ភ្នំពេញៈ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ​គ្រោង​ផ្តល់​ជំនួយ​ឥតសំណង​សម្រាប់​គម្រោង​ពង្រឹង​សមត្ថភាព​មន្ទីរពេទ្យ​កុមារជាតិ​ក្នុង​ឆ្នាំ​ ២០២២ ដើម្បី​ប្រែក្លាយ​ឲ្យ​ទៅជា​មន្ទីរពេទ្យ​ឯកទេស​រោគ​កុមារ​កម្រិត​ខ្ពស់ និង​លើក​កម្ពស់​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​លើ​បញ្ហា​សុខភាព​របស់​កុមារ​កម្ពុជា​ទូទាំង​ប្រទេស​។

លោក​ ហុក គឹមចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា តាម​ផែនការ​នៃ​គម្រោង​ជំនួយ​ឥតសំណង​នេះ KOICA នឹង​ជួយ​សាងសង់​មន្ទីរពេទ្យ និង​បើក​ការបណ្តុះបណ្តាល ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី និង​បុគ្គលិក​ដែល​កំពុង​បម្រើការ​នៅក្នុង​មន្ទីរពេទ្យ​រួម​ជាមួយ​នឹង​ការផ្តល់​សម្ភារ និង​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត ដើម្បី​ព្យាបាល​ទៅតាម​ឯកទេស​។

ទោះយ៉ាងណា​លោក​អគ្គនាយក​មាន​ប្រសាសន៍​ថា លោក​មិនទាន់​ដឹង​ពី​ទំហំ​ទឹកប្រាក់​ក្នុង​ការចំណាយ និង​ផ្តល់​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​អាច​នឹង​ដឹង បន្ទាប់ពី KOICA បញ្ជូន​របាយការណ៍​សិក្សា​ទៅកាន់​រដ្ឋាភិបាល​របស់​ខ្លួន ដើម្បី​ឱ្យ​មាន​ការសម្រេច និង​អនុម័ត​ក្នុង​ឆ្នាំ​ ២០២១ ​នេះ​។

លោក​ ហុក គឹមចេង បញ្ជាក់ថា​៖ «​នេះ​គ្រាន់តែ​ជា​គម្រោង​ដែល​បានដាក់​ចេញ​ដោយ KOICA ហើយ​មិនទាន់​អនុម័ត​ពី​រដ្ឋាភិបាល​របស់គេ​ទេ​។ ដូច្នេះ​ហើយ យើង​មិនដឹង​ពី​ទំហំ​ថវិកា​ប៉ុន្មាន​ដែល​ត្រូវ​ចំណាយ​លើ​គម្រោង​នេះនោះ​ទេ​។ យើង​រង់ចាំ​មើល​សិន ប៉ុន្តែ​បើតាម​របាយការណ៍​ការសិក្សា​គឺមាន​ទំហំ​ធំ​»​។

បើតាម​លោក​អគ្គនាយក​កន្លង​មក​នេះ KOICA បាន​ជួយ​សាងសង់​អគារ​មន្ទីរពេទ្យ​មួយ​រួចមកហើយ​។ បើ​គម្រោង​នេះ​ត្រូវបាន​អនុម័ត​ពី​រដ្ឋាភិបាល​កូរ៉េ គឺ​ទីភ្នាក់ងារ​នេះ​នឹង​សាងសង់​ថ្មី​មួយទៀត​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ សម្រាប់​គម្រោង​នេះ​ត្រូវ​បាន​សិក្សា​ពី​អ្នកជំនាញ​នៅក្នុង​មន្ទីរពេទ្យ ក៏ដូចជា​អ្នកជំនាញ​របស់ KOICA អស់​រយៈពេល​ជាច្រើន​លើក​មកហើយ​។

លោក​បាន​ថ្លែង​ទៀតថា​៖ «​គម្រោង​នេះ​នឹង​ជួយ​ដល់​ការពង្រឹង​សមត្ថភាព​មន្ត្រី​របស់​មន្ទីរពេទ្យ​មាន​ទាំង​មន្ត្រី​ជំនាញ​ផ្នែក​ឯកទេស សេវា​ថែទាំ និង​សេវា​ផ្សេងៗ​ទៀត ដើម្បី​ឱ្យ​មាន​សមត្ថភាព​ព្យាបាល​កុមារ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។ គម្រោង​ហ្នឹង​ក៏​នឹង​ជួយ​លើ​ផ្នែក​លោហិតវិទ្យា ច្រមុះ បំពង់ក អាហារូបត្ថម្ភ និង​ផ្នែក​ផ្សេងៗ​ទៀត​ជាច្រើន​»​។

លោក​ ហុក គឹមចេង បញ្ជាក់​ទៀត​ថា តាមរយៈ​គម្រោង​នេះ​ក៏​អាច​នឹង​បញ្ជូន​មន្ត្រី​ឱ្យទៅ​ទទួល​បាន​ការបណ្តុះបណ្តាល​នៅក្នុង​ប្រទេស​កូរ៉េ​ក៏ដូចជា​បណ្តុះបណ្តាល​បន្ត​នៅក្នុង​មន្ទីរពេទ្យ​នេះ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ក្រុមគ្រូពេទ្យ​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការជួយ​សង្គ្រោះ និង​ថែទាំ​កុមារ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត​។

លោក​ ឌី មល មន្ត្រី​គម្រោង​របស់​អង្គការ KOICA ផ្នែក​សុខាភិបាល បាន​ឱ្យ​ដឹងថា KOICA បាន​ធ្វើការ​សិក្សា​លទ្ធភាព​លើក​ទី​ ២ នៃ​គម្រោង​ពង្រឹង​សមត្ថភាព​មន្ទីរពេទ្យ​កុមារជាតិ​នៅ​កម្ពុជា​សម្រាប់​គម្រោង​អាទិភាព​ឆ្នាំ​ ២០២២ ​។ គម្រោង​នេះ​ត្រូវ​បាន​ស្នើ​ដោយ​មន្ទីរពេទ្យ​កុមារ​ជាតិ​តាមរយៈ​ក្រសួង​សុខាភិបាល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ គោលបំណង​សំខាន់​នៃ​គម្រោង​នេះ គឺ​ដើម្បី​ពង្រឹង​លើ​ការអភិវឌ្ឍ​មន្ទីរពេទ្យ​កុមារ​ជាតិ​ឲ្យ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​ជាន់ខ្ពស់​តាមរយៈ​ការកែលម្អ​គុណភាព​សេវា​ថែទាំ​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​ជា​គម្រោង​ប្រចាំឆ្នាំ​ ២០២២ និង​ជា​អាទិភាព​ក្នុង​ការជួយ​ទៅលើ​មន្ទីរពេទ្យ​កុមារ​ជាតិ ព្រោះ KOICA មាន​គម្រោង​ប្រចាំឆ្នាំ​របស់ខ្លួន​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ការជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​យើង​មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ ហើយ​ក៏​មិនទាន់​ដឹងថា​គម្រោង​នេះ​ទទួល​ជោគជ័យ និង​សម្រេច​ពី​រដ្ឋាភិបាល​កូរ៉េ​ដែរ​ទេ​»​។

នៅពេល​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ពី​ម្សិលមិញ មន្ត្រី​ម្នាក់​មិនបាន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ ដោយ​ប្រាប់​ឲ្យ​មកជួប​ផ្ទាល់​៕