ភ្នំពេញៈ ក្រុមហ៊ុន​ CMVICInspection ​កាលពី​ម្សិលមិញ​បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ១ ​កន្លែង​ថ្មី​ទៀត​នៅតាម​ផ្លូវ​ ៥៩៨ ក្នុង​សង្កាត់​ច្រាំងចំរេះ​ ២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ម្ចាស់​យានយន្ត​ក្នុង​ការទទួល​បាន​សេវាកម្ម​តាម​កំណត់​​ ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​បំពុលបរិស្ថាន​។

នេះ​ជា​ទី​តាំងទី​ ៤ ​ហើយ​នៅ​រាជធានី​ភ្នំពេញ ខណៈ​ ៣ ​ទីតាំង​ទៀត​នៅក្នុង​ខណ្ឌដង្កោ​ (​ផ្លូវជាតិ​លេខ​ ២១៧) ខណ្ឌ​ច្បារអំពៅ​ (​ផ្លូវជាតិ​លេខ​ ១) ​និង​ខណ្ឌ​ជ្រោយចង្វារ​ (​ផ្លូវ​ ៦A)​។

លោក​ ម៉ែន ភក្ដិ ប្រធាន​ក្រុម​បច្ចេកទេស​ប្រចាំ​មជ្ឈមណ្ឌល​ថ្មី​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​មជ្ឈមណ្ឌល​មាន​ឧបករណ៍​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ទំនើប និង​ស្វ័យប្រវត្តិ​ដែល​​អាច​ដំណើរការ​បាន​ឆាប់រហ័ស​​ និង​ងាយស្រួល​បំផុត​។

លោក​ថា​៖ «​ក្នុង​រថយន្ត​ ១ ​គ្រឿង​យើង​ចំណាយពេល​ត្រឹមតែ​ ៥ ​នាទី​ប៉ុណ្ណោះ សម្រាប់​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​របស់​វា​»​។

លោក​បាន​បន្តថា មជ្ឈមណ្ឌល​ថ្មី​នេះ​មាន​ច្រក​សម្រាប់​ឲ្យ​រថយន្ត​ចូល​ត្រួតពិនិត្យ​ចំនួន​ ៣ ​ខ្សែ​​ដែល​ក្នុង​ ១ ​ខ្សែៗ​មាន​សមត្ថភាព​​អាច​ត្រួតពិនិត្យ​យានយន្ត​បាន​រហូត​ ៣០០ ​គ្រឿង​ក្នុង​ ១ ​ថ្ងៃ​។

ថ្លែង​ក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​នូវ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​​លក្ខណៈ​បច្ចេកទេស​យានយន្ត​​នេះ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លើកឡើង​ថា នៅ​ឆ្នាំនេះ​មាន​រថយន្ត​ប្រមាណ​ ៣០ ​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ​ដែល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​បាន​ត្រឹមត្រូវ​តាម​កាលកំណត់​ក្នុង​ចំណោម​ប្រមាណ​ ៦០ ​ម៉ឺន​គ្រឿង​ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ មាន​​រថយន្ត​ជាង​ ៣០ ​ម៉ឺន​គ្រឿង​ទៀត​ដែល​ផុត​សុពលភាព និង​មិនទាន់បាន​ចូលមក​ឆៀក​ឲ្យ​​បាន​ត្រឹមត្រូវ​...»​។

លោក​បាន​បន្តថា តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ក្នុង​ ១ ​ថ្ងៃ​ជា​មធ្យម​ ៥ ​នាក់ និង​ ១១ ​នាក់​ទៀត​រងរបួស​។ ​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​បង្កឡើង​ដោយ​កត្តា​មនុស្ស បន្ទាប់មក​កត្តា​យានយន្ត និង​កត្តា​ផ្លូវ​។

ជាមួយ​គ្នា​នេះ​លោក​ ស៊ុន ចាន់ថុល បានស្នើ​ឲ្យ​ក្រុមហ៊ុន​​ពង្រីក​ទីតាំង​បន្ថែម ថ្វីបើ​តាំងពី​ឆ្នាំ​​ ២០០០ ​មក​ក្រុមហ៊ុន​បើក​​បាន​ ១៣ ​កន្លែង​ដោយ​ ៤ ​កន្លែង​នៅ​ភ្នំពេញ និង​ ៩ ​កន្លែង​ទៀត​នៅ​តាម​ខេត្ត​ព្រមទាំង​មាន​រថយន្ត​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ចល័ត​​ ៤ ​គ្រឿង ដើម្បី​​ផ្តល់​សេវាសាធារណៈ​ដល់​ពលរដ្ឋ​ក៏ដោយ​៕