​ទោស​មួយ​ចំនួន ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ និង ស្ត្រី​ដែល​មាន​កូន​នៅ​ក្នុង​ពន្ធនាគារ កាល​ពី​ឆ្នាំ ២០១៥ ក្តី។

មាន​ការ​លើក​លែង​ទោស​និង​បន្ធួរ​បន្ថយ​ទោស ចំពោះ​អ្នក​ទោស​ចំនួន ៥០ នាក់​នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​រួច​មក​ហើយ​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន ៨ នាក់​ត្រូវ​បាន​លើក​លែង​ទោស។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្តេជ្ញា​ថា គ្មាន​ការ​លើក​លែង​ទោស​ណា​មួយ ទៅ​ឱ្យ​សមាជិក​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​នោះ​ទេ នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ខាង​មុខ​ ដោយ​បាន​ប្រាប់​អ្នក​ទោស​នយោបាយ​ទាំង​នោះ​ថា ពួកគេ​ត្រូវ​រង់​ចាំ​រយៈពេល ១០ ឆ្នាំ​ទៀត​នៅ​ពេល​ដែល​មាន​នាយក​រដ្ឋ​មន្ត្រី​ថ្មី៕ NS