
ស្ត្រីជាតិអូស្ដ្រាលីនិងខែ្មរដែលជាប់ពាក់ព័ន្ធនឹងករណីពពោះជំនួសពេលនាំមកតុលាការកន្លងមក ។ រូបថតៈ ហ្វេសប៊ុក
ភ្នំពេញៈ មន្ត្រីឲ្យដឹងថា កម្ពុជានៅអនុញ្ញាតឲ្យមានការនាំទារកដែលកើតចេញពីការពពោះមុនថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៨ អាចនាំចេញទៅចិញ្ចឹមនៅក្រៅប្រទេសបាននៅឡើយ ចៀសវាងការ «បារម្ភ» ចំពោះចំណាត់ការផ្លូវច្បាប់ដែលនេះជាការបកស្រាយពីលើសេចក្តីណែនាំថ្មីមួយដែលចេញផ្សាយ កាលពីថ្ងៃទី ២៩ ខែមីនា ថ្មីៗនេះ។
សេចក្តីណែនាំមួយរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) ណែនាំឲ្យអាជ្ញាធរបន្តសុពលភាពនៃគោលការណ៍មួយដែលចេញ កាលពីខែ មិថុនា ឆ្នាំ២០១៧ ទាក់ទងនឹងការពពោះជំនួសដើម្បីអនុវត្តចំពោះករណីទារកកើតមុនថ្ងៃ៨ ខែមករា ឆ្នាំ ២០១៨ បានយកចេញទៅក្រៅប្រទេស ។
លោក ស ខេង ប្រធានNCCT និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសរសេរសេចក្តីណែនាំចុះថ្ងៃទី២៩ មីនាឲ្យបន្តសុពលភាពនៃការយកទារកដែលកើតមុនថ្ងៃ៨ខែមករា ឆ្នាំ២០១៨ ចេញទៅក្រៅប្រទេស ប៉ុន្តែត្រូវ «ហាមឃាត់ចំពោះករណីថ្មី» ដែលពពោះក្រោយថ្ងៃឱសានវាទនេះ។
លោកស្រី ជូ ប៊ុនអេង អនុប្រធាន NCCT និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបានពន្យល់ឲ្យភ្នំពេញប៉ុស្តិ៍បន្ថែមថា ៖ «អ្នកមិនទាន់យកទារកចេញទៅក្រៅប្រទេសបាននៅបន្ត យើងមិនចង់ឲ្យគាត់បារម្ភ។ ទោះបីកូនអាយុ ១ខួប ២ ខួបក្តី ពួកគេ នៅតែអាចនាំយកចេញបាន»។
លោកស្រី ប៊ុនអេង បានឲ្យដឹងកាលពីចុងសប្តាហ៍ថា សេចក្ដីព្រាងមួយនេះបានបញ្ចប់ត្រឹមតែ«ថ្នាក់មន្ត្រីបច្ចេកទេស»ប៉ុណ្ណោះ ហើយមានការពិភាក្សាផ្តល់យោបល់ជាច្រើនទៀត ដែលត្រូវធ្វើ ។
ទាក់ទងនឹងគោលការណ៍សុំនាំទារកកើតមុនខែមករាចេញនេះ លោកស្រី ប៊ុនអេង បានឲ្យដឹងថា មានជាង ១០ ករណី ដែលមានទារកខ្លះ បានយកចេញទៅហើយ និងខ្លះទៀត នៅកំពុងរៀបចំវីសានៅឡើយ។
ទោះយ៉ាងណា លោកស្រីថា មានការលេចចេញនូវរូបភាពថ្មីគឺស្ត្រីដែលគេជួលឲ្យពពោះ បានចាកចេញពីកម្ពុជា ទៅប្រទេសថៃ ដើម្បីជាកន្លែងរង់ចាំការផ្តល់កំណើតដល់កូនដែលកើតចេញពីកាពពោះជំនួសវិញជាការគេចចេញការចោទប្រកាន់ថាខុសច្បាប់។
លោកស្រីបន្តថា៖«ឥឡូវ វាមានរឿងផ្សេងទៀតហើយ ពីព្រោះគាត់ (ស្ត្រីខ្មែរ) នាំគ្នាចេញទៅថៃ ព្រោះឥឡូវ យើងកំពុងរៀបចំច្បាប់។ ចាំពិនិត្យលទ្ធភាព ពេលច្បាប់ចេញ តើច្បាប់ហ្នឹងមានទិសដៅយ៉ាងម៉េច ចាំគិតតាមហ្នឹងទៀត»។
កន្លងមករដ្ឋាភិបាល បានចាត់ទុកថា ករណីពពោះជំនួស ដោយយកទារកទៅចិញ្ចឹមនៅក្រៅប្រទេស ជាករណី «ខុសច្បាប់» ប៉ុន្តែកម្ពុជានៅមិនទាន់មានច្បាប់ស្តីពីការពពោះជំនួសនោះទេ ហើយច្បាប់មួយនេះកំពុងត្រូវបានរៀបចំដោយក្រសួងយុត្តិធម៌ សហការជាមួយក្រសួងកិច្ចការនារី ដែលកាលដើមខែមីនា ក្រោយជំនួបជាមួយអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី Rhona Smith ខាងក្រសួងយុត្តិធម៌ ឲ្យដឹងថា ពង្រាងច្បាប់មួយនេះ បានបញ្ចប់ហើយ ដោយមាន ៩ជំពូក និង ៦២ មាត្រា។
សេចក្តីណែនាំរបស់លោក ស ខេង ក៏ជំរុញឲ្យមានការតាមដានស្វែងរក «អន្តរការី ឬជនដែលប្រើល្បិចឃុបឃិតអូសទាញឲ្យមានការពពោះជំនួស» មកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕