ភ្នំពេញៈ ​ទិវា​គ្រូបង្រៀន​ឆ្នាំនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​ «​គ្រូបង្រៀន​ឆ្លាតវៃ ដើម្បី​ការអប់រំ​ឌីជីថល​» នឹង​មិនមាន​ការផ្ដល់​ពានរង្វាន់​ដល់​នាយក​សាលា សាលារៀន និង​គ្រូបង្រៀន​ល្អ​ដូច​រាល់​ឆ្នាំ​ឡើយ ពី​ព្រោះតែ​វិបត្ដិ​ជំងឺ​កូវីដ​ ១៩ និង​មិនទាន់​បាន​ប្រឡង​បាក់ឌុប​នៅឡើយ​។ នេះ​បើ​តាម​លោក ហង់ជួន ណារ៉ុន ​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក ហង់ជួន ណារ៉ុន ​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ស្ដីពី​ការត្រៀម​រៀបចំ​ទិវា​គ្រូបង្រៀន​ថ្ងៃទី​ ៥ ខែ​តុលា ឆ្នាំនេះ ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​ពី​ម្សិលមិញ​ថា​ជា​រៀងរាល់​ឆ្នាំ​ក្រសួង​អប់រំ​បាន​ប្រារព្ធ​ទិវា​នេះ​ឡើង​តាមរយៈ​ប្រធានបទ ឆ្លុះបញ្ចាំង​នូវ​ទិវា​គ្រូបង្រៀន​អន្តរជាតិ​ផង និង​ឆ្លើយតប​ទៅនឹង​បរិបទ​វិស័យ​អប់រំ​របស់​កម្ពុជា​ផង​។ ការប្រារព្ធ​ទិវា​នេះ​តែងតែ​លើកឡើង​នូវ​ប្រធានបទ​ផ្សេងៗ​គ្នា ដើម្បី​បង្ហាញ​ពី​គុណតម្លៃ​ក៏ដូចជា​លើកកម្ពស់​កិត្ដិយស​ដល់​គ្រូបង្រៀន​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ជា​រៀងរាល់​ឆ្នាំ​យើង​បាន​ផ្ដល់​ពានរង្វាន់​នាយក​ល្អ និង​គ្រូ​ល្អ​ទៅ​ដល់​លោកគ្រូ អ្នកគ្រូ​។ ក៏ប៉ុន្ដែ​ឆ្នាំ​នេះ ព្រោះតែ​បរិបទ​កូវីដ​ ១៩ ហើយ​ជាពិសេស​យើង​មិនទាន់​បាន​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ ដូច្នេះ​យើង​មិន​អាច​ផ្ដល់​ជូន​ពានរង្វាន់​បាន​ទេ​»​។ ក៏ប៉ុន្ដែ​ទិវា​ឆ្នាំនេះ​នឹង​មាន​ធ្វើ​កិច្ច​ពិគ្រោះ​យោបល់​ និង​ពិភាក្សា​គ្នា​ទៅ​លើ​ប្រធានបទ​មួយចំនួន ដូចជា​តួនាទី​របស់​នាយក​សាលា តួនាទី​សាលារៀន និង​តួនាទី​របស់​គ្រូបង្រៀន​នៅក្នុង​យុគសម័យ​ឌីជីថល​។

បើ​តាម​លោក​រដ្ឋមន្ដ្រី ទិវា​គ្រូបង្រៀន​ឆ្នាំនេះ​ក្រសួង​បាន​ជ្រើសរើស​ប្រធានបទ​ «​គ្រូបង្រៀន​ឆ្លាតវៃ ដើម្បី​ការអប់រំ​ឌីជីថល​» ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា នៅក្នុង​យុគសម័យ​ឌីជីថល ពិសេស​នៅក្នុង​បរិបទ​កូវីដ​១៩​នេះ គ្រូបង្រៀន​ត្រូវតែ​ឆ្លាត​វៃ​អាច​បង្រៀន​នៅក្នុង​យុគសម័យ​ឌីជីថល​នេះ​បាន​។ លោក​បញ្ជាក់​ថា​៖ «​ជា​រៀងរាល់​ឆ្នាំ​ការប្រារព្ធ​ទិវា​នេះ​មាន​ធ្វើ​បាឋកថា​មួយ​។ ដូច្នេះ​ឆ្នាំនេះ យើង​មាន​បាឋកថា មួយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​កំណែទម្រង់​អប់រំ​ជារួម ជាពិសេស​ផ្ដោត​ទៅ​លើ​ការអនុវត្ដ​ការគ្រប់គ្រង​សាលារៀន​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ថ្លែង​ពី​ម្សិលមិញ​ថា ដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នេះ សមាគម​គ្រូបង្រៀន​ និង​លោកគ្រូ​អ្នកគ្រូ​ប្រមាណ​ ១៥០ ​នាក់​គ្រោង​រៀបចំ​ធ្វើ​ពិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​បាន​ស្នើ​ទៅ​សាលា​រាជធានី ប៉ុន្ដែ​សាលា​រាជធានី​អនុញ្ញាតឱ្យ​ជួបជុំគ្នា​ត្រឹម​ ៥០ ​នាក់​។ «​យើង​ប្រារព្ធ​ពិធី​នេះ មិនមែន​ធ្វើ​ដូច​ក្រសួង​អប់រំ​ដែល​គ្រាន់តែ​ឱ្យ​រង្វាន់​ ១ ​កញ្ចប់​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​នេះ​ទេ គឺ​យើង​ចង់​ឱ្យ​ ១ ​ជីវិត​របស់​គ្រូបង្រៀន​ទទួល​បាន​នូវ​អត្ថប្រយោជន៍​មួយ​ដែល​អាច​បន្ត​ទៅដល់​ថ្ងៃមុខ​ទៀត​»​។

បើ​តាម​ក្រសួង​អប់រំ​ទិវា​គ្រូបង្រៀន​ឆ្នាំនេះ​នឹងត្រូវ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​រយៈពេល​ ១ ​ថ្ងៃ​ដោយ​មាន​ការចូលរួម​ពី​លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ សមាគម​បុគ្គលិកសិក្សា​ខ្មែរ​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ការប្រារព្ធ​ទិវា​គ្រូបង្រៀន និង​ដោយឡែក​ទិវា​ដឹងគុណ​គ្រូបង្រៀន​នៅ​កម្ពុជា​ជា​ទិវា​មួយ​ដែល​បាន​កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​គតិបណ្ឌិត​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន តាំងពី​ឆ្នាំ​ ១៩៩៧ ​មក​ក្នុង​គោលបំណង​បំផុស​ឡើងវិញ​នូវ​វប្បធម៌​ និង​ប្រពៃណី​នៃ​ការ​រំឭក​គុណូបការៈ​ដ៏ថ្លៃថ្លា​របស់​សិស្ស ចំពោះ​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស​។

«​គ្រូបង្រៀន​បាន​ខិតខំ​អំណត់ ព្យាយាម​ក្នុង​ការបំពេញភារកិច្ច​ជា​អ្នក​បណ្តុះបណ្តាល​ដើម្បី​ផ្ទេរ​ចំណេះដឹង ព្រមទាំង​ទូន្មាន សិស្សានុសិស្ស​ឱ្យ​ធ្វើ​តែ​អំពើ​ល្អ ស្គាល់​ខុសត្រូវ គោរព ចាស់ទុំ តាម​គំនិត​ថ្មី​នៃ​ការអប់រំ គឺ​រៀន​ដើម្បី​មាន​ចំណេះដឹង រៀន​ដើម្បី​មាន​ចំណេះ​ធ្វើ រៀន​ដើម្បី​មាន​សីលធម៌​ល្អ និង​រៀន​ដើម្បី​រួមរស់​នៅ​ជាមួយ​គ្នា​ប្រកបដោយ​ភាពសុខដុម​។ គ្រូបង្រៀន​បានរួម​ចំណែក​កសាង​សិស្សានុសិស្ស​ឱ្យ​ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​ដែល​ជា​កម្លាំងចលករ​នៃ​ការអភិវឌ្ឍ​សង្គមជាតិ​»៕