ភ្នំពេញៈ ក្រសួង​យុត្តិធម៌​បានសម្រេច​ជ្រើសរើស​ទណ្ឌិត​ ៩០ ​នាក់​ ក្នុងចំណោម​ស្នើសុំ​ ៥១២ ​នាក់​ ធ្វើសំណើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​សម្រេច​ទូលថ្វាយ​ព្រះមហាក្សត្រ​ក្នុង​ការផ្តល់​ការអនុគ្រោះ​ធ្វើ​សំណើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​សម្រេច​ទូលថ្វាយ​ព្រះមហាក្សត្រ​ក្នុង​ការផ្តល់​អនុគ្រោះ បន្ថយ​ និង​លើកលែង​ទោស​នៅក្នុង​ពិធីបុណ្យ​អុំទូក​។

ក្រសួង​យុត្ដិធម៌​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានប្រកាស​ថា ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះខែ និង​អកអំបុក​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​ ១០-១២ ​ខែ ​វិចិ្ឆកា ​ឆ្នាំ​ ២០១៩ ​ខាងមុខ​នេះ​លើ​សំណើសុំ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៥១២ នាក់ (​ស្រី​ ៥៨ ​នាក់​) ​ជា​លទ្ធផល​អង្គប្រជុំ​បាន​សម្រេច​ធ្វើសំណើ​គោរព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​សម្រេច​ទូលថ្វាយ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត ក្នុង​ការផ្តល់​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​ ៩០​ ​នាក់​ (​ស្រី​ ១៧ ​នាក់​)​។

ក្រសួង​បញ្ជាក់ថា ការផ្តល់​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៩០ ​នាក់​ (​ស្រី​ ១៧ ​នាក់​) ​នេះ រួមមាន​បន្ថយទោស ៦ ​ខែ​ចំនួន ៥៨ ​នាក់ (​ស្រី​ ១៣​ ​នាក់​,​បន្ថយទោស​ ៩ ​ខែ​ចំនួន​ ១៤ ​នាក់​ (​ស្រី​ ១ ​នាក់​), ​បន្ថយទោស​​ ១២ ​ខែ​ចំនួន​ ៨ ​នាក់ (​ស្រី​ ១ ​នាក់​) និង​លើកលែង​ទោស​ចំនួន ១០ ​នាក់ ​(​ស្រី​ ២ ​នាក់​)​។

លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា មូល​ហេតុដែល​គណៈកម្មការ​ជាតិ​ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​សម្រេច​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​តែ​ចំនួន​ ៩០ ​នាក់​ ក្នុង​ចំណោម ៥១២ ​នាក់​នេះ ព្រោះ​គណៈកម្មការ​បាន​ដកចេញ​ទណ្ឌិត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​បទល្មើស​ដែល​មាន​ចរិត​ព្រៃផ្សៃ បង្ក​បញ្ហា​ដល់​ជនរងគ្រោះ និង​សង្គម​ធ្ងន់ធ្ងរ​ចេញ​។

លោក​ថ្លែងថា​៖ «​ទណ្ឌិត​ដែល​ប្រព្រឹត្ដ​បទល្មើស​គ្រឿងញៀន និង​ទណ្ឌិត​ដែល​ប្រព្រឹត្ដ​បទល្មើស​មាន​ចរិត​ព្រៃផ្សៃ​ដល់​ជនរងគ្រោះ និង​សង្គម​ធ្ងន់ធ្ងរ យើង​បាន​ដក​ពួកគាត់​ចេញ​មិន​យកមក​ពិចារណា​ក្នុងការ​អនុគ្រោះ ឬ​លើកលែង​ទោស​នោះទេ​។ ​ក៏មាន​ទណ្ឌិត​មួយ​ចំនួន​ទៀត​ដែល​បាន​ស្នើសុំ ឯកសារ​របស់​ពួកគាត់​មិន​បាន​គ្រប់គ្រាន់​ក៏​យើង​បាន​ពិនិត្យ​ដកចេញ​ដែរ​»​។

លោក​បាន​ឲ្យ​ដឹងថា លក្ខខណ្ឌ​សម្រាប់​ទណ្ឌិត​ដែល​អាច​ទទួល​បាន​ការអនុគ្រោះ​ទោស​ក្នុង​ប្រភេទ​បន្ធូរ​បន្ថយទោស​លុះណា​តែ​ទណ្ឌិត​នោះ​ទទួល​បាន​ការអប់រំ​កែប្រែ​ខ្លួន​បាន​ល្អ​រួចហើយ និង​ទទួល​បាន​ការអនុវត្ដ​ទោស​យ៉ាងតិច​ ១ ​ភាគ ៣ ​នៅក្នុង​ពន្ធនាគារ​នោះ​ទើប​អាច​ពិនិត្យ​ផ្ដល់​នូវ​ភាពអនុគ្រោះ​បន្ធូរ​បន្ថយទោស​បាន​។ ប៉ុន្ដែ​នៅក្នុង​លក្ខខណ្ឌ​លើកលែង​ទោស​លុះណា​តែ​ទណ្ឌិត​នោះបាន​អនុវត្ដ​ទោស​ក្នុង​ពន្ធនាគារ​យ៉ាងតិច ២ ​ភាគ​ ៣ នៃ​ទោស​ដែល​បាន​កំណត់​ដោយ​សាលក្រម ឬ​សាលដីកា​ស្ថាពរ​។

លោក គឹម សន្ដិភាព បាន​ឲ្យ​ដឹងថា​ចំនួន​ទណ្ឌិត​ដែល​បាន​អនុគ្រោះ បន្ធូរបន្ថយ និង​លើកលែង​ទោស​ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​មាន​ចំនួន​ប្រហាក់​ប្រហែល​ទៅ​នឹង​ឆ្នាំ​ ២០១៨ ​ដែរ​។

លោក​មេធាវី សុក សំអឿន ប្រធាន​អង្គការ​ក្រុមប្រឹក្សា​ជំនួយ​ផ្នែក​ច្បាប់ គាំទ្រ​ចំពោះ​ការបង្កើត​ឲ្យ​មាន​ការបន្ធូរ​បន្ថយទោស និង​លើកលែង​ទោស​ដល់​ទណ្ឌិត​បែបនេះ ។ លោក​យល់ឃើញ​ថា ការ​អនុវត្ដ​បែប​នេះ​គឺជា​ការលើក​ទឹកចិត្ត​មួយ​ដើម្បី​ឲ្យ​ទណ្ឌិត​ប្រឹងប្រែង​កែប្រែ​ខ្លួន​នៅក្នុង​ពន្ធនាគារ ។

លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​អនុគ្រោះ​បែបនេះ​គួរតែ​មាន​ព្រោះ​កាលណា​មាន​ប្រព័ន្ធ​បែបនេះ​ដោយ​ធ្វើឡើង​ដោយ​យុត្ដិធម៌ តម្លាភាព​វា​ជា​រឿង​មួយ​ដែល​បាន​ធ្វើឲ្យ​មាន​ការលើក​ទឹកចិត្ដ​ចំពោះ​ទណ្ឌិត​ដែល​នៅក្នុង​ពន្ធនាគារ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​កែប្រែ​ខ្លួន​ឲ្យ​ល្អ​ឡើងវិញ​ជាមួយ​ក្ដីសង្ឃឹម​ថា​នឹង​ទទួល​បាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​» ៕