The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីភ្នាក់ងារ​ជាតិ​មុខរបរ​ត្រៀម​ផ្តល់​ការងារ​ ២ ​ម៉ឺន​កន្លែង​ ដល់​ពលករ​ទើប​មកពី​ថៃ

ទីភ្នាក់ងារ​ជាតិ​មុខរបរ​ត្រៀម​ផ្តល់​ការងារ​ ២ ​ម៉ឺន​កន្លែង​ ដល់​ពលករ​ទើប​មកពី​ថៃ

Content image - Phnom Penh Post
ស្លាក​ប្រកាសប្រាប់​ពី​ការជ្រើសរើស​ការងារ​សម្រាប់​ពលករ​ដែល​ទើប​វិលត្រឡប់​មកពី​ធ្វើការ​នៅ​ថៃ​។ រូបថត រដ្ឋបាលខេត្ត​បន្ទាយមានជ័យ

ទីភ្នាក់ងារ​ជាតិ​មុខរបរ​ត្រៀម​ផ្តល់​ការងារ​ ២ ​ម៉ឺន​កន្លែង​ ដល់​ពលករ​ទើប​មកពី​ថៃ

ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បាន​ត្រៀម​ផ្តល់​ការងារ​ក្នុងស្រុក​ប្រមាណ​ ២ ​ម៉ឺន​កន្លែង​ ដល់​ពលករ​ខ្មែរ​ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ដែល​ការងារ​ទាំងនោះ​មាននៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល សេវាកម្ម សំណង់ និង​កសិកម្ម​។

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បានប្រកាស​កាលពី​ថ្ងៃទី​ ៩ ខែ មករា ឆ្នាំ​ ២០២១ ថា ក្នុង​កិច្ចអន្តរាគមន៍​ជួយ​ដោះស្រាយ​បញ្ហា​ការងារ​ដល់​ពលករ​ខ្មែរ​ត្រឡប់​មកពី​ថៃ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ដាក់ចេញ​នូវ​វិធាន​ការគាំទ្រ​តាមរយៈ NEA នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយបាន​បង្កលក្ខណៈ​ឱ្យ​ពួកគាត់​អាច​មាន​ឱកាស​ការងារ​នៅក្នុង​ស្រុក​កាន់តែ​ងាយស្រួល ដើម្បី​បាន​ជួបជុំ​ក្រុមគ្រួសារ និង​ចៀសវាង​ពី​ការធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេស​ថៃ​វិញ​។

ក្នុង​ន័យ​នេះ NEA និង​ការងារ​បាន​បង្កើត​ក្រុមការងារ​មួយ​នៅ​តាម​បណ្តា​រាជធានី-ខេត្ត​ដែល​មាន​ភារកិច្ច​ចុះ​ឈ្មោះ តាមដាន និង​ឃ្លាំមើល​ជាប្រចាំ​ពី​ស្ថានភាព​នៃ​ដំណើរ​វិលត្រឡប់​របស់​ពលករ​មកពី​ប្រទេស​ថៃ ចូល​ស្រុកកំណើត​តាម​ច្រក​ព្រំដែន​សំខាន់ៗ ដើម្បី​ក្តាប់​ព័ត៌មាន ផ្តល់​ការគាំទ្រ និង​ជួយ​ចុះឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​ក្នុងស្រុក បន្ទាប់ពី​ធ្វើ​ចត្តាឡីស័ក​ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ​ដោយ​សុវត្ថិភាព​។

លោក​ ហៃ ហ៊ុនឡេង ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ (NEA) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការត្រៀម​ផ្តល់​ការងារ​ទៅដល់​ពលករ​ទាំងនេះ ពាក់ព័ន្ធ​ទៅនឹង​កិច្ច​គាំពារ និង​ផ្តល់​លក្ខខណ្ឌ​ដើម្បី​បង្កលក្ខណៈ​ឱ្យ​ពួកគាត់​បាន​ចូលក្នុង​ទីផ្សារការងារ​ឡើងវិញ​ហើយ​វា​ជា​លំនឹង​ផ្លូវចិត្ត​សម្រាប់​ពួកគាត់​ដែល​ធ្វើការ​ផ្លាស់ប្តូរ​ការងារ ឬ​និយាយ​បាន​ថា ពួកគាត់​អាច​បាត់បង់​ការងារ​បណ្តោះអាសន្ន​ពេល​ត្រឡប់មក​ស្រុកកំណើត​វិញ​។

លោក​បន្តថា​៖ «​វា​ជា​តម្រូវការ​ជាក់ស្តែង​និង​ចាំបាច់ ហើយ​មាន​សារៈសំខាន់​បំផុត សម្រាប់​ពលករ ដែល​ពួកគាត់​អាច​មានឱកាស​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​សង្គម​គ្រួសារ និង​ទីផ្សារការងារ​ឡើងវិញ​។ ដូចនេះ​វិធានការ​របស់​រាជរដ្ឋាភិបាល​នេះ​វា​ផ្តល់​នូវ​ការលើក​ទឹកចិត្ត និង​ការគាំពារ​ដែល​អាចឱ្យ​ពួកគាត់​ចាប់ផ្តើម​ជីវិត​មួយ​សា​ជាថ្មី​នៅក្នុង​ទីផ្សារ​ការងារ​កម្ពុជា​»​។

បើតាម​លោក​ ហ៊ុន ឡេង ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បាន​ដាក់​ចេញ​នូវ​យន្តការ​គាំទ្រ និង​ត្រៀម​ផ្តល់ឱកាស​ការងារ​ប្រមាណ​ ២ ​ម៉ឺន​កន្លែង​ជាបឋម សម្រាប់​ពលករ​ក្រោយពី​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក​ទៅតាម​វិធាន​អនាម័យ​សុខភាព និង​ការបង្ការ​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល​។

ចំណែក​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់​លោក​ ឃុន ថារ៉ូ ថ្លែង​ថា​នៅក្នុង​ស្ថានភាព​បែប​នេះ​ការស្វែងរក​ការងារ​ធ្វើ គឺជា​រឿង​អាទិភាព សម្រាប់​កម្មករនិយោជិត នៅក្នុង​ប្រទេស​ដែល​បាន​បាត់បង់​ការងារ មិន​ថា​តែ​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ថៃ​នោះទេ​។ កម្មករ​និយោជិត​ដែល​ធ្វើការ​នៅក្នុង​វិស័យ​ទេសចរណ៍ រួមមាន​សណ្ឋាគារ និង​សេវាកម្ម​បាន​បាត់បង់ និង​កំពុង​ប្រឈម​នឹង​ការបាត់បង់​ការងារ​ជាច្រើន​កន្លែង​រួចជាស្រេច​ហើយ​។

លោក​ប្រាប់ថា​៖ «​រឿង​ដែល​សំខាន់​គឺ​ធានា​ថា ការងារ​ដែលមាន​និរន្តរភាព ដែលជា​ការគាំទ្រ​រយៈពេល​វែង និង​មាន​ការធានា​ដល់​ការគាំពារ​សង្គម​មួយ​រឹងមាំ និង​មាន​លក្ខខណ្ឌ​ការងារ​ល្អ​សំដៅ​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​សមរម្យ និង​ប្រាក់​ឈ្នួល​រស់នៅ​សមរម្យ​»​។

លោក​បន្តថា ការកសាង​ជំនាញ​ទន់ និង​ជំនាញ​វិជ្ជាជីវៈ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​រួមទាំង​ការផ្តល់​ការឧបត្ថម្ភ​គាំពារ​ក្នុង​អំទ្បុង​ពេល​វគ្គបណ្តុះបណ្តាល​ដែល​គួរ​ធ្វើ​ទ្បើង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព ដើម្បី​ធានា​ឱ្យ​មាន​ការចូលរួម​ពេញលេញ​ជាពិសេស យុវជន​ដែលជា​ពលករ​ចំណាកស្រុក​។

លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​សាទរ​ចំពោះ​ការត្រៀម​ផ្តល់​ការងារ​ដល់​ពលករ​ខ្មែរ​ដែល​បាន​បាត់បង់​ការងារ​នៅ​ប្រទេស​ថៃ​។ លោក​ថ្លែងថា៖ «​វា​ជា​ឱកាសល្អ​សម្រាប់​ពួកគាត់​អាច​នឹងមាន​ការងារ​នៅពេល​បញ្ចប់​ចត្តាឡីស័ក ប៉ុន្តែ​អ្វីដែល​ជាការ​ព្រួយបារម្ភ​របស់​យើង​គឺ​តើ​មាន​ការងារ​អី​សម្រាប់​ពួកគាត់ បើ​នៅតាម​ច្រកព្រំដែន​ពលរដ្ឋ​ខ្វះ​ការងារ​ធ្វើ​ដោយសារ​ការងារ​សេវាកម្ម​ត្រូវបាន​ផ្អាក​អស់ហើយ​»​។

លោក​បន្តថា កម្មករសំណង់ កម្មករ​រោងចក្រ​ត្រូវ​បាន​បាត់បង់​ការងារ​នៅក្នុង​សម័យ​កូវីដ​១៩​នេះ ដូចនេះ​មិនដឹង​ថា តើ​ការងារ​ដែល​ក្រសួង​ត្រៀម​ប្រមាណ​ជា​ ២ ​ម៉ឺន​កន្លែង​នេះ​នៅ​កន្លែង​ណា តែបើ​ពិតជា​មាន​ការងារ​ច្រើន​ដូចនេះ​មែន លោក​សង្ឃឹម​ថា ពលករ​នឹងមិន​វិល​ទៅ​ធ្វើការ​នៅ​ថៃ​វិញ​ទេ​។

យោងតាម​សេចក្តី​ប្រកាស​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បានឱ្យដឹងថា ការងារ​ដែល​បាន​ត្រៀម​សម្រាប់​ពលករ​ខ្មែរ​មាន​គ្រប់​ប្រភេទ នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល សេវាកម្ម សំណង់ និង​កសិកម្ម​។

ក្រុមការងារ NEA បាន​ចុះ​សហការ​សម្របសម្រួល ព្រមទាំង​បង្កើត​ជន​បង្គោល​ដើម្បី​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​រាជធានី-ខេត្ត ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ភូមិ ដើម្បី​ប្រមូល​ទិន្នន័យ​ពលករ​ដែល​ទើប​វិលត្រឡប់​មកពី​ថៃ និង​ចងក្រង​ជា​មូលដ្ឋាន​ទិន្នន័យ ដើម្បី​ងាយស្រួល​ក្នុង​ការស្វែងរក​ព័ត៌មាន​ពី​ការងារ​ព្រមទាំង​សំដៅ​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​ក្នុង​ការផ្តល់​សេវា​ការងារ និង​ជួយ​ស្វែងរក​ការងារ​ធ្វើ​គ្រប់​ប្រភេទ ជូន​ដល់​បងប្អូន​ពលករ​ទាំង​អស់​ដែល​ចង់បាន​ការងារ​ពិតប្រាកដ​។

បន្ថែម​លើ​នេះ​ក្រុមការងារ​នេះ​ក៏​ត្រូវ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ឱ្យ​បាន​ជ្រួតជ្រាប​ទូលំទូលាយ​ដល់​បងប្អូន​ពលករ​តាម​មណ្ឌល​ចត្តាឡីស័ក​នីមួយៗ​ដោយ​ធ្វើការ​ចងក្រង ប្រមូល ជ្រើសរើស​កម្លាំង​ពលកម្ម និង​តម្រូវការ​កម្លាំង​ពលកម្ម​ពី​គ្រប់​ប្រភេទ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ព្រមទាំង​ផ្តល់​ការគាំទ្រ​សម្របសម្រួល​ដល់​រោងចក្រ សហគ្រាស និង​វិនិយោគិន ដើម្បី​ងាយស្រួល​ផ្គូផ្គង និង​ផ្តល់ឱកាស​ការងារ​ជូន​ដល់​បងប្អូន​ពលករ​ដោយ​ផ្ទាល់​ទាន់​ពេលវេលា​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍