
ភ្នំពេញៈ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍(AFD) បានព្រមព្រៀងផ្តល់ថវិកា ប្រមាណ២៥ម៉ឺនដុល្លារ(១៩.២៤៦៧អឺរ៉ូ)លើគម្រោងពង្រីកបណ្ណាល័យក្នុងពន្ធនាគារនៅប្រទេសកម្ពុជាតាមរយៈអង្គការស៊ីប៉ា។
ពិធីចុះអនុស្សរណៈយោគយល់លើគម្រោងផ្តល់ហិរញ្ញប្បទាន របស់ទីភ្នាក់ងារបារាំងនេះ ធ្វើឡើងកាលពីម្សិលមិញ នៅទីស្តីការក្រសួងមហាផ្ទៃ និងបានចុះហត្ថលេខាដោយ លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយលោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា។
លោក គុយ ប៊ុនសន បានថ្លែងក្នុងពិធីនោះថា៖«វាជាគម្រោងល្អមួយ សម្រាប់ទណ្ឌិតដែលនឹងមានឱកាសអានសៀវភៅ...ទោះជាពួកគេជាប់ឃុំនៅក្នុងពន្ធនាគារក៏ដោយ»។
លោក Beatrice Montariol ទីប្រឹក្សាអង្គការស៊ីប៉ា ជាអង្គការអក្ខរកម្មរបស់បារាំង ដែលឃ្លាំមើលគម្រោងនេះថ្លែងថា ស៊ីប៉ាបានចាប់ផ្តើមកម្មវិធីសាកល្បងកាលពីឆ្នាំ២០០៤ ដោយបានបង្កើតបណ្ណាល័យនៅក្នុងពន្ធនាគារខេត្តបាត់ដំបង។ ដោយសារតែគម្រោងនេះទទួលបានជោគជ័យនាយកដ្ឋានពន្ធនាគារ ក៏បានស្នើសុំឲ្យបង្កើតបណ្ណាល័យក្នុងពន្ធនាគារនៅទូទាំងប្រទេស ទាំងអស់។
លោក Montariol ថ្លែងថា នៅចុងឆ្នាំនេះអង្គការស៊ីប៉ា សង្ឃឹមថា នឹងមានបណ្ណាល័យមួយៗនៅគ្រប់ពន្ធនាគារទាំង២៦នៅក្នុងប្រទេសកម្ពុជា។ លោកថា បើគម្រោងនេះជោគជ័យ មានន័យថា ប្រទេសកម្ពុជាបានអនុវត្តច្បាប់ស្តីពីពន្ធនាគារ ឆ្នាំ២០១១ដែលក្នុងមាត្រា១៣ ចែងថា «ពន្ធនាគារទាំងអស់ត្រូវមានកន្លែងសម្រាប់ពិធីសាសនាបណ្ណាល័យ និងហ្វឹកហ្វឺនការងារ»។ តែទោះជាយ៉ាងណា ដោយសារតែខ្វះទីកន្លែងបណ្ណាគារខ្លះក្នុងពន្ធនាគារមួយ ចំនួននៅមានទំហំតូចនៅឡើយ។
លោក Montariol កត់សម្គាល់ថា ទណ្ឌិតចូលចិត្តអានសៀវភៅហើយពួកគេហាក់បានកែប្រែជីវិតរបស់ខ្លួនពេលដែលចាកចេញពីពន្ធនាគារតាមរយៈការអានសៀវភៅនេះ។ តែថា សៀវភៅរឿងប្រលោមលោក មានការទាក់ទាញបំផុត ពិសេសរឿងដែលបញ្ចប់ទៅដោយតួអង្គបានជួបជុំគ្នា រីឯសៀវភៅរឿងមនោសញ្ចេតនាកម្សត់វិញ ពួកគេមិនសូវអានទេ។
លោក បានជំនួយរបស់រដ្ឋាភិបាលបារាំង គឺបន្ថែមលើជំនួយសហភាពអឺរ៉ុបដែលបានផ្តល់ប្រាក់ប្រមាណ៣៩ម៉ឺនដុល្លារសម្រាប់កម្មវិធីនេះនៅកម្ពុជាពីមុនមក។
លោក គុយ ប៊ុនសន បានបញ្ជាក់ថា រាល់សៀវភៅនៅក្នុងបណ្ណាល័យ ខាងនាយកដ្ឋានពន្ធនាគារតែងពិនិត្យមើលជាមុនសិនមុននឹងអនុញ្ញាតឲ្យទណ្ឌិតអាន។
លោកមានប្រសាសន៍ថា៖«ទណ្ឌិតប្រមាណពី៣០ទៅ៤០ ភាគរយនឹងឆ្លៀតឱកាសទាញយកផលចំណេញពីបណ្ណាល័យនេះ ដោយសារការប្រើចំណេះដឹងដែលបានមកពីការអានសៀវភៅ ដើម្បីកែប្រែជីវិតរបស់ពួកគេទៅថ្ងៃអនាគត»៕ NR