កោះកុងៈ កងទ័ពកម្ពុជានិងថៃ នៅព្រំដែនខេត្ត កោះកុង បានប៉ះទង្គិចគ្នាមួយប្រាវ កាលពីថ្ងៃសៅរ៍ ខណៈពួកគេកំពុងល្បាត នៅតាមខ្សែព្រំដែនរួម។
លោកវរសេនីយ៍ត្រី អុន ម៉ាណាប មេបញ្ជាការរងនៃកងវរសេនាតូចថ្មើរជើងលេខ ៣០៣ ដែលមានមូលដ្ឋាននៅព្រំដែនក្នុងស្រុក ថ្មបាំង បានថ្លែងថា ការប៉ះទង្គិចគ្នារវាងកងកម្លាំងរបស់លោក និងទាហាន ថៃ បានកើតឡើងនៅវេលាម៉ោងប្រហែល ១១:៣០ ថ្ងៃត្រង់ ខណៈក្រុមកងទ័ពឯកសណ្ឋានឈុតខ្មៅរបស់ថៃ កំពុងល្បាត នៅខាង កម្ពុជា ហើយពួកគេឲ្យទាហាន កម្ពុជា ថយក្រោយ ប៉ុន្តែទាហានកម្ពុជាមិនព្រម បន្ទាប់មកពួកគេបានបើកការបាញ់រះមកលើទាហាន កម្ពុជា។ លោក អុន ម៉ាណាប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើងបានបាញ់គ្នាទៅវិញទៅមកអស់រយៈប្រហែល ២០ នាទី»។ «ទាហានរបស់យើងមិនអីទេ ប៉ុន្តែទាហានថៃម្នាក់ត្រូវរបួសត្រង់ជើង»។ លោកឲ្យដឹងទៀតថា ស្ថានការណ៍មានលក្ខណៈតានតឹងនៅតាមព្រំដែនដែលមានការប៉ះទង្គិចគ្នានោះ ហើយច្រករបៀងមួយចំនួន ដែលប្រជាជនធ្លាប់ចេញចូល ត្រូវបានបិទចាប់តាំងពីការប៉ះទង្គិចគ្នានោះមក។
លោកថ្លែងថា ឧប្បត្តិហេតុដែលបានកើតឡើងនេះ គឺជាលើកទីបួនហើយដែលទាហានថៃប៉ុនប៉ងឆ្លងចូលមកខាង កម្ពុជា ហើយពេលខ្លះពួកគេអះអាងថា វង្វេងផ្លូវបន្ទាប់មកមេបញ្ជាការមកសម្រុះសម្រួលបញ្ចប់ករណីនោះ។
ទោះយ៉ាងណាក្តី មេបញ្ជាការយោធាភូមិភាគ ៣ និងមេបញ្ជាការក្នុងខេត្ត កោះកុង បានធ្វើដំណើរទៅខេត្ត ត្រាត ដើម្បីចរចាជាមួយខាង ថៃ ហើយលទ្ធផលមិនទាន់បានប្រកាសនៅឡើយទេ។
លោក កុយ សារឿន មេបញ្ជាការនគរបាលថ្មើរជើងព្រំដែនលេខ ៨២៥ ក្នុងស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ដែលមានព្រំដែនជាប់នឹងកន្លែងប៉ះទង្គិចគ្នាក៏បានថ្លែងផងដែរថា ច្រកព្រំដែនដែលប្រជាជនធ្លាប់ចេញចូលដើម្បីទិញរបស់របរម្ហូបអាហារជារៀងរាល់ថ្ងៃសៅរ៍និងអាទិត្យក៏ត្រូវបានបិទផងដែរ ចាប់តាំងពីការប៉ះទង្គិចគ្នានោះ។ លោកបន្តថា៖ «ស្ថានភាពនៅតំបន់របស់ខ្ញុំគឺធម្មតាទេ ប៉ុន្តែអ្វីដែលសំខាន់គឺលទ្ធផលពីកិច្ចប្រជុំដែលយើងនឹងដឹង នៅថ្ងៃស្អែក»។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួង ការពារជាតិមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីថ្ងៃអាទិត្យម្សិលមិញ៕ PS