
ក្រុមអ្នកទោសជាប់ពន្ធនាគារនៅខេត្តពោធិសាត់ពេលសមត្ថកិច្ចបញ្ចេញឲ្យធ្វើពលកម្មនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ទណ្ឌិតចំនួន ៣៤ នាក់ក្នុងចំណោម ២២៨ នាក់ដែលស្នើដោយគណៈកម្មការអ្នកច្បាប់ពីក្រសួងមហាផ្ទៃត្រូវបានគណៈកម្មការជាតិបានពិនិត្យ និង សម្រេចបន្ធូរបន្ថយទោស និង លោកលែងទោសនៅក្នុងពិធីបុណ្យពិសាខបូជា នៅថ្ងៃអាទិត្យនេះ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរតាមបណ្តាញតេឡេក្រាម នៅថ្ងៃអាទិត្យនេះថា៖ «គណៈកម្មការជាតិបានពិនិត្យ និងសម្រេចស្នើសុំការអនុគ្រោះដល់ទណ្ឌិត សរុប ៣៤រូប (ស្រី្តម្នាក់) ក្នុងនោះបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ៣៣រូប (ស្ត្រី១រូប) និងលើកលែងទោសដល់ទណ្ឌិត ១ រូប សម្រាប់ឱកាសបុណ្យពិសាខបូជា ឆ្នាំ ២០១៨នេះ ក្នុងចំណោមបញ្ជីដែលបានស្នើសុំពីគណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការរាជធានីខេត្តចំនួន ២២៨ រូប (ស្ត្រី១៨ រូប)»។
កាលពីរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៨ ទីស្តីការក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសបុណ្យពិសាខបូជា ដែលទទួលបានពីគណៈកម្មការថ្នាក់រាជធានីខេត្ត (ពន្ធនាគារចំនួន ១៨) និងគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន ៤) លើបញ្ជីទណ្ឌិតស្នើសុំសរុប ២២៨ នាក់ (ស្ត្រី ១៨ នាក់)»៕