ភ្នំ​ពេញៈ ទីលាន​បាញ់​ស៊ីបកម្សាន្ត​​មួយ​​​​កន្លែង​នៅ​ក្នុង​ខេត្តកំពង់​ស្ពឺ​​ដែល​គេ​ជឿ​ថា​ ជា​កន្លែង​នៃ​ការ​ផ្ទុះ​គ្រា​ប់​​ដែល​បណ្ដាល​ឲ្យ​ស្លាប់​​ទាហាន​កម្ពុជា​ម្នាក់ និង​​ទេសចរ​ជន​ជាតិ​អូស្រ្តាលី​ម្នាក់ ​កាល​ពី​​សប្តាហ៍​មុន​ ត្រូវ​បាន​បិទ​បណ្តោះ​អាសន្ន​។

កន្លែង​នេះ​ដែលមានឈ្មោះ​ថា Cambodia Shooting Range ស្ថិត​​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ​​ជា​កន្លែង​​ដែល​​គ្រាប់​បែក​មួយ​បានផ្ទុះ​បណ្ដាល​ឲ្យ​ស្លាប់​ជីវិត​​មនុស្ស​ពីរ​នាក់​​និង​ធ្វើ​ឲ្យ​របួស​មនុស្ស​ពីរ​នាក់​ដទៃ​​ទៀត​​ កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​សប្តាហ៍​មុន​។

រូប​ថត​​​នៅ​លើ​​​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​នេះ​ ទំនង​ជា​ដូច​នឹង​រូប​នៃ​កន្លែង​​សោកនាដ​កម្ម​​នោះ​។ នៅ​ពេល​ទាក់​ទង​តាម​ហ្វេស​ប៊ុក​ ​អ្នក​គ្រប់​គ្រង​​ទំព័រ​ហ្វេស​ប៊ុក​​ Cambodia Shooting Range ​បាន​ថ្លែង​ថា ​ពួក​គេ​មិន​បើក​ដំណើរ​ការ​ទេ​។

ពួក​គេ​និយាយ​ថា​៖«​​ការ​បាញ់​ទាំង​អស់​​ ឥឡូវ​នេះ​ ត្រូវ​បាន​ផ្អាក​​រហូត​ទាល់​តែ​មាន​ការ​ជូន​ដំណឹង​​ជា​ថ្មី​»​។ ទំព័រ​ហេ្វស​ប៊ុក​នេះ​ក្រោយ​មក​ត្រូវ​បាន​លុប​ចោល​។

ទី​កន្លែង​នេះ​ដែល​​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​​មូល​ដ្ឋាន​យោធា​មួយ​ ​មិន​​ត្រូវ​បាន​​ស៊ើប​អង្កេតដោយ​សមត្ថកិច្ច​ទេ។ នេះ​​បើ​តាម ​លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​។ លោក​បាន​ថ្លែង​ថា​ ករណី​គ្រោះ​ថ្នាក់​នេះ​គឺ​ជា​​«​រឿង​ឯក​​ជន​»​រវាង​មិត្ត​ភក្តិ​​ និង​​មិត្ត​ភក្តិ។

ទីលាន​បាញ់​នេះ​ គឺ​ជា​ទីលាន​មួយ​ក្នុង​ចំណោម​ទីលាន​ជា​ច្រើន​​ដែល​ស្ថិត​នៅ​ក្នុង​មូលដ្ឋាន​យោធា​ ដែល​ភ្ញៀវ​ទេសចរ​ អាច​​ចូល​ទៅ​លេង​បាន​តាម​រយៈ​ការ​បង់​ប្រាក់​ ដើម្បី​បាញ់​គ្រប់​ពិត​ ​រួម​ទាំង​គ្រប់​បេ ​​ផងដែរ​។ កម្ពុជា​ ជាប្រទេស​មួយ​មិនអា​ច​ផលិត​គ្រាប់​​បែក ឬ​អាវុធជា​តិផ្ទុះផ្សេងៗទេ ហើយ​សម្ភារៈទាំ​ងនោះ​ត្រូវបាន​ទិញពីប​រទេស​។​

បើ​ទោះ​បី​ជា​​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ ​​បាន​និយាយ​ ពីពេលថ្មីៗនេះ​ថា ​ការ​បើក​ដំណើរ​​ការ​នេះ​​មាន​លក្ខណៈ​ខុស​ច្បាប់​​អស់​រយៈ​កាល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​នោះ ​​ក៏​វា​នៅ​តែ​​​ដំណើរ​ការ​​យ៉ាង​សកម្ម​។

លោក ​​សាត ណាន់​ធី ដែល​​​ជា​បុគ្គលិក​​ម្នាក់​នៅ​សណ្ឋា​គារ​ B52 ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ បាន​ថ្លែង​ថា៖ «​ពិត​ណាស់​»​ ភៀវ​ទេសចរ​ ​អាច​បង់​ប្រាក់​ដើម្បី​ទៅ​បាញ់​កាំ​ភ្លើង​លេង​​នៅ​ទីលាន​បាញ់​កាំ​ភ្លើង​​នៅ​​ខេត្ត​កំពង់​ស្ពឺ​ ​ដែល​រូប​ថត​ទំនង​ជា​ដូច​នឹង​ទីតាំង​​នៃ​ការ​ផ្ទុះ​គ្រាប់​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍មុន​។

លោក​​ថ្លែង​ថា ​តម្លៃ​មាន​ចាប់​ពី​២០​ដុល្លារ​សម្រាប់​ការ​បាញ់​កាំ​ភ្លើង រហូត​ដល់​​៣០០​ដុល្លារ​សម្រាប់​ការ​បាញ់​គ្រាប់​បេ​។ លោក​បា​ន​ថ្លែង​ថា ​ជន​ជាតិ​អូស្រ្តាលី​ទាំង​ពីរ​នាក់​​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​​​ការ​ផ្ទុះ​នោះ​​មិន​ស្នាក់​នៅ​សណ្ឋា​គារ​​ B52​ទេ​។

អ្នក​ស្រី Evie Pettit ដែល​ជា​ភ្ញៀវ​ទេសចរ​​ម្នាក់​ដែល​ស្នាក់​នៅ​សណ្ឋា​គារ B52 កាល​ពី​ខែ​មករា បាន​ថ្លែង​ថា អ្នក​ស្រី​និង​អ្នក​​​ធ្វើ​ដំណើរ​ដូច​គ្នា​ម្នាក់​ទៀត​ បាន​ឆ្លៀត​ឱកាស​​ទៅ​បាញ់​កាំ​ភ្លើង​​លេង ហើយ​សណ្ឋា​គារ​បាន​សន្យា​​ផ្តល់​«ការ​បញ្ចុះ​តម្លៃ​​ល្អ​មួយ​»។

អ្នក​ស្រីបង់​ប្រាក់​៥០​ដុល្លារ​​ដើម្បីបាញ់​កាំ​ភ្លើង​ M16 ​ខណៈ​មិត្ត​ភក្តិ​របស់​អ្នក​ស្រី​បង់​ច្រើន​ជាង​នេះ​​ដើម្បី​បាញ់​កំា​ភ្លើង​យន្ត​​និង​បេ។ បន្ទាប់​ពី​​មាន​ករណី​សោកនាដ​កម្ម​កាល​ពី​ពេល​ថ្មី​ៗ​ ​អ្នក​ស្រី Pettit បាន​ថ្លែង​ថា ​អ្នក​ស្រី​បាន​ក្រឡេក​មើល​ក្រោយ​វិញ​​«​ក្នុង​អារម្មណ៍​ផ្សេង​ពី​មុន​»។​

អ្នក​ស្រី​បាន​ថ្លែង​ថា​៖«​ឥឡូវ​នេះ ​​ខ្ញុំ​ក្រឡេក​មើល​ក្រោយ​វិញ ​វា​ហាក់​បី​ដូច​ជា​មិន​មានសុវត្ថិ​ភាព​​ទាល់​តែ​សោះ​។ ​ខ្ញុំ​មិន​បាន​ឃើញ​វិធាន​ការ​សុវត្ថិ​ភាព​ណា​មួយ​សម្រាប់​អាវុធ​ទាំង​នោះ​... ​ហើយ​កន្លែង​ដែល​យើង​បាន​បាញ់​ចេញ​ គឺ​ជា​កន្លែង​សាមញ្ញ​មួយ​»​។ «​យើង​មិន​មាន​ឧបករណ៍​ពាក់​ការ​ពារ​ភ្នែក​ផង​ដែរ​»។

អ្នក​ស្រី Pettit ​បាន​ថ្លែង​ថា បុរស​ម្នាក់​​ពី​សណ្ឋា​គារ​​បាន​បើក​ឡាន​ឌុប​អ្នក​ទាំង​ពីរ​​​ទៅ​កាន់​ទី​តាំង​នោះ​ បាន​ជំរុញ​ឲ្យ​​អ្នក​ស្រី​ទិញ​ស្រាបៀ​ទៅ​ជា​មួយ​។ ​អាវុធ​ត្រូវ​បាន​ទុក​នៅ​ក្នុង​រទេះ​មួយ​ ហើយ​ជន​ជាតិ​កម្ពុជា​​ដែល​មើល​ការ​ខុស​ត្រូវ​កន្លែង​បាញ់​នោះ​​បាន​នាំ​គ្នា​ផឹក​ស្រា​បៀ​យ៉ាង​ក្អាកក្អាយ​៕ PS