ភ្នំពេញ: ទាហានកូឡុំប៊ីចំនួន ២៨ នាក់ បានមកហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ការប្រើប្រាស់ ថែទាំគ្រឿងចក្របោសសម្អាតមីន និងជំនាញគ្រប់គ្រងបុគ្គលិក និងធនធានមនុស្ស នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ស្របពេលរដ្ឋាភិបាលចិនបានផ្ដល់សម្ភារមួយចំនួនដែលគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ពីម្សិលមិញបានថ្លែងថា នៅចុងខែមិថុនា ដល់ខែ សីហា ឆ្នាំ ២០១៩ ស៊ីម៉ាក់នឹងទទួលសិក្ខាកាមចំនួន ៣ ក្រុម ក្នុងនោះក្រុមទាហានរបស់កូឡុំប៊ីចំនួន ២០ នាក់ បាននិងហ្វឹកហ្វឺនរយៈពេលជាង ២ សប្តាហ៍ ចាប់នៅថ្ងៃទី ២៤ ខែ មិថុនា ដល់ថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០១៩ ដែលសិក្សាពីវិធីសាស្ត្រ ក្នុងការបោសសម្អាតផ្ទៃដីដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (BAC)។
ចំណែកទាហានជំនាញកូឡុំប៊ីចំនួន ៨ នាក់ បានចាប់យកហ្វឹកហ្វឺនរយៈពេលជិត ២ ខែ ចាប់ពីថ្ងៃទី ២៧ ខែ មិថុនា ដល់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩ ដោយពួកគាត់ចាប់យកជំនាញការប្រើប្រាស់ និងការថែទាំគ្រឿងចក្របោសសម្អាតមីន «ក្រោយពេលបញ្ចប់វគ្គហ្វឹកហ្វឺនទាហានរបស់កូឡុំប៊ី ក៏មានសិក្ខាកាមមកពីប្រទេសឡាវចំនួន ៧ នាក់ នឹងមកសិក្សាពីជំនាញគ្រប់គ្រងបុគ្គលិក និងធនធានមនុស្សរយៈពេល ៤ សប្តាហ៍ គឺសិក្សានៅកម្ពុជា ២ សប្តាហ៍ និងនៅឡាវ ២ សប្តាហ៍»។
ជាមួយគ្នានេះ នៅក្នុងពិធីប្រគល់ទទួលសម្ភារជំនួយរបស់ប្រទេសចិន សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការអាជ្ញាធរមីនបានថ្លែងថា រយៈពេលជាង ២៧ ឆ្នាំនេះ គិតត្រឹមខែ ឧសភា ឆ្នាំ ២០១៩ កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានផ្ទៃដីចំនួន ១៨៦៩ គីឡូម៉ែត្រការ៉េ យកមកប្រើប្រាស់សម្រាប់សាងសង់លំនៅឋាន ការបង្កបង្កើនផល និងការគាំទ្រដល់ការអភិវឌ្ឍ។
ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១០៧០ ៣៨១ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៤ ៩២៥ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២ ៧៩៣ ៧៤៩ គ្រាប់ ព្រមទាំងមានអ្នកទទួលផលសរុប ៥៥២២ ៦០២នាក់។
លោកបន្ថែមថា ទន្ទឹមនឹងនោះ កម្ពុជានៅសល់ផ្ទៃដីប្រមាណ ២១៤៩ គីឡូម៉ែត្រការ៉េ ដោយមានចម្ការមីនចំនួន ៩២០ គីឡូម៉ែត្រការ៉េ ចម្ការគ្រាប់បែកចង្កោមចំនួន ៧៣២ គីឡូម៉ែត្រការ៉េ និងចម្ការគ្រាប់ដែលលាយឡំគ្នាចំនួន ៤៩៧ គីឡូម៉ែត្រការ៉េ ដែលកំពុងគំរាមកំហែងដល់ការរស់នៅ។ សកម្មភាពនេះ ត្រូវការថវិកាសម្រាប់បោសសម្អាតប្រមាណ ៣៥៤ លានដុល្លារអាមេរិក ដោយរដ្ឋាភិបាលកម្ពុជា បានឯកភាពកំណត់យកឆ្នាំ ២០២៥ ជាឆ្នាំដែលកម្ពុជាអស់ការគំរាមដោយសារមីន។
លោក លី ធុជ បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា នៅឆ្នាំ ២០២៥ ខាងមុខនេះ កម្ពុជានឹងទទួលបានជោគជ័យក្នុងផែនការបោសសម្អាតមីនឲ្យអស់ពីទឹកដី ដោយត្រូវការជាចាំបាច់នូវជំនួយពីមហាមិត្តចិន ក្នុងការជម្នះលើបិសាចក្រោមដីដែលលាក់ខ្លួនក្នុងទីងងឹត »។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ភាគីចិនបានផ្ដល់បរិក្ខារស្វែងរក និងបោសសម្អាតមីន មធ្យោបាយធ្វើដំណើរ សម្ភារប្រើប្រាស់ក្នុងការិយាល័យ និងសម្ភារមនុស្សធម៌ផ្សេងៗទៀតជូនភាគីកម្ពុជា ដើម្បីប្រើប្រាស់ជួយគាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា។
លោកថ្លែងថា៖ «ការផ្ដល់សម្ភារទាំងអស់នេះ បានបង្ហាញឲ្យឃើញពីការរួមកម្លាំងយ៉ាងសំខាន់រវាងកម្ពុជា-ចិន លើសកម្មភាពបោសសម្អាតមីនជូនកិច្ចការមនុស្សធម៌អន្តរជាតិ»។
តាមសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថាសម្ភារនោះមានរថយន្តចំនួន ៤ គ្រឿង ម៉ូតូ ១០ គ្រឿង ម៉ាស៊ីនរាវមីន ៤០ គ្រឿង ប្រអប់សម្ភារ ១១០ ឈុត សម្លៀកបំពាក់ការពារ ៤០ កុំប្លេ មួកការពារ ៤០ មួក ម៉ាស៊ីន UAV ៥ គ្រឿង ម៉ាស៊ីនបំផ្ទុះ ១១៥ គ្រឿង ឯកសណ្ឋាន ស្បែកជើង ខ្សែក្រវាត់ មួក ១ ០០០ កុំប្លេ និងទឹកថ្នាំម៉ាស៊ីនព្រីន ៦៩ ប្រអប់៕