ភ្នំពេញៈ បញ្ជីឈ្មោះទណ្ឌិតជាង ៧០០ នាក់មកពីអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃត្រូវបានគណៈកម្មការថ្នាក់ជាតិដឹកនាំដោយក្រសួងយុត្តិធម៌កាលពីម្សិលមិញចាប់ផ្តើមពិនិត្យ និងវាយតម្លៃសម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនៅចុងខែវិច្ឆិកានេះ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំស្តីពីការលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិតក្នុងឱកាសពិធីបុណ្យអុំទូកនៅថ្ងៃទី ៤ ខែវិច្ឆិកានេះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា បានឲ្យដឹងថាក្នុងចំណោមបញ្ជីឈ្មោះទណ្ឌិត ជាង ៧០០ នាក់មានទាំងអ្នកស្នើសុំលើកលែង និងសុំបន្ធូរបន្ថយ។
លោកថា៖ «ជាធម្មតា ២ ភាគ ៣ យើងមានសិទ្ធិលើកមកជជែកតែមិនមែនមានន័យថាត្រូវតែលើកលែង (ទោស) ទេព្រោះមានអ្នកខ្លះបូកចុះបូកឡើងចេញពី ២ ភាគ ៣ ក៏សុំលើកលែងដែរតែយើងធ្វើមិនកើតហើយអ្នកខ្លះយើងបន្ធូរបន្ថយលើកទីមួយហើយក្រោយមកស្នើសុំទៀតក៏គ្រប់ប៉ុន្តែក្នុង ១ ឆ្នាំសម្រាប់ទណ្ឌិតម្នាក់គឺអាចធ្វើបានតែម្តងទេ»។
លោក អង្គ វង្សវឌ្ឍានា បានបញ្ជាក់ដែរថា៖ «ក្នុងករណីដែលយើងមិនហ៊ានសម្រេចខ្ញុំនឹងលើកសំណើ ឬសំណូមពរនេះទៅជូនសម្តេចតេជោ (ហ៊ុន សែន) ដើម្បីសម្រេចគួរធ្វើយ៉ាងម៉េច»។
អគ្គនាយករងក្រសួងយុត្តិធម៌លោក សុច សុផាន់ណារ៉ា បានឲ្យដឹងថាបញ្ជីឈ្មោះទណ្ឌិតទាំងនេះធ្វើឡើងតាមការស្នើសុំរបស់ប្រធានពន្ធនាគារទាំង ២១ ខេត្តក្រុង និងមណ្ឌលកែប្រែ ម ទាំង ៤ ហើយលក្ខខណ្ឌនៃការវាយតម្លៃគឺផ្អែកលើស្ថានភាពជាក់ស្តែងនៃការកែប្រែរបស់ទណ្ឌិត និងកម្រិតនៃការអប់រំក្នុងពន្ធនាគារគួបផ្សំនឹងឯកសារបញ្ជាក់ផ្សេងៗ។
លោកថា៖ «ក្រឹត្យលេខ ២៨ កំណត់ ២ ភាគ ៣ នៃទោសបានលើកលែងទោសចំណែក ១ ភាគ ៣ នៃទោសគឺការបន្ធូរបន្ថយទោសហើយការបន្ធូរបន្ថយនេះគឺមាន ៣ ទៀតរយៈពេល ១២ ខែ ៩ ខែ និង ៦ ខែ។ ក្រោយចប់ប្រជុំគណៈកម្មការជាតិ និងវាយតម្លៃហើយបូកសរុបរបាយការណ៍ និងព្រះរាជក្រឹត្យផ្ញើថ្វាយទៅព្រះមហាក្សត្រទតសម្រេច»។
ទាក់ទិននឹងដំណើរការលើកលែង ទោស និងបន្ធូរបន្ថយទោសទណ្ឌិតនេះ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូបានឲ្យដឹងថាភាពមិនប្រក្រតីនៃការលើកលែងទោសកន្លងមកដែលអ្នកទោសបានប្រាប់លោកថា មន្ត្រីពន្ធនាគារបានប្រព្រឹត្តអំពើពុករលួយចំពោះការលើកលែងទោស និងបន្ធូរបន្ថយទោសពោលគឺទណ្ឌិតណាមានលុយទើបមានឈ្មោះបើគ្មានលុយគឺមិនមានឈ្មោះក្នុងបញ្ជីស្នើសុំនោះទេ។
លោកថា៖ «នេះគឺជារឿងអយុត្តិធម៌មួយព្រោះថាការស្នើសុំត្រូវមានប្រាក់ភ្ជាប់ជាមួយបើអ្នកគ្មានលុយគឺគេមិនខ្វល់ទេហើយតាមខ្ញុំដឹងអ្នកទោសដែលជាក្រុមចលនារំដោះជាតិ CFF គឺអត់មានការលើកលែងទោសតែម្តងហើយនីតិវិធីនៃការវាយតម្លៃដើម្បីដាក់ឈ្មោះក្នុងបញ្ជីរបស់ប្រធានពន្ធនាគារ គឺមិនសុក្រឹត្យចំពោះទណ្ឌិតដែលគ្មានលុយឡើយ»។
តាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូកម្រាស់ ៤០ ទំព័រមានចំណងជើងថា «សិទ្ធិនៅលើការទិញដូរជីវិតក្នុងពន្ធនាគារកម្ពុជា» ចេញផ្សាយកាលពីដើមឆ្នាំ ២០១៥ នេះបានឲ្យដឹងថាការរំលោភបំពាន ការរើសអើង ការកេងប្រវ័ញ្ចអំពើពុករលួយឥទ្ធិពលនៃថ្នាក់ដឹកនាំដ៏មានអំណាចក្នុងបន្ទប់ឃុំឃាំងបានកំពុងកើតមានឡើង និងជាលក្ខណៈប្រព័ន្ធក្នុងពន្ធនាគារនៅកម្ពុជាបើទោះបីជាកម្ពុជាបានចាប់ផ្តើមជំហានក្នុងការកែទម្រង់ក៏ដោយក៏ឧបសគ្គមួយចំនួននៅតែបន្តកើតមាន៕