ភ្នំ​ពេញៈ ទណ្ឌិត​ ៣២១ នាក់ត្រូវ​​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​លើក​លែង និង​ បន្ធូរ​បន្ថយ​ទោស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ​ ខណៈ​​​​ក្រសួង​យុត្តិធម៌​​ និង ស្ថាប័ន​​ពាក់​ព័ន្ធ​កំពុង​ពិនិត្យ​ពិចារ​ណា​ការ​ស្នើ​សុំ​ ​នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ក្រសួង​យុត្តិ​ធម៌។​

លោក ​សុច​ ​សុផា​ណារ៉ា​ អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​កិច្ច​ការ​អយ្យ​ការណ៍នៃ​ក្រ​សួង​យុត្តិ​ធម៌​បាន​ថ្លែង​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​០៤ មេសានេះ​ថា ​មាន​ទណ្ឌិត​សរុប​ ៣២១​ នាក់​ ក្នុង​នោះ​មាន​ស្ត្រី ​២៨ ​នាក់។ ​លោក​និយាយ​ថា​ ​ទណ្ឌិត​ទាំង​នេះ​កំពុង​ជាប់​ពន្ធ​នា​គារ​ខេត្ត​ក្រុង​ចំនួន ២០​ ​និង ​​មណ្ឌល​អប់រំ​កែ​ប្រ​ចំ​នួន ​៤។​

លោក​​ថ្លែង​ថា ​ការ​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ទណ្ឌិត​ដែល​បាន​អនុវត្ត​​ទោស​បាន​១ភាគ​៣​នៃ​ទោស​សរុប​ ​ហើយ​ទណ្ឌិត​​អាច​សុំ​លើក​លែង​ទោស​បាន​នៅ​ពេល​ពួក​គេ​បាន​អនុ​វត្ត​ទោស​ ២​​ ភាគ ៣។ ​

លោក​ថ្លែង​ថា​ចំពោះ​គោល​ការណ៍​​ដែល​ក្រសួង​ពាក់​ព័ន្ធ​សម្រេច​យល់​ព្រម​បន្ធូរ​បន្ថយ​នោះ​ អា​ស្រ័យ​លើ​ «​ការ​កែប្រែ​របស់​ទណ្ឌិត​​ក្នុង​ពន្ធនា​គារ ​ភ្ជាប់​ជា​មួយ​ឯកសារ​ពាក់​ព័ន្ធ ​ជា​ពិ​សេស​សាល​ក្រម​​សាល​ដីកា​ស្ថាពរ។

លោក​ថ្លែង​ថា៖« អ្វី​ដែល​កែ​ប្រែ​គឺ​យើង​ពិនិត្យ​លើ​ទណ្ឌិត​ដែល​គាត់​អនុវត្ត​ល្អ​​មាន​ការ​ប្រឡង​ប្រណាំង​នៅ​ក្នុង​ពន្ធ​នាគារ​ ហើយ​ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​តាម​ឋា​នុ​ក្រម​ គឺ​គណៈ​ក​ម្ម​ការ​ខេត្ត​​ ដឹក​នាំ​ដោយ​អភិបាល​ខេត្ត​ ​និង​ស្ថាន​អយ្យកា​រ​និង​ស្ថា​ប័ន​ពាក់​ព័ន្ធ»។​

លោក ​សុផា​ណារ៉ា​ និយាយ​ថា​ក្រសួង​ពាក់​ព័ន្ធ​នឹង​មិន​ពិចារណា​លើ​ការ​ស្នើ​សុំ​របស់​​ទណ្ឌិត​ដែល​មិន​រាង​ចាល ឬ​បាន​ប្រព្រឹត្ត​បទ​ល្មើស​កាច​សា​ហាវ​ដែល​មាន​ព្យ​ស​នកម្ម​ធ្ងន់​ធ្ងរ។​

ក្នុង​ចំណោម​ ៣២១​ នាក់ មាន​ជន​បរទេស​ប្រហែល​ ១០ ​ភាគ​រយ ​រួម​មាន​ជន​ជាតិ​ចិន​ផងដែរ។ ​

ទាក់​ទង​នឹង​អ្នក​ជាប់​ទោស​រឿង​នយោ​បាយ ​លោក​សុផាណា​រ៉ា ​និយាយ​ថា ​ក្នុង​តារាង​ឈ្មោះ​ទាំង​ ​៣២១​ នេះ​ មិន​មាន​​បញ្ជាក់​ថា​អ្នក​ណា​​មាន​តួនាទី​អ្វី​ទេ ​ដោយ​សារ​គណៈ​កម្ម​ការ​ពិនិត្យ​តែ​ឈ្មោះ​ បទ​ល្មើស​ ការ​កែប្រែ​ខ្លួន​ និង​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ។​

នៅ​ពេល​សួរ​ថា​មាន​ឈ្មោះ​អ្នក​ស្រី​ ទេព​ វន្នី​ ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ទាំង​ ៣២១​ នោះ​ លោក​ ​សុច​ ​សុផា​ណា​រ៉ា​ និយាយ​ថា៖​ ​«ឈ្មោះ​នេះ​ គណៈ​កម្មការ​ ក៏​ដូច​ជា​លេខា​ធិការ​ដ្ឋាន​មិន​បាន​ឃើញ​មាន​ឈ្មោះ​នេះ​ទេ»។

កាល​ពី​ខែ​មីនា លោក​នាយរដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា លោក​នឹង​មិន​លើក​លែង​ទោស​ដល់​អ្នក​ទោសនៃ​អតី​ត​​គណបក្ស​ប្រឆាំង​ឡើយ។

លោក​ថ្លែង​ថា៖«សូម្បី​អា​អ្នក​ជាប់​គុក​នៅ​ភ្នំពេញ ដែល​សុំ​លើក​លែង​ទោស​ ជាប់​គុក​បន្ថែម​ដែរ គ្មាន​លើក​ឲ្យ​ឯង​ទេ ដោយ​សារ​តែ​អា​ពួក​អា​មេ​ចង្រៃ វា​ធ្វើ​សកម្មភាព​បែប​ហ្នឹង អ៊ី​ចឹង​សុំ​បន្ត​ជាប់​គុក​ត​ទៅ​ទៀត​ទៅ​…អ្នក​ខ្លះ​សុំ​មក​ខ្ញុំ​តើ​ ផ្ញើ​តាម​ទូត​ផង​ ផ្ញើ​តាម​អ្នក​នេះ​ផង​ ឯង​ដោះ​លែង ហុង សុខហួរ មួយ គេ​ថា​អាហ្នឹង​សម្ពាធ​អន្តរជាតិ អើ អ៊ី​ចឹង បើ​កាល​ណា​នៅ​បន្ត​ធុន​ហ្នឹង អញ​មិន​លើក​លែង​ឲ្យ​អា​ណា​ទេ​...​ពីព្រោះ​អា​ខ្លះ​ សាល​ក្រម​អត់​ទាន់​ចូល​ស្ថាពរ​ទេ​ណា​ នៅ​ក្ដី​នៅ​ឡើយ​ទេ»៕