ព្រះសីហនុៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារខេត្តព្រះសីហនុនឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន ១០ ដើម្បីរៀបចំវេទិកាការងារដែលផ្តល់ឱកាសការងារគ្រប់ប្រភេទជិត ៤០០០ កន្លែង ខណៈមន្ត្រីអះអាងថា ការងារភាគច្រើនគឺផ្តល់អាទិភាពដល់ពលរដ្ឋដែលមានកម្រិតវប្បធម៌ទាប និងទទួលបានប្រាក់ខែសមរម្យ។
តាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាលទីភ្នាក់ងារជាតិមុខរបរ និងការងារចុះថ្ងៃទី ១១ មីនា បានឲ្យដឹងថា វេទិកានេះនឹងរៀបចំឡើងនៅថ្ងៃទី ១៤ ខែមីនា ក្នុងបរិវេណសាលាស្រុកព្រៃនប់ចាប់ពីម៉ោង ៨ ព្រឹក ដល់ ១២ ថ្ងៃត្រង់ដែលមានទីតាំងស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សេចក្តីជូនដំណឹងដដែលបានបន្តថា វេទិកាការងារនេះរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ សាលាស្រុកព្រៃនប់ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រះសីហនុ។
សេចក្តីជូនដំណឹងបញ្ជាក់ថា «ក្នុងគោលបំណង ទី ១- បង្កើតជាទីកន្លែងជួបជុំគ្នាដែលងាយស្រួលសម្រាប់ធ្វើការជ្រើសរើសកម្លាំងពលកម្ម និងដាក់ពាក្យស្វែងរកការងារធ្វើគ្រប់ប្រភេទ។ ទី ២- ក្រុមហ៊ុនធំៗចំនួន ១០ រួមទាំងបង្ហាញពីឱកាសការងារ និងតម្រូវការជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទចំនួន ៣ ៧៩៩ កន្លែង។ ទី ៣- អ្នកស្វែងរកការងារធ្វើនៅក្នុងតំបន់ និងខេត្តជុំវិញអាចដាក់ពាក្យ និងទទួលបានការងារយ៉ាងទូលំទូលាយ និងងាយស្រួល»។
លោកស្រី ម៉ុច ធឿន ប្រធានមជ្ឈមណ្ឌលការងារប្រចាំខេត្តព្រះសីហនុបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា វេទិកានេះគឺជាព្រឹត្តិការណ៍ធំលើកទី ១ សម្រាប់ឆ្នាំ ២០២០ នេះដែលបានសហការរៀបចំឡើងនៅខេត្តព្រះសីហនុ។ លោកស្រីបន្តថាតាមតួលេខផ្លូវការនៅក្នុងខេត្តព្រះសីហនុ អត្រាការងារដែលកំពុងត្រូវការមានដល់ទៅជាង ៨០០០ កន្លែងដែលភាគច្រើនស្ថិតក្នុងវិស័យកាត់ដេរវាយនភណ្ឌ។
ប៉ុន្តែលោកស្រីថា សម្រាប់វេទិកាការងារខាងមុខនេះការងារប្រមាណជិត ៤ ០០០ នឹងត្រូវប្រកាសរើសដោយក្នុងនោះភាគច្រើនក្នុងវិស័យរោងចក្រ វាយនភណ្ឌ ដែលផ្តល់ជូនពលរដ្ឋខ្មែរដែលមានកម្រិតវប្បធម៌ទាបអាចមានឱកាសទទួលបានការងារច្រើន។
លោកស្រីបន្ថែមថា៖ «អ្នកដែលនឹងចូលរួមក្នុងវេទិកាការងារនេះជាប្រភេទកម្មករគួរតែត្រៀមសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតជាដើម ហើយសម្រាប់អ្នកមានកម្រិតវប្បធម៌ខ្ពស់ដែលបំណងចង់ដាក់ពាក្យផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ឬក្រុមហ៊ុនជាដើមនោះត្រូវភ្ជាប់មកជាមួយនូវ CV។ ពួកគាត់គឺនឹងមានឱកាសទទួលបានការចុះឈ្មោះ និងការសម្ភាសភ្លាមៗហើយក្នុងករណីសម្ភាសមិនទាន់ ក្រុមហ៊ុនទាំងនោះអាចរក្សាឯកសាររបស់គាត់ដើម្បីណាត់មកសម្ភាសនៅពេលក្រោយ»។
លោកស្រីបានបន្ថែមថាវេទិកានេះនឹងផ្តល់ឲ្យដល់អ្នកចូលរួមនូវឱកាសងាយស្រួល និងចំណាយពេលតិចដែលអាចនឹងទទួលបានការងារធ្វើឆាប់រហ័សផងដែរ។
លោក ម៉ៅ ផេង មន្ត្រីផ្នែកបណ្តុះបណ្តាលបុគ្គលក្នុងក្រុមហ៊ុនជាំងស៊ី ៣ អិលមេឌីខលប្រូដាក់គ្រុបជាក្រុមហ៊ុនមួយក្នុងក្រុមហ៊ុនចំនួន ១០ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការសម្រេចចូលរួមវេទិកានេះព្រោះតែរំពឹងថានឹងអាចជ្រើសរើសបុគ្គលតាមតម្រូវការរបស់ក្រុមហ៊ុនដែលត្រូវការបុគ្គលិកបន្ថែមជាង ៥០០ កន្លែង។
លោកបន្ថែមថា ក្រុមហ៊ុនលោកត្រូវការបុគ្គលិកបន្ថែមផ្នែករដ្ឋបាល ផ្នែកគ្រប់គ្រងក្នុងរោងចក្រ និងផ្នែកនាំចេញ-នាំចូល ហើយក្នុងនោះកម្មករមិនមានជំនាញក៏ត្រូវការក្នុងចំនួនមួយដ៏ច្រើនផងដែរដោយអាចទទួលប្រាក់បៀវត្សរ៍ចន្លោះពី ២០៩ ដុល្លារ ដល់ ៦០០ ដុល្លារ។
លោកបញ្ជាក់ថា៖ «កន្លងទៅយើងប្រកាសរើសដោយចុះទៅដល់ផ្ទាល់ៗដល់សហគមន៍ដូចជានៅតាមបណ្តាខេត្តផ្សេងៗ និងមានការប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមខ្លះ។ ប៉ុន្តែការរើសនេះមិនគ្រប់នោះទេ ព្រោះឥឡូវពិបាករកមនុស្សធ្វើការណាស់។ យើងរំពឹងថា វេទិកានេះ នឹងជួយយើងឲ្យរកបុគ្គលិកបន្ថែមឲ្យបានគ្រប់ចំនួន»។
បើតាមលោកស្រី ម៉ុច ធឿន មានក្រុមហ៊ុនចំនួន ១០ ដែលនឹងចូលរួមដាក់ប្រកាសដើម្បីរើសបុគ្គលិកនោះគឺភាគច្រើនមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុតែម្តង ហើយមានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពត ដូច្នេះលោកស្រីលើកទឹកចិត្តដល់ពលរដ្ឋដែលមានលំនៅឋានក្នុងខេត្តនេះមកទទួលយកឱកាសការងារនេះទាំងអស់គ្នា៕