The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទីភ្នាក់ងារ​អាមេរិក​ប្រកាស​ពី​ការ​ផ្តល់​សេវា​ពពោះ​ជំនួស​នៅ​កម្ពុជា




ទីភ្នាក់ងារ​អាមេរិក​ប្រកាស​ពី​ការ​ផ្តល់​សេវា​ពពោះ​ជំនួស​នៅ​កម្ពុជា

Content image - Phnom Penh Post
រូូបថត ថតពីគេហទំព័រឈ្មោះ​ថា Surrogacy Cambodia បង្ហាញ​រូបថត​ស្ត្រី​មួយ​ចំនួន។ រូបថត សហការី

ទីភ្នាក់ងារ​អាមេរិក​ប្រកាស​ពី​ការ​ផ្តល់​សេវា​ពពោះ​ជំនួស​នៅ​កម្ពុជា

ភ្នំពេញៈ ទីភ្នាក់ងារ​រក​ស៊ី​សេវា​ស៊ី​ឈ្នួល​ពពោះ​ជំនួស​របស់​សហរដ្ឋ​អាមេរិក​មាន​ឈ្មោះ​ថា Surrogacy Cambodia បាន​ចាប់​ផ្តើម​ផ្សព្វផ្សាយ​ទីផ្សារ​ទៅ​កាន់​ពលរដ្ឋ​អាមេរិក​អំពី «សេវាកម្ម​តាម​តម្រូវការ​ផ្ទាល់​ខ្លួន» រួម​ទាំង​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស និង​ការ​ជ្រើសរើស​ភេទ​នៅ​គ្លីនិក​បង្ក​កំណើត​ក្រៅ​ផ្ទៃ​លំដាប់​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ Orange County នៃ​រដ្ឋ California នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា៖ «កញ្ចប់​សេវា​តាម​តម្រូវការ​ផ្ទាល់​ខ្លួន​របស់ Surrogacy Cambodia ក្នុង​ការ​បង្ក​កំណើត​ក្រៅ​ផ្ទៃ និង​សេវា​ផ្គូផ្គង​ម្តាយ​ស៊ីឈ្នួល​ពពោះ​ជំនួស​ស៊ុត​របស់​អ្នក​បរិច្ចាគ និង​ទឹកកាម​របស់​អ្នក​បរិច្ចាគ​ឯកជន​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ជម្រើស​ជាច្រើន​ដល់​ប្តីប្រពន្ធ​ក្នុង​ការ​មាន​កូន»។

នៅ​លើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​នេះ​បាន​ផ្សព្វផ្សាយ​អំពី​ការ​ជ្រើសរើស​ភេទ​ និង​សេវា​បង្ក​កំណើត​ក្រៅ​ផ្ទៃ​ដល់​ប្តី​ប្រពន្ធ​ភេទ​ផ្ទុយ​គ្នា​ព្រម​ទាំង​សេវា​ស៊ីឈ្នួល​ពពោះ​ជំនួស​ដល់​ប្តី​ប្រពន្ធ​ស្រឡាញ់​ភេទ​ដូចគ្នា។

គេហទំព័រ​នេះ​ក៏​បាន​បង្ហាញ​រូបថត​អ្នក​បរិច្ចាគ​ស៊ុត​ម្តាយ​ស៊ីឈ្នួល​ជំនួស​ជាង ៥០ នាក់ និង​រូប​ភូមិគ្រឹះ​ដែល​ម្តាយ​ស៊ីឈ្នួល​ពពោះ​ជំនួស​ស្នាក់​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ។

ទីភ្នាក់ងារ Surrogacy Cambodia មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​ព័ត៌មាន​បន្ថែម​ទេ។

ទោះបី​យ៉ាង​ណា​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ទីភ្នាក់ងារ​អះអាង​ថា​បាន​ធ្វើឲ្យ​ម្តាយ​ស៊ីឈ្នួល​ពពោះ​ជំនួស​ចំនួន ៦០ នាក់​ដោយ​ជោគជ័យ​ចន្លោះ​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៥ និង​ខែ​មេសា ឆ្នាំ ២០១៦ នេះ។

វិស័យ​ស៊ីឈ្នួល​ពពោះ​ជំនួស​របស់​កម្ពុជា​ដែល​បាន​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​ត្រូវ​បាន​ហាមឃាត់ ឬ​រឹតត្បិត​នៅ​ប្រទេស​ឥណ្ឌា​ប្រទេស​ថៃ និង​ប្រទេស​​ នេប៉ាល់​ កាលពី​ឆ្នាំ​មុន​កំពុង​តែ​ប្រតិបតិ្តការ​បែប​លាក់ការ។

ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ក្នុង​ឆ្នាំ ២០១៤ ថា​អាជីវកម្ម​ស៊ីឈ្នួល​ពពោះ​ជំនួស​គឺជា​សកម្មភាព​ខុស​ច្បាប់​ប៉ុន្តែ​ការ​អនុវត្ត​នេះ​នៅ​តែ​ស្ថិត​ក្នុង​ចន្លោះ​ប្រហោង​នៃ​ច្បាប់​ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​តែ​រៀបចំ​ច្បាប់​ស្តីពី​ការ​បង្ក​កំណើត​ក្រៅ​ផ្ទៃ និង​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាលពី​ម្សិលមិញ​បាន​ស្នើ​ឲ្យ​ដាក់​លិខិត​ផ្លូវការ​មួយ​ជា​មុន​សិន​មុន​ពេល​លោក​ឆ្លើយ​សំណួរ​អំពី​បញ្ហា​នេះ។

លោក​បាន​និយាយ​ថា​ លោក​មិន​ទាន់​បាន​ទទួល​លិខិត​ដែល​ភ្នំពេញ ប៉ុស្តិ៍ បាន​ដាក់​មក​ក្រសួង​សុខាភិបាល​ជា​មុន​ទេ។

ទីភ្នាក់ងារ​រាប់​សិប​ឥឡូវ​នេះ​កំពុង​ឃោសនា​អំពី​សេវាកម្ម​ស៊ីឈ្នួល​ពពោះ​ជំនួស​នៅ​កម្ពុជា​ដែល​ការ​មាន​ផ្ទៃពោះ​នីមួយៗ​ត្រូវ​ចំណាយ​ជាង ៣ ម៉ឺន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​គ្មាន​ទីភ្នាក់ងារ​ណា​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទាក់ទង​ចង់​និយាយ​បើក​ចំហ​អំពី​អាជីវកម្ម​របស់​ពួកគេ​ទេ។

គ្មាន​គ្លីនិក​ណា​ក្នុង​ចំណោម​គ្លីនិក​បង្ក​កំណើត​ក្រៅ​ផ្ទៃ​ក្នុង​ស្រុក​ទាំង​បួន​ដែល​មាន​សមត្ថភាព​ផ្តល់​សេវា​ចាំបាច់​នឹង​សារភាព​ថា​បាន​ផ្តល់​សេវា​បង្ក​កំណើត​ក្រៅ​ផ្ទៃ​សម្រាប់​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​ទេ។

នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ Surrogacy Cambodia ទីភ្នាក់ងារ​នេះ​អះអាង​ថា​បាន​ចាប់ «ដៃគូ​ផ្តាច់មុខ​ជាមួយ​នឹង​គ្លីនិក First Fertility Phnom Penh នៅ​ភ្នំពេញ​ដែល​ជា​គ្លីនិក​លំដាប់​ខ្ពស់​របស់​ហុងកុង​ដែល​មាន​មូលដ្ឋាន​នៅ​អគារ​វឌ្ឍនៈ»។

លើ​គេហទំព័រ​របស់​ខ្លួន​ទីភ្នាក់ងារ​នេះ​បាន​អះអាង​ថា​បាន​ប្រើប្រាស់​សេវា​របស់​អ្នក​ឯកទេស​ពីរ​នាក់​ពី​គ្លីនិក​នេះ​គឺ​វេជ្ជបណ្ឌិត ទី សុវណ្ណារតន៍ និង​វេជ្ជបណ្ឌិត Du Xiaoping។ គេហទំព័រ​នេះ​ក៏​បង្ហាញ​រូប​របស់​គ្លីនិក​ផង​ដែរ។

ពេល​សួរ​ថា​តើ​គ្លីនិក First Fertility មាន​ទំនាក់​ទំនង​អាជីវកម្ម​ជាមួយ​នឹង​ទីភ្នាក់ងារ Surrogacy Cambodia ឬ​អត់​អ្នក​ទទួល​ភ្ញៀវ​ដែល​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​របស់​នាង​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា​គ្លីនិក​មាន​ដៃគូ​តែ​ជាមួយ​នឹង​គ្លីនិក​ក្នុង​ប្រទេស​ថៃ​ហើយ​ផ្តោត​លើ​សេវា​បង្ក​កំណើត​ក្រៅ​ផ្ទៃ។

នាង​បាន​ថ្លែង​ថា៖ «ទោះបី​យ៉ាងណា​គ្មាន​សេវា​ស៊ីឈ្នួល​ពពោះ​ជំនួស​ទេ​ហើយ​យើង​មិន​ផ្តល់​សេវា​នេះ​ទេ។ ក្នុង​ករណី​អតិថិជន​ជ្រើសរើស​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​យើង​អាច​ផ្តល់​សេវា​នោះ​បាន»។ បន្ទាប់​មក​នាង​បាន​ដាក់​ទូរស័ព្ទ​ចុះ។

ពេល​សួរ​តាម​អ៊ីម៉ែល​ថា​ តើ​ពលរដ្ឋ​អាមេរិក​បាន​ស្នើសុំ​សញ្ជាតិ​ឲ្យ​កុមារ​ដែល​កើត​ពី​ការ​ពពោះ​ជំនួស​នៅ​កម្ពុជា​ឬ​អត់ លោក Courtney Woods អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​បាន​ថ្លែង​ថា​ស្ថានទូត​អាមេរិក​មិន​បញ្ចេញ​ព័ត៌មាន​បែប​នេះ​ដល់​សាធារណជន​ទេ។

លោក Woods បាន​និយាយ​ថា​ក្រសួង​ការបរទេស​អាមេរិក​បាន​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​អាមេរិក​ដែល​កំពុង​ពិចារណា​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បន្ដ​ពូជ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ជាក់លាក់​សម្រាប់​ប្រទេស​កម្ពុជា​ទេ៕ TK

អត្ថបទគួរចាប់អារម្មណ៍