ភ្នំពេញៈទំនប់វារីអគ្គិសនី និងគម្រោងប្តូរទិសដៅទឹកនៅលើទន្លេមេគង្គបានគំរាមកំហែងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូដែលផ្គត់ផ្គង់ប្រជាជន ៦០ លាននាក់ និងពពួកសត្វរាប់ពាន់ប្រភេទ។ នេះបើតាមការឯកភាពរួមគ្នាមួយរបស់ក្រុមអ្នកវិទ្យាសាស្រ្តអង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុន្តែខណៈនឹងមានវិបត្តិនេះយន្តការចម្បងដែលបង្កើតឡើងដើម្បីការពារទន្លេកំពុងក្លាយជាយន្តការទន់ខ្សោយ។
ក្រុមអ្នកជំនាញបានថ្លែងថាទន្លេមេគង្គឥឡូវនេះត្រូវការការពារច្រើនជាងមុនប៉ុន្តែគណៈកម្មការទន្លេមេគង្គដែលជាស្ថាប័នអន្តរជាតិដែលគ្រប់គ្រងការអភិវឌ្ឍទន្លេមេគង្គ និងការប្រើប្រាស់ធនធានទឹកកំពុងបាត់បង់អំណាចអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះបើតាមបុគ្គលិកម្នាក់ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ។
បុគ្គលិកដែលមានការប្រាស្រ័យទាក់ទងជាមួយសមាជិកបច្ចុប្បន្នរបស់គណៈកម្មការទន្លេមេគង្គ និងអ្នកជំនាញខាងទន្លេដទៃៗទៀតនេះបានថ្លែងថា៖ «ប្រទេសសមាជិកទន្លេមេគង្គចាត់ទុកដំណើរការពិគ្រោះយោបល់ [របស់គណៈកម្មការទន្លេមេគង្គ] ថាជាការបរាជ័យទាំងស្រុងហើយនឹងយកអត្ថប្រយោជន៍ភ្លាមៗនៃភាពទន់ខ្សោយនេះដើម្បីជំរុញ និងអនុវត្តគម្រោងចម្រូងចម្រាសផ្ទាល់របស់ខ្លួន»។
ដោយសារម្ចាស់ជំនួយខកចិត្ត និងងាកចេញពីគណៈកម្មការទន្លេមេគង្គគណៈកម្មការទន្លេមេគង្គកំពុងតែបាត់បង់ថវិកា និងបុគ្គលិករបស់ខ្លួនជាងពាក់កណ្តាល។ ថវិកាដៃគូអភិវឌ្ឍន៍សរុបមានចំនួន ១១៥ លានដុល្លារសម្រាប់រយៈពេលពីឆ្នាំ ២០១១‑២០១៥ ចំណែកសម្រាប់រយៈពេលពីឆ្នាំ ២០១៦‑២០២០ ថវិកានឹងឃើញមានត្រឹមតែ ៥៣ លានដុល្លារប៉ុណ្ណោះ។ នេះបើតាមលោក Truong Hong Tien មន្រ្តីទទួលបន្ទុកលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គដែលបានថ្លែងកាលពីខែមករា។
គណៈកម្មការក៏កំពុងកាត់បន្ថយបុគ្គលិករបស់ខ្លួនផងដែរពី ១៨០ នាក់មក ៩០ នាក់។
លោក Tien ថ្លែងនៅក្នុងបទសម្ភាសមួយថា៖ «វាធំពេក។ យើងចង់ឲ្យវាលឿនជាងមុន និងមានប្រសិទ្ធភាពជាងមុន»។
ប៉ុន្តែបុគ្គលិកគណៈកម្មការទន្លេគង្គ និងអ្នកជំនាញដទៃៗទៀតជឿថាការកាត់បន្ថយទំហំនឹងបានត្រឹមតែធ្វើឲ្យគណៈកម្មការនេះកាន់តែទន់ខ្សោយជាងមុន និងធ្វើឲ្យប្រទេសសមាជិករបស់ខ្លួនឆ្លៀតឱកាសនេះធ្វើការកសាងទំនប់វារីអគ្គិសនី។
គណៈកម្មាធិការសម្រាប់ការសម្របសម្រួលស្តីពីអាងទន្លេមេគង្គក្រោមដែលជាគណៈកម្មាធិការមួយកើតមានមុនគណៈកម្មការទន្លេមេគង្គគឺជាអ្នកតស៊ូមតិ «ទាំងបង្ខំ» ក្នុងការឲ្យមានទំនប់វារីអគ្គិសនីដ៏ច្រើន។ នេះបើតាមសៀវភៅប្រវត្តិនៃគណៈកម្មាធិការនេះដែលបោះពុម្ពផ្សាយក្នុងឆ្នាំ ១៩៩៥ របស់អ្នកជំនាញវិទ្យាសាស្រ្តខាងទឹក។
កម្ពុជាបានបោះបង់គណៈកម្មាធិការទន្លេមេគង្គក្នុងអំឡុងសម័យខ្មែរក្រហមហើយមិនទទួលយកវិញរហូតដល់ពាក់កណ្តាលទសវត្សរ៍ ១៩៩០ ។
ក្នុងអំឡុងពេលនោះកំណើនសេដ្ឋកិច្ចយ៉ាងលឿនរបស់ថៃបាននាំឲ្យកម្ពុជាប្រឆាំងនឹងការដាក់កម្រិតទៅលើអធិបតេយ្យរបស់ខ្លួនដោយគណៈកម្មាធិការនេះ។ នេះបើតាម Ja-cobs។ នៅក្នុងអំឡុងដើមទសវត្សរ៍ ១៩៩០ ប្រទេសថៃកំពុងធ្វើផែនការគម្រោងប្តូរទិសដៅទឹកពីទន្លេមេគង្គហើយចង់ឲ្យមាននូវការចរចាឡើងវិញនូវកិច្ចព្រមព្រៀងថ្មីដែលនឹងផ្តល់នូវឧបសគ្គតិចជាងមុនចំពោះគម្រោងនេះ។ នេះបើតាម Jacobs។
លោក Chuck Lankester ជនជាតិកាណាដាដែលជានាយកប្រតិបត្តិនៃគណៈកម្មការនេះកាលពេលនោះគឺ «មានភាពស្វិតស្វាញណាស់» ហើយមានឆន្ទៈប្រឆាំងនឹងគម្រោងចម្រូងចម្រាសនានារួមទាំងគម្រោងប្តូរទិសដៅទឹក។ ជាការឆ្លើយតបប្រទេសថៃបានបង្ខំលោកឲ្យលាលែងតំណែងពីគណៈកម្មាធិការនោះ និងចាកចេញពីប្រទេសដែលកាលពេលនោះលេខាធិការដ្ឋានស្ថិតនៅក្នុងប្រទេសថៃ។

អតីតបុគ្គលិកគណៈកម្មការទន្លេមេគង្គម្នាក់បានថ្លែងថាគំរូនេះបានធ្វើឲ្យនាយកប្រតិបត្តិថ្មីមានលក្ខណៈទន់ភ្លន់ជាងមុន និងសម្រុះសម្រួលជាងមុន។ ទង្វើរបស់ថៃបានបណ្តាលឲ្យអង្គការ UNDP រៀបចំកិច្ចប្រជុំថ្នាក់តំបន់ដែលបានធ្វើឲ្យមានកិច្ចព្រមព្រៀងខែមេសា ឆ្នាំ ១៩៩៥ ដែលផ្តល់កំណើតឲ្យមានការបង្កើតគណៈកម្មការទន្លេមេគង្គ។ ទន្ទឹមនេះអង្គការដែលមានតួនាទីជាន់គ្នាផ្សេងៗត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ ១៩៩០ ដែលបាន «យកការងារ និងតួនាទី» ពីគណៈកម្មការនេះបន្តិចម្តងៗ។ នេះបើតាមអតីតបុគ្គលិកគណៈកម្មការទន្លេមេគង្គ។
កិច្ចព្រមព្រៀងឆ្នាំ ១៩៩៥ គឺជាចំណុចប្រវត្តិសាស្រ្តផ្លូវច្បាប់សំខាន់មួយនៅក្នុងការគ្រប់គ្រងទន្លេ។ នេះបើតាម Remy Kinna នាយកផ្នែកច្បាប់ខាងទន្លេមេគង្គនៅអង្គការសិទ្ធិផែនដីអន្តរជាតិ (Earth Rights International)។ វាត្រូវបានអមដោយឯកសារមួយដែលហៅថានីតិវិធីសម្រាប់ការជូនដំណឹងការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង (PNPCA) ដែលបានបង្កើតឲ្យមានវិធានសម្រាប់សមាជិកសុំគណៈកម្មការទន្លេមេគង្គពិគ្រោះយោបល់នៅមុនពេលចាប់ផ្តើមគម្រោង។
ទោះយ៉ាងណាក្តីឯកសារទាំងនេះមានភាពទន់ខ្សោយ។ នេះបើតាម Kinna និងមិនច្បាស់លាស់អំពីនីតិវិធីមួយចំនួន។
ទំនប់នៅលើដៃទន្លគឺលើកលែងពីការតម្រូវឲ្យមានការពិគ្រោះយោបល់មិនដូចទំនប់នៅលើទន្លេឡើយ។ ជាងនេះផងដែរប្រទេសសមាជិកមិនចាត់ទុក PNPCA ជាប់កាតព្វកិច្ចផ្លូវច្បាប់ទេ។ ទាំងអស់នេះកើតចេញឡើងនៅពេលប្រទេសឡាវបានដាក់សំណើសុំសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីកាលពីខែកញ្ញា ឆ្នាំ ២០១០។
នៅខែកុម្ភៈឆ្នាំ ២០១១ ប្រទេសឡាវបានដាក់ការវាយតម្លៃផលប៉ះពាល់បរិស្ថានមួយដែលអតីតបុគ្គលិកគណៈកម្មការទន្លេមេគង្គបានថ្កោលទោសថាមានគុណភាពអន់ដែលការវាយតម្លៃនេះមិនបានយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ទៅលើប្រទេសជិតខាង។ ទន្ទឹមនេះគណៈកម្មការបានអំពាវនាវឲ្យមានការវាយតម្លៃបន្ថែមហើយស្នើឲ្យការសាងសង់ទំនប់នេះផ្អាកសិន។
អតីតបុគ្គលិកនេះបញ្ជាក់ថា៖ «ការធ្វើទឡ្ហីករណ៍ខ្សោយ និងភាពដឹកនាំខ្សោយនៃគណៈកម្មការទន្លេមេគង្គបានបណ្តាលឲ្យមានការមិនគោរពយ៉ាងច្បាស់ចំពោះក្តីបារម្ភ [របស់អ្នកដែលពឹងផ្អែកលើទន្លេនេះ] អំពីផលប៉ះពាល់បរិស្ថាន និងជលផលដែលកើតចេញពីទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី»។
លោក Tom Fawthrop អ្នកផលិតភាពយន្តឯកសារដែលបានសិក្សាអំពីប្រវត្តិរបស់ទន្លេនេះបានថ្លែងថាប្រតិភូឡាវគំរាមដើរចេញពីកិច្ចប្រជុំគណៈកម្មការទន្លេមេគង្គប្រសិនបើទំនប់វារីអគ្គិសនីនេះមិនត្រូវបានលើកយកមកនិយាយ។ លោក Fawthrop បានថ្លែងបន្តថាថៃមានការជាប់ពាក់ព័ន្ធនៅក្នុងការគាំទ្រទំនប់សាយ៉ាប៊ូរីដោយសារអ្នកវិនិយោគទំនប់នេះរួមបញ្ចូលធនាគារធំបំផុតចំនួនបួនក្នុងប្រទេសថៃ។
ប្រទេសឡាវបានផ្អាកការសាងសង់មួយរយៈពេលខ្លីក្នុងឆ្នាំ ២០១១ ដើម្បីឲ្យក្រុមហ៊ុនវិស្វកម្មរបស់ប្រទេសហ្វាំងឡង់ឈ្មោះ Poyry ធ្វើការសិក្សានៅក្នុងខែឧសភា ឆ្នាំ ២០១១។ ការរកឃើញរបស់ក្រុមហ៊ុន Poyry ដែលថាទំនប់នេះមិនបំពានលើកិច្ចព្រមព្រៀងអន្តរជាតិត្រូវបានរិះគន់យ៉ាងទូលំទូលាយដោយអង្គការក្រៅរដ្ឋាភិបាលនានា និងលេខាធិការដ្ឋានរបស់គណៈកម្មការទន្លេមេគង្គ។
ទោះយ៉ាងណាក្តីមិនមានការឈានដល់ដំណោះស្រាយទេហើយជម្លោះត្រូវបានលើកឡើងពិភាក្សា។ ឡាវបន្តការសាងសង់ហើយបច្ចុប្បន្ននេះបានបញ្ចប់ ៦៥ ភាគរយហើយ។
សេណារីយោស្រដៀងគ្នាចំពោះទំនប់វារីអគ្គិសនីគឺឥឡូវនេះកើតមានការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ដែលជាទំនប់មួយក្នុងចំណោមទំនប់ ១១ ដែលគ្រោងនឹងធ្វើឡើងនៅឡាវ។
អតីតបុគ្គលិករបស់គណៈកម្មការទន្លេមេគង្គឱ្យដឹងថា៖ «ការសិក្សាពីផលប៉ះពាល់បរិស្ថានដែលធ្វើឡើងដោយឡាវកុហកថាគ្មានផលប៉ះពាល់បរិស្ថានឆ្លងកាត់ព្រំដែនដែលការកុហកនេះត្រូវបានជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រទេសកម្ពុជា និងវៀតណាម»។
ក្រុមអ្នកស្រាវជ្រាវវៀតណាមបានរកឃើញថាទំនប់វារីអគ្គិសនីនៅឡាវអាចធ្វើឱ្យទន្លេមេគង្គបាត់បង់ដីល្បាប់មានជីជាតិរហូតដល់ទៅ ៦៥ ភាគរយនៅក្នុងខេត្តក្រចេះ។ ផ្លូវបំផ្លាស់ទីរបស់ត្រីនឹងត្រូវរាំងស្ទះទាំងស្រុងដែលបណ្តាលឱ្យត្រីយ៉ាងហោចណាស់ ១០ ប្រភេទផុតពូជនៅកម្ពុជា និងវៀតណាម។ ជលផលក្នុងប្រទេសទាំងពីរនឹងផ្តល់ទិន្នផល ៥០ ភាគរយតិចជាងមុន។
ទំនប់វារីអគ្គិសនីនឹងធ្វើឲ្យទន្លេសាបគ្មានទឹកជន់លិចដែលនឹងបង្កការខូចខាតមិនអាចជួសជុលបានចំពោះចំនួនត្រីហើយថែមទាំងធ្វើឲ្យសហគមន៍ធ្លាក់ចូលក្នុងភាពក្រីក្រកាន់តែជ្រៅ។ ការខូចខាតផ្នែកសេដ្ឋកិច្ចមកលើកម្ពុជាតែមួយនឹងមានចំនួន ៤៥០ លានដុល្លារក្នុងមួយឆ្នាំ។ ការសិក្សាដែលមាន ៨០០ ទំព័របានអះអាងថាវិធីតែមួយដើម្បីទប់ស្កាត់ផលប៉ះពាល់នេះគឺកុំសាងសង់ទំនប់វារីអគ្គិសនី។ ប៉ុន្តែឡាវនឹងមិនធ្វើការកែប្រែឡើយ។
លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបាននិយាយថា៖ «កម្ពុជា ថៃ និងវៀតណាមបានស្នើឡាវធ្វើការសិក្សាពីផលប៉ះពាល់បរិស្ថានប៉ុន្តែឡាវបានបដិសេធ។ ឡាវថាគម្រោងនេះគ្មានប៉ះពាល់លើនរណាទេ»។
លេខាធិការដ្ឋានរបស់គណៈកម្មការទន្លេមេគង្គបានឱ្យដឹងតាមអ៊ីមែលមួយថា៖ «ប្រសិនបើគណៈកម្មការទន្លេមេគង្គមិនអាចដោះស្រាយជម្លោះបានទាន់ពេលវេលាជម្លោះនេះនឹងត្រូវបញ្ជូនទៅឱ្យរដ្ឋសមាជិកដោះស្រាយតាមផ្លូវទូត»។
ទោះជាយ៉ាងណាមកដល់ពេលនេះការដាស់តឿនរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងទំនប់ ដនសាហុង ត្រូវបានគេព្រងើយកន្តើយ។ បុគ្គលិកនៅគណៈកម្មការទន្លេមេគង្គ និងអ្នកសង្កេតការណ៍បានថ្កោលទោសលើលេខាធិការដ្ឋាន និងប្រធាននាយកប្រតិបត្តិរបស់គណៈកម្មការថា «ទន់ជ្រាយពេក» ហើយថាបុគ្គលិកជាច្រើនធ្វើការនៅគណៈកម្មការនោះដើម្បីបានប្រាក់ខែច្រើនជាងក្រសួងធនធានទឹករបស់ប្រទេសនីមួយៗ។
ដោយបញ្ហាទំនប់វារីអគ្គិសនីនៅមិនទាន់ដោះស្រាយថៃបានចាប់ផ្តើមគម្រោងបង្វែរទឹករាប់លានលីត្រពីទន្លេមេគង្គក្នុងឆ្នាំនេះ។ នេះបើយោងតាមអ្នកនាំពាក្យរបស់នាយកដ្ឋានធារាសាស្រ្តថៃលោក Thanar Suwattana បានឲ្យដឹង។ នេះគឺផ្ទុយនឹងការលើកឡើងរបស់នាយកដ្ឋានធនធានទឹកថៃដែលថ្លែងកាលពីខែមករាថាការបង្វែរទឹកត្រូវរង់ចាំពីរឆ្នាំទៀត។ គម្រោងនេះរំលោភបំពានលើ PNPCA។ ក្នុងអំឡុងពេលរដូវវស្សាការទាញយកទឹកពីអាងទន្លេមួយតម្រូវឱ្យមានការជូនដំណឹងទៅឱ្យគណៈកម្មការទន្លេមេគង្គហើយការបង្វែរទឹករវាងអាងពីរតម្រូវឱ្យមានការពិគ្រោះយោបល់ជាមុន។ ក្នុងអំឡុងរដូវប្រាំងការបង្វែរទឹកក្នុងអាងមួយតម្រូវឱ្យមានការពិគ្រោះយោបល់ហើយការបង្វែរទឹករវាងអាងតម្រូវឲ្យមានការព្រមព្រៀង។
ថៃមិនបានជូនដំណឹងអំពីគម្រោងបង្វែរទឹករបស់ខ្លួនមកគណៈកម្មការទន្លេមេគង្គទេហើយអតីតបុគ្គលិកម្នាក់ទៀតនៃគណៈកម្មការទន្លេមេគង្គដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថាគណៈកម្មការនេះមិនអាចធ្វើអ្វីចំពោះការបង្វែរទឹកនេះទេ។ កម្ពុជា និងវៀតណាមដែលកំពុងជួបប្រទះគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនេះនឹងបាត់បង់ទឹកដែលថៃបានទប់យក។
គណៈកម្មការទន្លេមេគង្គដែលជាខ្លាគ្មានចង្កូមបានធ្វើឱ្យម្ចាស់ជំនួយរួមទាំងអូស្ត្រាលី សហភាពអឺរ៉ុប ដាណឺម៉ាក ហ្វាំងឡង់ អាល្លឺម៉ង់ អង្គការ IUCN ជប៉ុន លុចសំបួ ស៊ុយអែត ស្វ៊ីសអាមេរិក និងធនាគារពិភពលោកពិចារណាឡើងវិញលើការផ្តល់ជំនួយ។ នេះបើយោងតាមបុគ្គលិកបច្ចុប្បន្នម្នាក់របស់គណៈកម្មការទន្លេមេគង្គ និងអតីតបុគ្គលិករបស់គណៈកម្មការនេះ។
ម្ចាស់ជំនួយបានឲ្យដឹងក្នុងសេចក្តីថ្លែងមួយកាលពីឆ្នាំមុនថា៖ «ការអភិវឌ្ឍវារីអគ្គិសនីថ្មីៗនៅខ្សែទឹកសំខាន់ និងដៃទន្លេឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនៃការអនុវត្ត PNPCA។ ការអនុវត្តគឺសំខាន់ជាពិសេសបើគិតពីកង្វះនៃការពិគ្រោះយោបល់ស្តីពីដំណើរការ PNPCA សម្រាប់ទំនប់ ដនសាហុង»។
បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិករបស់គណៈកម្មការបានថ្លែងទៀតថា៖ «ទន្ទឹមនឹងនេះដែរគណៈកម្មការទន្លេមេគង្គបានដាក់ថវិការបស់ម្ចាស់ជំនួយទៅក្នុង «កន្ត្រក» តែមួយដែលធ្វើឲ្យម្ចាស់ជំនួយមិនសប្បាយចិត្ត។ បុគ្គលិកបច្ចុប្បន្នបានឱ្យដឹងក្នុងសារមួយថា៖ «កន្ត្រកថវិកាតែមួយអនុញ្ញាតឲ្យគណៈកម្មការទន្លេមេគង្គគ្រប់គ្រងទាំងស្រុងលើប្រាក់ជំនួយ។ ម្ចាស់ជំនួយចង់ជ្រើសរើសកម្មវិធីមួយៗ (ដូចជា «នាវាចរណ៍») ដែលពួកគេអាចកំណត់គោលដៅច្បាស់លាស់ដែលក្រោយមកពួកគេអាចវាស់វែងប្រសិនបើប្រាក់នោះត្រូវបានប្រើប្រាស់យ៉ាងល្អឬយ៉ាងណា» តាមរយៈការវាយតម្លៃរបស់ទីប្រឹក្សាបច្ចេកទេស។ បច្ចុប្បន្នម្ចាស់ជំនួយមិនទាន់បានផ្ដល់មូលនិធិឆ្នាំ ២០១៦‑ ២០២០ នៅឡើយទេដោយសារតែ «ខ្វះភាពច្បាស់លាស់» ក្នុងការរៀបចំរចនាសម្ព័ន្ធអនាគតរបស់គណៈកម្មការទន្លេមេគង្គ។ បុគ្គលិកជាច្រើននាក់មិនទាន់បានបើកប្រាក់បៀវត្សរ៍ជាច្រើនខែមកហើយ។
សេចក្តីថ្លែងការណ៍ឆ្នាំ ២០១៥ បានឲ្យដឹងថា៖ «បើគ្មានភាពច្បាស់លាស់លើបញ្ហាទាំងនេះដែលជាបញ្ហាបន្ទាន់ដៃគូអភិវឌ្ឍន៍ជាច្រើននឹងមិនមានជំហរដើម្បីផ្តល់មូលនិធិឡើយ»។
បុគ្គលិកគណៈកម្មការទន្លេមេគង្គបានឲ្យដឹងថាទន្ទឹមនឹងនេះដែរការរៀបចំរចនាសម្ព័ន្ធរបស់គណៈកម្មការឡើងវិញស្ថិតក្នុងភាពច្របូកច្របល់ផ្នែកការិយាធិបតេយ្យហើយការសម្ភាសបុគ្គលិកថ្មីពុំទាន់បានចាប់ផ្តើមនៅឡើយទេ។
លេខាធិការដ្ឋានរបស់គណៈកម្មការបានឱ្យដឹងថាមានគម្រោងកាត់បន្ថយថវិកា។ លេខាធិការដ្ឋានបានឲ្យដឹងតាមអ៊ីមែលមួយថា៖ «ចន្លោះឆ្នាំ ២០០៥ និង ២០០៧ គណៈកម្មការទន្លេមេគង្គ [បាន] ព្យាករពីការធ្លាក់ចុះមូលនិធិពីប្រភពខាងក្រៅ»។
ប៉ុន្តែបុគ្គលិកច្រើននាក់បាននិយាយថាភាពគ្មានប្រសិទ្ធភាពនៃគណៈកម្មការទន្លេមេគង្គនេះក្នុងការដោះស្រាយជម្លោះទំនប់វារីអគ្គិសនីបានដើរតួនាទីសំខាន់ធ្វើឲ្យបាត់បង់ថវិកា។ អតីតបុគ្គលិកម្នាក់ឱ្យដឹងថា៖ «គ្មានអ្វីច្រើនចែងក្នុងកិច្ចព្រមព្រៀងឆ្នាំ ១៩៩៥ ទេដែលវាជារឿងកំប្លែងធំមួយ»។
ដោយបញ្ហាទាំងនេះកំពុងញាំញីគណៈកម្មការនេះបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិកមួយចំនួនរំពឹងថាគណៈកម្មការនេះនឹងបែកបាក់នាពេលអនាគត ឬត្រូវបានស្រូបចូលក្នុងអង្គការមួយទៀត។ អ្នកខ្លះជឿជាក់ថាការស្រូបចូលអង្គការមួយទៀតគឺជាវិធីសង្គ្រោះគណៈកម្មាការនេះ។
បុគ្គលិកបច្ចុប្បន្នឲ្យដឹងក្នុងសារមួយថា៖ «វាពិតជាមានន័យដែលត្រូវដាក់បញ្ចូលទាំងប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិនក្នុងគណៈកម្មការទន្លេមេគង្គថ្មី។ ការបង្កើតគណៈកម្មការទន្លេមេគង្គ Lancang គឺជាឱកាសសម្រាប់ដាក់បញ្ចូលមីយ៉ាន់ម៉ា និងចិន»។ ទន្លេ Lancang គឺជាឈ្មោះជាភាសាចិនសម្រាប់ទន្លេមេគង្គ។ បុគ្គលិករូបនេះបានកត់សម្គាល់ថា៖ «ការសិក្សាម៉ូដែលការប្រមូលទិន្នន័យ និងការវិភាគដែលស្មើនឹងការស្រាវជ្រាវ ២០០០ ឆ្នាំអាចនឹងបាត់បង់ប្រសិនបើគណៈកម្មការទន្លេមេគង្គក្ស័យធន»។
ទោះយ៉ាងណាលោកបន្ថែមថាការស្រូបចូលក្នុងអង្គការមួយទៀតក៏មានហានិភ័យផងដែរ។ លោកបានបន្ថែមថាជាការសំខាន់ត្រូវធ្វើឲ្យប្រាកដថាទិន្នន័យទាំងអស់មិនធ្លាក់ចូលក្នុងប្រហោងខ្មៅនៃការិយាធិបតេយ្យនៅក្នុងប្រទេសចិនដែលគ្មាននរណាម្នាក់អាចយកបានឡើយ៕ PS/TK
Igor Kossov