ភ្នំពេញៈ ថ្ងៃ ១០ កុម្ភៈគឺជាថ្ងៃដែលកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ជាលើកដំបូងនៅទីតាំង ៤ កន្លែងខុសៗគ្នានៅភ្នំពេញ បន្ទាប់ពីទទួលបានវ៉ាក់សាំងពីចិនចំនួន ៦០ ម៉ឺនដូស ឈ្មោះថា Sinopharm។
ការចាក់ដំបូងនេះ រដ្ឋាភិបាលបានកំណត់យកអ្នកស្ម័គ្រចិត្តក្នុងចំណោមថ្នាក់ដឹកនាំទូទាំងប្រទេស និងកូនៗថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋ។ ទាំងនេះគឺជាទស្សនៈរបស់អ្នកទទួលបានវ៉ាក់សាំងលើកដំបូង ខណៈអ្នកស្ម័គ្រចិត្តខ្លះមិនត្រូវបានអនុញ្ញាតឱ្យចាក់ដោយសារកត្តាសុខភាព។
លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងក្នុងពេលទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែតថា ការទទួលបានវ៉ាក់សាំងនេះគឺជារឿងសំខាន់បំផុតដើម្បីការពារការរីករាលដាលជំងឺកូវីដនៅក្នុងប្រទេស។ លោកមានមោទនភាពដែលបានចាក់វ៉ាក់សាំងដើម្បីការពារជំងឺនេះ ហើយក៏អាចមានទំនុកចិត្តជាងមុន ក្នុងការបំពេញការងារបម្រើពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ខ្ញុំក្រោយពីចាក់ហើយ ដូចអត់មានអីផង និយាយបានធម្មតា នៅល្អប្រសើរ ហើយចាក់មិនឈឺផង។ ខ្ញុំអត់ (ព្រួយបារម្ភ) ទេ សុវត្ថិភាពជាចម្បង ទី ១ ថ្នាំនេះ ទោះបីជាទើបរកឃើញមែន តែបច្ចេកវិទ្យាដែលជាមូលដ្ឋានសម្រាប់ការបង្កើតថ្នាំ មានយូរមកហើយ។
គេសិក្សាយូរមកហើយដែលប្រទេសផ្សេងៗគេអនុវត្ត និងប្រើប្រាស់ទៅលើថ្នាក់ដឹកនាំ»។
មិនខុសគ្នាទេ លោកស្រី បាន ស្រីមុំ ដែលជាអភិបាលខេត្តប៉ៃលិន ដែលបានមកទទួលវ៉ាក់សាំងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា បន្ទាប់ពីបានវ៉ាក់សាំងនេះប្រមាណ ២០ នាទី លោកស្រីមានអារម្មណ៍ធម្មតា ដោយមិនមានអាការប្លែកទេ។ លោកស្រីថា មុនចាក់ គ្រូពេទ្យបានសួរពីស្ថានភាពជាច្រើនដើម្បីឱ្យប្រាកដថាពេលយើងចាក់រួចនឹងមិនប៉ះពាល់ដល់សុខភាព។
លោកស្រីបញ្ជាក់៖ «ក្នុងនាមខ្ញុំ ជាថ្នាក់ដឹកនាំ អាជ្ញាធរដែនដី សុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើង កុំមានការភ័យខ្លាច។
យើងត្រូវគិតថា វ៉ាក់សាំងមុននឹងចេញមកប្រើប្រាស់ ទោះបីមានជនអគតិមួយចំនួន ដែលបំផុសយករឿងវ៉ាក់សាំងជានយោបាយឱ្យពលរដ្ឋមានការភ័យខ្លាច ព្រោះធាតុពិតគឺមិនមែនទេ»។
រីឯលោក លី តៃសេង ចាងហ្វាង និងជាអគ្គនាយកកាសែត ភ្នំពេញ ប៉ុស្តិ៍ ដែលបានចូលរួមចាក់វ៉ាកសាំងលើកដំបូងនៅមន្ទីរពេទ្យកុមារជាតិបានថ្លែងថា លោកមានសេចក្តីរីករាយ និងជំនឿចិត្តលើវ៉ាក់សាំង COVID-19 របស់ចិន។
លោកយល់ថា ដំណើរការរៀបចំ និងការចាក់វ៉ាក់សាំងជាលើកដំបូងនេះគឺប្រព្រឹត្តទៅបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់របស់គ្រូពេទ្យខ្មែរ ចំណែកការផ្តល់វ៉ាក់សាំង គឺជាជំហានវិជ្ជមានមួយ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ ដែលបាននិងកំពុងឆ្លងរាលដាលពេញលើពិភពលោក។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលចិនដែលបានជួយផ្តល់វ៉ាក់សាំងដល់កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ឱ្យប្រជាជន។ ប្រជាពលរដ្ឋគួរមានសេចក្តីក្លាហានហ៊ានចាក់វ៉ាក់សាំង ដើម្បីសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួនក្រុមគ្រួសារ និងជនរួមជាតិទាំងមូល»។
យ៉ាងណាក្ដីតាមការសង្កេតតាមទីតាំងទាំង ៤ ក្នុងរាជធានីភ្នំពេញក៏មានមនុស្សមួយចំនួនតូចត្រូវបានគ្រូពេទ្យបដិសេធចាក់វ៉ាក់សាំងនេះដែរដោយសារតែកត្តាសុខភាពរបស់ពួកគេ។
លោក ហ៊ុន ម៉ានី ជាកូនប្រុសទី៣ របស់លោក ហ៊ុន សែន ដែលមិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជាលើកដំបូងនៅមន្ទីរពេទ្យកាលម៉ែត ដោយសារបញ្ហាសុខភាពបានថ្លែងថា លោកបានមកពិគ្រោះដើម្បីទទួលបានការចាក់វ៉ាក់សាំងនេះ។ ប៉ុន្តែដោយសារលោកកំពុងមានជំងឺផ្តាសាយធំ គ្រូពេទ្យក៏បានណែនាំលោកឱ្យរង់ចាំរយៈពេល ២ សប្តាហ៍សិន ទើបអាចទទួលការចាក់វ៉ាក់សាំងនេះបាន។
ជាមួយនឹងការខកខាននេះលោក ហ៊ុន ម៉ានី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយរំពឹងថា លោកនឹងទទួលបានការចាក់វ៉ាក់សាំងនេះនៅរយៈពេល ២ សប្តាហ៍ បន្ទាប់ពីស្ថានភាពជំងឺផ្តាសាយលោកបានធូរស្បើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពគត់មត់របស់ក្រុមគ្រូពេទ្យជំនាញយើងដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះ ខ្ញុំក៏សូមសម្ដែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចចិត្តផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំវ័យក្មេងយើងរួមនឹងអ្នកដែលងាយនឹងរងគ្រោះដទៃទៀតបានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ក្រោយពីបានសិក្សា និងវាយតម្លៃច្បាស់លាស់ពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ»។
តាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា តួលេខបណ្ដោះអាសន្នចំពោះអ្នកស្ម័គ្រចិត្តបញ្ជូនឈ្មោះមកទទួលវ៉ាក់សាំងលើកដំបូងនៅទីតាំងទាំង ៤ ពីម្សិលមិញគឺមានប្រមាណ ៥០០ នាក់ ខណៈការផ្តល់វ៉ាក់សាំងនេះនឹងបន្តរហូតដល់វ៉ាក់សាំងដែលទទួលបានជាលើកដំបូងអស់ពីឃ្លាំង៕