ភ្នំពេញៈ ទណ្ឌិត ៨៤ នាក់ ស្រី ៨ នាក់ ក្នុងចំណោមទណ្ឌិតសរុប ២៧៣ នាក់ ស្រី ២៤ នាក់ ដែលបានស្នើសុំលើកលែងទោសត្រូវបានក្រសួងយុត្ដិធម៌ធ្វើសំណើដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យទូលថ្វាយព្រះមហាក្សត្រផ្ដល់ការបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងពិធីបុណ្យវិសាខបូជា ខណៈប្រទេសកម្ពុជា និងបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនាទូទាំងពិភពលោកបានប្រារព្ធពិធីបុណ្យនេះនៅថ្ងៃទី ៦ ឧសភា។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែង ពីថ្ងៃទី ៦ ឧសភា ថា ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ ២០២០ អង្គប្រជុំបានសម្រេចធ្វើសំណើដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រក្នុងការផ្តល់ការអនុគ្រោះ និងបន្ធូរបន្ថយទោសដល់ទណ្ឌិតសរុប ៨៤ នាក់។ ក្នុងនោះមានស្រី ៨ នាក់នៃទណ្ឌិតសរុបចំនួន ២៧៣ នាក់ ស្រី ២៤ នាក់ ដែលបានស្នើសុំបន្ធូរបន្ថយទោស។
លោកថា៖ «ការផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតទាំង ៨៤ នាក់នោះ រួមមានបន្ថយទោស ៦ ខែចំនួន ៣៤ នាក់ ស្រី ៣ នាក់។ បន្ថយទោស ៩ ខែ ចំនួន ២១ នាក់ ស្រី ១ នាក់។ បន្ថយទោស ១២ ខែចំនួន ១៩ នាក់ ស្រី ២ នាក់ និងលើកលែងទោសចំនួន ១០ នាក់ ស្រី ២ នាក់»។
រាល់ឆ្នាំរដ្ឋាភិបាលរៀបចំឲ្យមានការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ៣ ដងក្នុង ១ ឆ្នាំៗដោយធ្វើឡើងក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យវិសាខបូជា និងបុណ្យអុំទូកបណ្ដែត ប្រទីប និងសំពះព្រះខែ។ កាលពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២០ នេះទណ្ឌិត ១៥៥ នាក់ ត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយ និងលើកលែងទោសតាមសំណើរាជរដ្ឋាភិបាលផងដែរ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃបុណ្យវិសាខបូជាបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ថ្ងៃ ១៥ កើតខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ដែលត្រូវនឹងថ្ងៃទី ៦ ឧសភា ឆ្នាំ ២០២០ គឺជាថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃសីលផងដែរ។ មិនថា តែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោកក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់ខាងលើនេះផងដែរ។
លោក ហ៊ុន សែន បន្ដថា៖ «បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀតពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗ ៣ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតមគឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូតបានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ ព្រឹត្តិការណ៍ទាំង ៣ នេះគឺកើតឡើងចំថ្ងៃ ១៥ កើតខែពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ»។
លោករំឭកថាកាលពីថ្ងៃទី ១៥ ធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕