កំពង់ចាមៈ នៅទីបំផុតសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមបានរកឃើញទីតាំងកប់ក្បាលជនរងគ្រោះជីដូន និងចៅស្រី ដែលត្រូវបានគេសម្លាប់ និងកាត់ក្បាលយកទៅលាក់ទុកនោះហើយក្រោយពីបានប្រឹងប្រែងស្រាវជ្រាវ និងរុករកអស់រយៈពេលជាង ២ សប្ដាហ៍កន្លងមក។
លោក ហេង វុទ្ធី ស្នងការរងខេត្តកំពង់ចាមបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្បាលរបស់សពអ្នកស្រី ពូ អូន និងចៅស្រីរបស់គាត់ ឈ្មោះ ខេង សាវឿន ត្រូវបានឆ្កែ ១ ក្បាលពាំចេញពីក្នុងព្រៃមកទម្លាក់ចោលនៅក្បែរបន្ទប់ទឹកផ្ទះអ្នកភូមិម្នាក់កាលពីល្ងាចថ្ងៃទី ១៨ ខែ មេសា ហើយនៅព្រឹកថ្ងៃទី ១៩ ខែ មេសា ក្រុមកម្លាំងនគរបាលចម្រុះខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវ និងបានរកឃើញទីតាំងកប់ទុកក្បាលជនរងគ្រោះទាំង ២ នោះនៅក្នុងព្រៃចម្ងាយជិត ២ គីឡូម៉ែត្រពីភូមិ។
លោក វុទ្ធី បានបញ្ជាក់ថា៖ «តាមរយៈដានស្នាមឆ្កែកាយ ក្រុមសមត្ថកិច្ចយើងក៏បានប្រទះឃើញទីតាំងដែលត្រូវបានគេកប់ក្បាលជនរងគ្រោះលាក់ទុកដើម្បីបំបាត់ភ័ស្តុតាងនោះតែម្ដង»។
លោកបានបន្ថែមថា៖ «ក្បាលទាំងនោះយើងបានប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅរៀបចំពិធីតាមជំនឿ និងប្រពៃណីរបស់ពួកគេ ហើយសំណាកមួយផ្នែកតូចបានប្រគល់ឲ្យមន្ត្រីជំនាញមកពីអង្គភាព (CPU) យកទៅពិនិត្យ DNA ដើម្បីស្វែងរកការពិត និងធ្វើជាភ័ស្ដុតាងបន្ថែមទៀត ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យក្នុងសំណុំរឿងនេះ»។
អ្នកស្រី ពូ អូន អាយុ ៦៥ ឆ្នាំ និងចៅស្រីរបស់គាត់ ឈ្មោះ ខេង សាវឿន អាយុ ៦ ឆ្នាំ រស់នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានគេសម្លាប់ដោយកាត់ក្បាល ហើយសពរបស់ពួកគាត់ត្រូវបានគេប្រទះឃើញនៅក្នុងព្រៃមួយកន្លែងដែលមានចម្ងាយប្រមាណ ១៥០ ម៉ែត្រ ពីព្រំចម្ការស្វាយចន្ទីរបស់គាត់កាលពីថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩។ ២ ថ្ងៃក្រោយពីមានករណីឃាតកម្មដ៏ព្រៃផ្សៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរស ២ នាក់ដែលជាឪពុកកូននឹងគ្នា រួមមានឈ្មោះ ស៊ីម ខេង ៥៥ ឆ្នាំ និង ឈ្មោះ ស៊ីម សុខខេត អាយុ ៣៦ ឆ្នាំ ជាអ្នករស់នៅជិតខាងជាមួយនឹងជនរងគ្រោះ ហើយសាលាដំបូងខេត្តកំពង់ចាមបានសម្រេចឃុំខ្លួនឪពុកកូនទាំង ២ នោះ ដោយចោទប្រកាន់ពីបទ «ឃាតកម្ម គិតទុកជាមុន» បន្ទាប់ពីសមត្ថកិច្ចបានរកឃើញវត្ថុតាងក្រមាប្រឡាក់ឈាមមួយ ដែលជនសង្ស័យបានអះអាងថា ជារបស់ខ្លួន។
អ្នកស្រី ដើង ចាន់ថា អាយុ ២៤ ឆ្នាំ ដែលជាកូនស្រីរបស់អ្នកស្រី ពូ អូន និងជាម្ដាយកុមារី ខេង សាវឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រហូតមកទល់ពេលនេះ អ្នកស្រីនៅមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដថាហេតុអ្វីបានជាអ្នកជិតខាងរបស់គាត់ទាំង ២ នាក់ឪពុកនិងកូននោះសម្លាប់ម្ដាយ និងកូនស្រីគាត់យ៉ាងឃោរឃៅបែបនេះ បើកន្លងមកពួកគេមិនធ្លាប់មានភាពល្អក់កករនឹងគ្នាផងនោះ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនដឹងថា តើពួកគាត់ទាំង ២ ជាឃាតករសម្លាប់ម្ដាយ និងកូនស្រីរបស់ខ្ញុំពិតប្រាកដឬយ៉ាងណានោះទេ ព្រោះពួកគាត់នៅមិនទាន់បានសារភាព ហើយពួកយើងក៏មិនធ្លាប់មានទំនាស់អ្វីនឹងគ្នាដែរ។ ករណីនេះខ្ញុំជឿជាក់លើសមត្ថកិច្ចថានឹងស្វែងរកការពិត និងផ្ដល់ភាពយុត្តិធម៌សម្រាប់ម្ដាយ និងកូនស្រីខ្ញុំ»។
បើតាមលោក វុទ្ធី ការពិតនឹងលាតត្រដាង ក្រោយពេលក្រុមមន្ត្រីជំនាញនៃអង្គភាព CPU ប្រកាសលទ្ធផល DNA នៃសំណាកលលាដ៏ក្បាល ជនរងគ្រោះទាំង ២ រូបនៅពេលខាងមុខនេះ៕