ព្រះវិហារ: សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសចំនួន ៧ កន្លែងស្ថិតនៅភូមិរំដេង ឃុំរម្យទម ស្រុករវៀង ក្នុងនោះមាន ២ ទីតាំងគ្រោងនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ខណៈចំនួន ៥ ទីតាំងផ្សេងទៀត ត្រូវបានបិទទាំងស្រុង និងកម្ទេចសម្ភារមួយចំនួននៅនឹងកន្លែង។
លោក យូ ចិន្ដាយុត្តិ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារបានថ្លែងថា ចាប់តាំងពីថ្ងៃទី ១៣-១៦ កុម្ភៈ ក្រុមការងារចម្រុះមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងរ៉ែ និងថាមពល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋានបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មរ៉េមាសអនាធិបតេយ្យចំនួន ៧ ទីតាំង។
លោកបន្ដថា ក្រុមការងារបានចុះបង្ក្រាបទីតាំងខាងលើនេះ ក្នុងទំហំផ្ទៃដី ១២,៦២ ហិកតា ដោយបានរកឃើញ ឧបករណ៍បម្រើឲ្យអាជីវកម្មរ៉ែមាសអនាធិបតេយ្យមានដូចជា ទីតាំងស្តុកសារធាតុផ្ទុះ, ទីតាំងកិនថ្មរ៉ែ, ទីតាំងចម្រាញ់រ៉ែមាស (អាងត្រាំ ឡដុតមាស), ទីតាំងពិសោធន៍ (ស្តុកសារធាតុគីមីជាច្រើនប្រភេទ), ទីតាំងស្នាក់នៅ (កម្មករ និងអ្នកជំនាញបច្ចេកទេសចិន) និងមធ្យោបាយបម្រើដល់ការធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់សំខាន់ៗជាច្រើនទៀត។
លោកបន្តថា ទីតាំងនោះ ត្រូវបានអាជ្ញាធរចុះទៅត្រួតពិនិត្យ និងធ្វើកិច្ចសន្យាជាច្រើនលើករួចមកហើយ ប៉ុន្ដែម្ចាស់អាជីវកម្មនៅតែមិនទាន់មកធ្វើអាជ្ញាប័ណ្ណព្រោះពួកគាត់គិតថា វាជាអាជីវកម្មតូចតាចជាលក្ខណៈគ្រួសារ។ ទីតាំងទាំង ៧ កន្លែងនេះ តម្រូវឲ្យផ្អាកសកម្មភាពមួយរយៈសិន ក្នុងនោះម្ចាស់អាជីវកម្មរ៉ែចំនួន ២ កន្លែង កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះពួកគេបានរត់គេច និងមិនព្រមសហការជាមួយសមត្ថកិច្ច ហើយទីតាំងចំនួន ៥ កន្លែងផ្សេងទៀត នឹងត្រូវផាកពិន័យតាមច្បាប់ និងតម្រូវឲ្យស្នើសុំអាជ្ញាប័ណ្ណ។
លោកបន្តថា ទីតាំងអាជីវកម្មទាំង ២ កន្លែងនេះ មានលក្ខណៈជាទ្រង់ទ្រាយធំជាងគេ ខណៈដែលសមត្ថកិច្ចចុះទៅនោះ ម្ចាស់អាជីវកម្មមិនបានសហការជាមួយ ដោយបានបិទទ្វារ និង ១ កន្លែងទៀត ម្ចាស់បានរត់គេចខ្លួនបាត់។ ជាមួយគ្នានោះ សមត្ថកិច្ចបានទម្លុះទ្វារចូល ដោយបានរឹបអូសយកសម្ភារមួយចំនួន ហើយក្រៅពីនោះបានដុតកម្ទេចចោលទាំងអស់ «យើង មិនទាន់បានចោទប្រកាន់យ៉ាងណាទេ ដោយរង់ចាំតុលាការជាអ្នកចោទប្រកាន់ ប៉ុន្ដែយើងនៅមិនទាន់បានដឹងពីពេលវេលាបញ្ជូនសំណុំរឿងទៅតុលាការ»។
លោក យស មុន្នីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានថ្លែងថា ការងារនេះ លោកមិនទាន់អាចនិយាយអ្វីទេ ព្រោះវាស្ថិតនៅក្នុងរបាយការណ៍ផ្ទៃក្នុង ដោយកំពុងពិភាក្សាជាមួយខាងព្រះរាជអាជ្ញាថា តើករណីណាធ្វើការបន្ត ហើយករណីណាខ្លះត្រូវចាត់ចែងបែបណាបន្តទៀត?
លោកបានបញ្ជាក់ថា៖ «ដូច្នេះ ខ្ញុំអត់ទាន់ផ្ដល់ព័ត៌មានជូនលោកបានទេ ប៉ុន្ដែអ្វីដែលអាចជម្រាបជូនបាន គឺយើងពិតជាបានចុះទៅធ្វើការនៅទីនោះមែន ដោយបានត្រួតពិនិត្យ និងបង្ក្រាប។ ករណីនេះ វាមានករណីខុសៗគ្នា ដោយមានករណីខ្លះមានច្បាប់ត្រឹមត្រូវ ប៉ុន្ដែការអនុវត្តមិនបានគោរពតាមច្បាប់ដែលបានអនុញ្ញាតឲ្យគាត់ជីក និងខ្លះទៀតជីកគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ»។
លោក ឡោ ចាន់ មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះវិហារបានថ្លែងថា នៅទូទាំងខេត្តព្រះវិហារមានចំនួន ៧ ស្រុក ក្នុងនោះមានតែស្រុករវៀងមួយប៉ុណ្ណោះដែលមានករណីជីកយករ៉ែមាសយ៉ាងអនាធិបតេយ្យច្រើនជាងគេ។ គេសង្កេតឃើញក្រុមឈ្មួញ និងក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាសក្នុងស្រុកនេះ មិនសូវមានអាជ្ញាប័ណ្ណត្រឹមត្រូវទេ។
លោកបន្តថា មានករណីខ្លះហាក់បីដូចជាត្រូវរូ៉វគ្នាដោយមិនចាំបាច់មានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រោះការបង្ក្រាបនេះ អាជ្ញាធរទើបតែចុះទៅបង្ក្រាបប៉ុន្មានខែចុងក្រោយនេះទេ ប៉ុន្ដែក្រុមឈ្មួញបានរកស៊ីជីករ៉ែនេះជាយូរឆ្នាំមកហើយ គឺមិនដែលឮអាជ្ញាធរចុះទៅបង្ក្រាបទេ។
លោកបញ្ជាក់ថា៖ «កន្លងមក ទោះបីជាមានការរុករក មានអាជីវកម្មក៏អាជ្ញាធរពាក់ព័ន្ធហ្នឹងមិនសូវមានវិធានការឲ្យបានម៉ឺងម៉ាត់ដែរ ខ្ញុំធ្លាប់ចុះទៅ ឃើញហើយ ពេលខ្លះមានខាងវៀតណាមក៏មាន ចិនក៏មាន និងឈ្មួញខ្មែរយើងហ្នឹងក៏មានដែរ ហើយភ្នំនៅជិតៗហ្នឹងអីជិតរលាយអស់ហើយ ព្រោះការរុករករបស់ពួកគាត់ គឺវាត្រូវការប៉ះពាល់អ៊ីចឹងហើយ បើយើងមិនពិនិត្យឲ្យបានច្បាស់លាស់ទេ វាជិតរលាយអស់ហើយ»។
លោក យូ ចិន្ដាយុត្តិ បានថ្លែង កាលពីថ្ងៃទី ១៥ ខែមករាឆ្នាំ ២០១៩ ថា សមត្ថកិច្ចធ្លាប់បានចុះត្រួតពិនិត្យ និងបង្គាប់ឱ្យរុះរើ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ប្រកបអាជីវកម្មរ៉ែប្រមាណជាង ១០ កន្លែង ព្រោះទីតាំងទាំងនេះបាននិងកំពុងធ្វើអាជីវកម្មគ្មានអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាតនៅស្រុករវៀងនេះដែរ៕