ភ្នំពេញៈ ទណ្ឌិត​ប្រមាណ​ ៥០ ​នាក់​ក្នុង​ចំណោម​ឈ្មោះ​ស្នើសុំ​សរុប​ ៣២១ ​នាក់​ត្រូវ​បាន​គណៈកម្មការ​សម្រេច​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ដើម្បី​សុំ​ព្រះរាជទាន​បន្ធូរបន្ថយ និង​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ក្នុង​នោះ​ ៨ ​នាក់​នឹង​ត្រូវ​លើកលែង​ទោស និង​ ៤២ ​នាក់​នឹង​ត្រូវ​បន្ថយទោស ប៉ុន្តែ​ពុំ​មាន​បញ្ជាក់​ពី​ឈ្មោះ​អតីតមន្ត្រី​គណបក្ស​ប្រឆាំង​ទេ​។ នេះ​បើ​តាម​លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កាលពី​ម្សិលមិញ​។

លោក គឹម សន្តិភាព បាន​ប្រាប់​ឲ្យ​ដឹង​ថា​អ្នក​ទោស​ប្រមាណ​ជា​ ៥០ ​នាក់​នឹង​ត្រូវ​បន្ធូរបន្ថយ និង​លើកលែង​ទោស​ក្នុង​ចំណោម​អ្នក​ទោស​ជាង​ ៣០០ ​នាក់​នៅ​ទូទាំង​រាជធានី-ខេត្ត​។

លោក​ថា​៖ «​គណៈកម្មការ​ជាតិ​បាន​ពិនិត្យ និង​សម្រេច​ស្នើសុំ​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​​ ៥០ ​រូប ​(​ស្ត្រី​ ៦ ​រូប​) ​ក្នុង​នោះ​បន្ធូរ​បន្ថយ​ទោស​ ៤២ ​រូប​ (​ស្ត្រី​ ៥ ​រូប​) ​និង​លើកលែង​ទោស​ ៨ ​រូប​​ (​ស្ត្រី​ ១ ​រូប​) ​សម្រាប់​ឱកាស​បុណ្យ​​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ​ក្នុង​ចំណោម​បញ្ជី​ដែល​បាន​ស្នើសុំ​ពី​គណៈកម្មការ​ក្រសួង​មហាផ្ទៃ និង​គណៈកម្មការ​រាជធានី-ខេត្ត​ចំនួន​ ៣២១ ​នាក់​»​។

លោក នុត សាវនា អ្នក​នាំពាក្យ​​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​កម្ពុជា​​គ្មាន​អ្នក​ទោសនយោបាយ​ទេ ប៉ុន្ដែ​ចំពោះ​អ្នកទោស​ដោយសារ​ដីធ្លី និង​អ្នកទោស​ដែល​ថា​ខ្លួន​ជា​សកម្មជន​អ្វី​ផ្សេង​នោះ​គឺ​ពួកគាត់​មិន​ទាន់​អនុវត្ត​ទោស​បាន​ ១ ​ភាគ​ ៣ ​នៃ​ទោស​សរុប​នៅ​ឡើយ​។ ចំណែក​ទណ្ឌិត​អាច​សុំ​លើកលែង​​ទោស​បាន​នៅ​ពេល​ពួកគេ​បាន​អនុវត្ត​ទោស​ ២ ​ភាគ ៣ ​រួចរាល់​។

លោក​ថា​៖ «​អាហ្នឹង​វា​ខុស​ពី​​គោលការណ៍ ហើយ​គោលការណ៍​​យើង ក្រៅពី​លក្ខខណ្ឌ​ ១ ​ភាគ​ ៣ ​ឬ​ ២ ​ភាគ​ ៣ និង​លក្ខខណ្ឌ​ធំ​បំផុត​គឺ​ការកែ​ខ្លួន​របស់​ពួកគាត់ ហើយ​ការវាយតម្លៃ​របស់​គណៈកម្មការ​គឺថា​ពួកគាត់​ប្រព្រឹត្ត​អ្វី​ប៉ះពាល់​ដល់​សង្គម​... អ៊ីចឹង​គឺ​ខាង​គណៈកម្មការ​មិន​អាច​លើកលែង​ ឬ​បន្ធូរបន្ថយ​ទោស​ឲ្យ​បាន​ទេ ហើយ​វា​ខុស​ពី​នីតិវិធី​របស់​យើង​»​។

លោក អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ថ្លែង​ថា ការ​​លើកលែង​ទោស​នាពេល​នេះ​​ហាក់​មាន​កម្រិត​តិច​បំផុត ក្រោយ​​ពី​មាន​ប្រតិកម្ម​ពី​លោក​នាយករដ្ឋមន្ត្រី​កន្លង​មក ប៉ុន្តែ​លោក​ថា​ការ​ចម្រាញ់​ល្អ​ជាង​មុន​។

លោក​ថា​៖ «​ការ​ចម្រាញ់​នេះ​​វា​មាន​ភាព​ល្អប្រសើរ​ជាង​មុន​ព្រោះ​គណៈកម្មការ​អន្តរក្រសួង​ទើប​តែ​យកចិត្ត​ទុកដាក់ ហើយ​ខ្ញុំ​គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ​។

កន្លង​មក​គេ​សង្កេត​ឃើញ​ថា​​ការដែល​លើកលែងទោស​ច្រើន​​ពេក​គឺ​វា​អាច​នឹង​មាន​ភាព​មិន​ប្រក្រតី​តាមរយៈ​ការ​សូកប៉ាន់​ណា​មួយ​កើតឡើង​»​។

ចំណែក​លោក សុច សុផាណារ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ​នៃ​ក្រសួង​យុត្តិធម៌​ធ្លាប់​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៤ ខែ​មេសា​ថ្មីៗ​នេះ​​ថា ទណ្ឌិត​ទាំង​ ៣២១ ​នាក់​នោះ មាន​ស្ត្រី​ ២៨ ​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ក្រុង​ចំនួន​ ២០ ​និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​ ៤ ​។

លោក​ថ្លែង​ថា​ចំពោះ​គោលការណ៍​ដែល​ក្រសួង​ពាក់ព័ន្ធ​យល់​​ព្រម​គឺ​អាស្រ័យ​លើ​ «​ការកែប្រែ​របស់​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ពិសេស​សាលក្រម​ ឬ​សាលដីកា​ស្ថាពរ​។ ​អ្វី​ដែល​កែប្រែ​គឺ​យើង​ពិនិត្យ​លើ​ទណ្ឌិត​ដែល​គាត់​អនុវត្ត​ល្អ មាន​ការ​ប្រឡង​ប្រណាំង​ក្នុង​ពន្ធនាគារ ហើយ​ការស្នើសុំ​នេះ​ធ្វើ​ឡើង​តាម​ឋានានុក្រម​គឺ​គណៈកម្មការ​ខេត្ត​ដឹកនាំ​ដោយ​អភិបាល​ខេត្ត និង​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​ពាក់ព័ន្ធ​»​។

បើ​តាម​លោក សុផាណារ៉ា ក្នុង​ចំណោម​ទណ្ឌិត​ ៣២១ ​នាក់​នោះ​មាន​ជនបរទេស​ប្រហែល​​ ១០ ​ភាគរយ​។

ទាក់ទង​នឹង​អ្នក​ជាប់ទោស​រឿង​នយោបាយ លោក សុផាណារ៉ា បាន​ថ្លែង​ថា ក្នុង​តារាង​ឈ្មោះ​គ្មាន​បញ្ជាក់​ពី​តួនាទី​អ្វី​ទេ ដោយសារ​គណៈកម្មការ​ពិនិត្យ​តែ​ឈ្មោះ បទល្មើស ការកែប្រែ​ខ្លួន និង​ឯកសារ​ភ្ជាប់​ជាមួយ​។

គួរ​រំឭក​ថា​កាលពី​ឆ្នាំ​មុន ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​លើកលែង និង​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​ ១៥៧ ​នាក់​ក្នុង​នោះ​មាន​លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ម្នាក់​ផង​ដែរ​។

ទណ្ឌិត​ទាំង​ ១៥៧ ​នាក់​ដែល​ត្រូវ​លើកលែង និង​បន្ធូរ​បន្ថយ​ទោស​មាន​ដូចជា​៖ ​បន្ធូរ​បន្ថយ​ទោស​ ៦ ​ខែ​មាន​ ៨៣ ​នាក់ (​ស្រី​ ១០ ​នាក់​) ​បន្ថយ​ទោស​ ៩ ​ខែ មាន​ ៤២ ​នាក់ ​(​ស្រី​ ៥ ​នាក់​) ​និង​បន្ធូរ​បន្ថយ​ទោស​ ១២ ​ខែ មាន​ ៦ ​នាក់​ (​ស្រី​ ១ ​នាក់​)​។

កាលពី​ខែ​មីនា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក​នឹង​មិន​លើកលែង​ទោស​ដល់​អ្នកទោស​នៃ​អតីត​គណបក្ស​ប្រឆាំង​ឡើយ​។ លោក​ថ្លែង​ថា​៖ «​សូម្បី​អា​អ្នក​ជាប់គុក​នៅ​ភ្នំពេញ​ដែល​សុំ​លើកលែង​ទោស​ជាប់គុក​បន្ថែម​ដែរ គ្មាន​លើក​ឲ្យ​ឯង​ទេ ដោយសារ​តែ​អាពួក​អាមេ​ចង្រៃ វា​ធ្វើ​សកម្មភាព​បែប​ហ្នឹង អ៊ីចឹង​សុំ​បន្ត​ជាប់​គុក​តទៅ​​ទៀត​ទៅ​...​អ្នកខ្លះ​សុំ​មក​ខ្ញុំ​តើ ផ្ញើ​តាម​ទូត​ផង ផ្ញើ​តាម​អ្នក​នេះ​ផង ឯង​ដោះលែង ហុង សុខហួរ មួយ គេ​ថា អាហ្នឹង​សម្ពាធ​អន្តរជាតិ អើ អ៊ីចឹង បើ​កាល​ណា​នៅ​បន្ត​ធុន​ហ្នឹង អញ​មិន​លើកលែង​​ឲ្យ​អាណា​ទេ​...​ពីព្រោះ​អា​ខ្លះ​សាលក្រម​អត់​ទាន់​ចូល​ស្ថាពរ​...​នៅ​ក្ដី​នៅ​ឡើយ​ទេ​»៕