ភ្នំពេញៈ ទាព្រៃ​ស្លាប​ស​ប្រមាណ​ពី​ ២០-៣០ ​ក្បាល ​ដែល​បានដាក់​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ [International Union for Conservation of Nature and Natural Resouse (IUCN)] ជា​ប្រភេទ​សត្វ​ជិតផុត​ពូជ​នៅក្នុង​លោក​នេះ កំពុង​មាន​វត្តមាន​រស់នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​នៅក្នុង​ខេត្តព្រះវិហារ ខណៈ​ដែល​វត្តមាន​ពពួកសត្វ​នេះ​នៅរស់​លើ​ពិភពលោក​មាន​ចំនួន​តិចជាង ១ ០០០ ​ក្បាល​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​លោក ថាន់ ស៊ីថាន ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​ជីវភាព​សហគមន៍​នៃ​អង្គការ WCS​។

លោក ថាន់ ស៊ីថាន បាន​ថ្លែងថា ទាព្រៃ​ស្លាប​សមាន​ចំនួន​តិចតួច​នៅក្នុង​តំបន់​ខ្លះ​នៃ​បណ្ដា​ខេត្ត​ផ្សេងទៀត​កាលពី​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​ចំនួន​នេះ​មិន​ត្រូវបាន​កត់ត្រា​ថ្មី​នោះទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​មេ​ទាព្រៃ​ស្លាបស ១ ក្បាល​ដែល​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្មទេព វា​ពង​បាន​ចំនួន ៨ ប៉ុន្ដែ​ញាស់​បាន​តែ ៥ ប៉ុណ្ណោះ​។

ដូច្នេះ​បូក​ទាំង​ពង​ដែល​ញាស់​ថ្មី​នេះ ទាព្រៃ​ស្លាបស នៅ​កម្ពុជា​អាច​មាន​ចន្លោះ​ចាប់ពី ២០-៣០ ក្បាល​។ អង្គការ WCS ប្រចាំ​កម្ពុជា​បាន​ចេញ​ផ្សាយ​រូបភាព​កូន​ទាព្រៃ ស្លាបស ១ ក្បាល ខណៈ​ដែល​វា​បាន​ចាកចេញ​ពី​សំបុក​របស់​វា​ក្នុង​រន្ធ​ដើមឈើ​ជាមួយ​មេ​របស់​វា បាន​ធ្វើឲ្យ​ក្រុមការងារ​អភិរក្ស​ជឿថា កូន​ទាព្រៃ ស្លាប​ស​នេះ​គឺជា​កូន​ទាព្រៃ​ស្លាបស​ ១ ក្នុងចំណោម​កូន​ទាព្រៃ​ស្លាបស ៥ ក្បាល ​ដែល​ក្រុមការងារ​បាន​តាមដាន​នៅក្នុង​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​។

អង្គការ WCS ប្រចាំ​កម្ពុជា​ឲ្យ​ដឹងថា ទាព្រៃ​ស្លាបស​ទាំងនេះ​ចូលចិត្ត​ធ្វើ​សំបុក​នៅក្នុង​រន្ធ​ឈើ នៅលើ​ដើមឈើ​ចាស់ៗ​។ តែ​គួរឱ្យ​សោកស្តាយ ដើមឈើ​ប្រភេទ​នេះ​ប្រឈម​ខ្ពស់​ទៅ​នឹង​ការកាប់​យក​ទៅ​លក់​ខុសច្បាប់​។ ទាព្រៃ​ស្លាប​ស​បច្ចុប្បន្ន​ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក មាន​វត្តមាន​នៅ​សេសសល់​ក្នុង​ទីជម្រក​ធម្មជាតិ​តិចជាង​ ១ ០០០ ក្បាល​។

លោក សាយម៉ុន ម៉ាហ៊ូដ ទីប្រឹក្សា​បច្ចេកទេស​ជាន់ខ្ពស់​នៃ​អង្គការ WCS បាន​ថ្លែងថា​៖ «​ទាព្រៃ​ស្លាប​ស​គឺជា​ប្រភេទ​សត្វព្រៃ​ដ៏សំខាន់​។ ទីជម្រក​របស់​វា​មាន​លក្ខណពិសេស ហើយ​យើង​ត្រូវតែ​អភិរក្ស​ទីជម្រក​ទាំងនេះ​ដើម្បី​ការពារ​ប្រភេទ​សត្វ​នេះ ព្រមទាំង​ប្រភេទ​សត្វ​ដទៃៗ​ទៀត​។ លទ្ធផល​នៃ​ការអង្កេត​តាមដាន​នេះ​មាន​លក្ខណៈ​វិជ្ជមាន និង​បង្ហាញ​ច្បាស់​ថា តាមរយៈ​ការចូលរួម​ពី​សហគមន៍​ និង​មាន​កិច្ចសហការ​រឹងមាំ​ក្នុង​ភាព​ជា​ដៃគូ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើឱ្យ​កិច្ចប្រឹងប្រែង​អភិរក្ស​អាច​ទទួល​បាន​ជោគជ័យ​»​។

អង្គការ WCS ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា ខ្លួន​កំពុង​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត និង​ដៃគូ​ដទៃទៀត​បាននិង​កំពុង​ធ្វើការ​ជាមួយ​ប្រជាសហគមន៍​នៅក្នុង​តំបន់​ដើម្បី​ការពារ​ប្រភេទ​សត្វ​ដ៏សំខាន់​នេះ អស់​រយៈពេល ១០ ​ឆ្នាំ​កន្លង​មក​ហើយ លទ្ធផល​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​សម្រេច​បាន​តាមរយៈ​ដៃគូ​សហការ​ដ៏ល្អ​នេះ​៕