ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​សម្រេច​បញ្ជូន​កងយោធពល​ខេមរភូមិន្ទ​ជាង​ ៤០០ ​នាក់​ទៅ​កាន់​ប្រទេស​ម៉ាលី និង​ស៊ូដង់​ខាង​ត្បូង​ដើម្បី​បំពេញ​ការងារ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ បើ​ទោះ​ជា​ធ្លាប់​មាន​អ្នករងគ្រោះ​ដល់​ជីវិត​ក៏ដោយ ។ ពិធី​ជួបជុំ​គ្នា​មួយ​បាន​ធ្វើ​ឡើង​​នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង​កាលពី​ព្រឹក​ម្សិលមិញ​ ដើម្បី​​ជូន​ដំណើរ​ក្រុម​រក្សា​សន្តិភាព​​មួយ​ក្រុម​ថ្មី​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​កណ្ដាល​នេះ​។ ក្នុង​ចំណោម​ទាហាន​មួកខៀវ​កម្ពុជា​ចំនួន​ ៤២៨ ​នាក់​ដែល​ត្រូវ​ចេញ​ដំណើរ​គឺ​មាន ក្រុម​គ្រូពេទ្យ អ្នក​ដោះមីន និង​អ្នក​បើកឡាន​ដែល​នឹង​ត្រូវ​ទៅ​កាន់​ប្រទេស​ម៉ាលី និង​ស៊ូដង់​ខាង​ត្បូង​នៅ​​ថ្ងៃ​សុក្រ​នេះ​។

កម្ពុជា​បច្ចុប្បន្ន​មាន​កងទ័ព​ចំនួន​ ៨១៣ ​នាក់​នៅក្នុង​ប្រទេស​ដែល​ខ្ទេចខ្ទី​នៅក្នុង​សង្គ្រាម​លើ​​ពិភពលោក​។ ចាប់​តាំងពី​ឆ្នាំ​ ២០០៦ ក្រុម​រក្សា​សន្តិភាព​កម្ពុជា​ចំនួន​ ៥២៥៧ ​នាក់​បាន​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ប៉ុន្តែ​មិនមែន​ទាំងអស់​ទេ​ដែល​ត្រឡប់​មក​កាន់​ស្រុក​កំណើត​វិញ​ដោយ​មាន​ជីវិត​នោះ​។ បន្ទាប់ពី​មាន​ការ​វាយប្រហារ​នៅ​ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ដែល​បាន​សម្លាប់​មន្ត្រី​រក្សា​សន្តិភាព​កម្ពុជា​ចំនួន​ ៤ ​នាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើន​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ទ្វេដង ដោយ​សន្យា​ថា​នឹង​បង្កើន​ចំនួន​មន្ត្រី​រក្សា​សន្តិភាព​។ ថ្លែង​ក្នុង​ពិធី​កាលពី​ម្សិលមិញ​នេះ​ដែរ នាយឧត្តម​សេនីយ៍​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មិន​រាថយ​ឡើយ ប៉ុន្តែ​បាន​ប្តេជ្ញា​បង្កើន​កម្លាំង​បន្ថែម បើ​ទោះបី​កងទ័ព​កម្ពុជា​ត្រូវ​បាន​រង​ការវាយប្រហារ​ពី​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ម៉ាលី ក៏ដោយ​។ ក្រៅពី​នេះ​លោក​ក៏​បាន​ឆ្លៀត​ឱកាស​លើក​ឡើង​អំពី​បញ្ហា​ «​បដិវត្តន៍​ពណ៌​» ដែល​រដ្ឋាភិបាល​បាន​បង្ក្រាប​ទៅលើ​គណបក្ស​ប្រឆាំង​ផង​ដែរ​។

ទាហាន​ស្ត្រី​មួកខៀវ​កម្ពុជា​នៅក្នុង​ពិធី​រៀបចំ​ចេញ​ទៅ​បរទេស​កាលពី​ម្សិលមិញ​។ហេង ជីវ័ន

លោក ប៉ុល សារឿន បាន​បន្ត​ថា​៖ «​ដើម្បី​បុព្វហេតុ​ការពារ​សន្តិភាព និង​ការពារ​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ និង​វិបុលភាព​នៃ​សង្គម​កម្ពុជា ប្រទេស​ជាតិ​បាន​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​មុតមាំ និង​តឹងរ៉ឹង និង​បាន​រារាំង​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ដោយ​ជោគជ័យ​ដែល​​ជា​ល្បិច​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​»​។ តំណាង​អង្គការ​សហប្រជាជាតិ លោក Alexandre Huyanh បាន​សរសើរ​ស្ត្រី​ ២៤ ​នាក់​ដែល​ចូលរួម​នៅក្នុង​ក្រុម​រក្សា​សន្តិភាព​នេះ​។ លោក​បាន​ថ្លែង​ថា​៖ «​ការងារ​យោធា​តម្រូវ​ឲ្យ​មាន​សេចក្តី​ក្លាហាន​ពី​អ្នក​ទាំងអស់​គ្នា ប៉ុន្តែ​វា​ត្រូវការ​សេចក្តី​ក្លាហាន ពិសេស​ដើម្បី​បំបែក​ឧបសគ្គ​យេនឌ័រ និង​ទទួល​បាន​អាជីព​ក្នុង​វិស័យ​មួយ​ដែល​ពោរពេញ​ដោយ​វត្តមាន​​មនុស្ស​ប្រុស​»៕ PS