ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រកាស​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ​ចាប់ពី​ថ្នាក់​ទី​ ៩ ​ដល់​ថ្នាក់​ទី​ ១២ ​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​គ្រឹះស្ថានសិក្សា​សាធារណៈ​គ្រប់​កម្រិត​អាច​បើក​ដំណើរការ​ឡើងវិញ​នៅក្នុង​ខេត្ត​ដែលមាន​កម្រិត​ហានិភ័យ​ទាប​ចំនួន​ ៤ គឺ​ទី​រួម​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​ទីរួម​ខេត្តមណ្ឌលគិរី​។

ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​២ គឺ​ចាប់ផ្តើម​ថ្ងៃទី​ ៧ ខែ កញ្ញា ឆ្នាំ​ ២០២០ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណ:​ខ្លះ និង​គ្រឹះស្ថានសិក្សា​ឯកជន​ខ្លះ​។ ថ្នាក់មធ្យមសិក្សា និង​មតេ្តយ្យសិក្សា​នឹង​អាច​បញ្ចប់​ឆមាស​ទី​ ២ ​ត្រឹម​ចុង​ខែ​វិច្ឆិកា រីឯ​ថ្នាក់បឋមសិក្សា​អាច​បញ្ចប់​ត្រឹម​ដំណាច់​ខែធ្នូ ខណៈ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ធ្វើឡើង​នៅ​ថ្ងៃទី​ ២១ ​ធ្នូ និង​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ធ្វើឡើង​ ៣០​វិច្ឆិកា​។

សេចក្ដី​ណែនាំ​ថ្មី​របស់​ក្រសួង​អប់រំ​ចេញ​នៅ​ថ្ងៃទី​ ២៧ ខែសីហា​ បន្តថា ក្រសួង​នឹង​ពិនិត្យ​លទ្ធភាព ដើម្បី​បើក​ដំណើរការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​តាម​រាជធានី-ខេត្ត​ផ្សេងទៀត តាម​លក្ខណៈ​ទ្រង់ទ្រាយ​តូច ហើយ​គ្រឹះស្ថានសិក្សា​ឯកជន​ចាប់ពី​មត្តេយ្យសិក្សា​ដល់​ឧត្តមសិក្សា​ដែល​បើក​ឡើងវិញ ក្នុង​ដំណាក់កាល​ទី​ ២ គឺ​ត្រូវដាក់​ពាក្យស្នើសុំ និង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ជាមុន​។

នៅតាម​គ្រឹះស្ថានសិក្សា ត្រូវអនុវត្ត​វិធានការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ កំណត់​ចំនួន​សិស្ស​ពី​ ១៥ ​ដល់​ ២០ ​នាក់​ក្នុង​ ១ ​បន្ទប់​ ដែល​រៀបចំ​គម្លាត​សុវត្ថិភាព​យ៉ាងហោច​ណាស់​ចម្ងាយ​ពីគ្នា​ចំនួន​ ២ ​ម៉ែត្រ​ត្រូវ​បើក​ច្រកចេញ​ចូលក្នុង​បរិវេណ​សាលា​ទាំងអស់​ដើម្បី​បញ្ចៀស​ការកកកុញ និង​ឱ្យ​មាន​ការឈរ​តម្រង់​ជួរ​នៅ​ច្រកចូល​មាន​គម្លាត​ពីគ្នា​ ១,៥ ​ម៉ែត្រ​ឡើងវិញ​។

គ្រឹះស្ថានសិក្សា​ត្រូវ​មាន​បន្ទប់​សុខភាព ដែលមាន​គ្រូ​ទទួល​បន្ទុក​សុខភាព ចាំ​ជួយសង្គ្រោះ​បឋម និង​ពិនិត្យ​សុខភាព​សិស្ស និង​បុគ្គលិក​សិក្សា​ត្រូវ​ឱ្យ​អាណាព្យាបាល​សិស្ស​ផ្ដល់ព័ត៌មាន​អំពី​សុខភាព និង​ប្រវត្តិ​នៃ​ការធ្វើដំណើរ និង​ត្រូវ​វាស់​កម្ដៅ​មុនពេល​សិស្ស និង​បុគ្គលិក​សិក្សា​ចូលទៅក្នុង​បរិវេណ​បន្ទប់​សិក្សា​។

វិទ្យាល័យ​បាក់ទូក​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​ដែល​ជា​វិទ្យាល័យ​ដែលមាន​សិស្ស​ថ្នាក់​ទី​ ១២ ​ច្រើន​ជាង​គេ​នៅក្នុង​ប្រទេស គឺ​ត្រូវបាន​ជ្រើសរើស​ជា​សាលារៀន​ដំបូង​គេ ដើម្បី​បើក​ឡើងវិញ​នៅក្នុង​ដំណាក់កាល​ទី​ ២ ​នេះ ដែលមាន​ទាំង​ការសិក្សា​នៅ​ថ្នាក់រៀន​ផ្ទាល់ និង​ការសិក្សា​ពី​ចម្ងាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​។ ក្រសួង​អប់រំ​លើក​ឡើង​ទៀតថា ចំពោះ​គ្រឹះស្ថានសិក្សា​ដទៃទៀត​ដែល​មិនទាន់​បាន​បើក​ដំណើរការ​ឡើងវិញ ត្រូវ​បន្ត​ការសិក្សា​ពី​ចម្ងាយ ខណៈ​ក្រសួង​កំពុង​បន្ត​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​សិក្សា​ស្ថានភាព និង​វាយតម្លៃ​ការរៀបចំ​របស់​គ្រឹះស្ថានសិក្សា​សម្រាប់​ត្រៀមខ្លួន​បើក​ដំណើរការ​ដំណាក់កាល​ទី​ ៣​។

រដ្ឋាភិបាល​បាន​ប្រកាស​បិទ​សាលារៀន​ទាំងអស់​នៅ​ទូទាំង​ប្រទេស​តាំងពី​ខែមីនា ដោយ​តម្រូវឱ្យ​សិស្ស​ទាំង​នៅ​ទីក្រុង និង​ជនបទ​សិក្សា​ពី​ចម្ងាយ តាមរយៈ​កម្មវិធី​បង្រៀន​តាម​ទូរទស្សន៍​ ឬ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ គឺ​ត្រូវ​ចែកចេញ​ជា​ ៣ ​ដំណាក់កាល​គឺ​ដំណាក់កាល​ទី​ ១ ​សម្រាប់​សាលា​ដែលមាន​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់ ដំណាក់កាល​ទី​ ២ ​សម្រាប់​សាលា​មាន​ស្ដង់ដា​សុវត្ថិភាព​មធ្យម និង​ដំណាក់កាល​ទី​ ៣ ​សម្រាប់​សាលារៀន​ដែលមាន​ស្ដង់ដា​អប្បបរមា​។

នៅក្នុង​ដំណាក់កាល​ទី១ គឺមាន​សាលារៀន​អន្តរជាតិ​ឯកជន​ចំនួន​ ២០ មាន​ស្ដង់ដា​សុវត្ថិភាព​ខ្ពស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​នៅក្នុង​ខែសីហា​នេះ​។

លោក រស់ សុវាចា មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា មិនទាន់​អាច​បញ្ជាក់​អំពី​ចំនួន​សាលា​រដ្ឋ និង​ឯកជន​ចំនួន​ប៉ុន្មាន​ឡើយ ដែល​ត្រូវ​បើក​ក្នុងដំណាក់កាល​ទី​២ ​នេះ​។

កម្ពុជា​បាន​ទប់ស្កាត់​បាន​មិនឱ្យ​ជំងឺ​កូវីដ​១៩​ឆ្លង​ចូលទៅក្នុង​សហគមន៍ ហើយ​កាលពី​ពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាសថា ការបើក​សាលារៀន​ឡើងវិញ និង​ការអនុញ្ញាត​ឱ្យ​ពលរដ្ឋ​ឈប់​សម្រាក​សង​ចូលឆ្នាំ គឺ​ដោយសារ​កម្ពុជា​កំពុង​គ្រប់គ្រង​បាន​ជំងឺ​រាតត្បាត​នេះ​។

ក្នុង​រយៈពេល​ចំនួន​ ១៣ ​ថ្ងៃ​ចុងក្រោយ​នេះ​កម្ពុជា​បាន​រាយការណ៍​គ្មាន​ករណី​ថ្មី​នោះទេ ហើយ​អ្នកជំងឺ​កូវីដ​១៩​កំពុង​សម្រាក​ព្យាបាល​នៅសល់​តែ​ ៩ ​នាក់ ក្នុង​ចំណោម​អ្នកឆ្លង​ទាំងអស់​ចំនួន​ ២៧៣ ​នាក់​ចាប់តាំងពី​បាន​រកឃើញ​ករណី​ឆ្លង​ដំបូង​កាលពី​ថ្ងៃទី​ ២៧ ខែមករា​​ មក​។ ​​

ការ​រាលដាល​ជំងឺ​កូវីដ​ ១៩​ ជា​សកល បាន​វាយប្រហារ​យ៉ាងខ្លាំង ទាំង​សុខភាព​សាធារណៈ ទាំង​សេដ្ឋកិច្ច និង​ការអប់រំ​។ កាលពី​ខែមិថុនា អង្គការ​យូនីសេហ្វ​ថ្លែងថា សិស្ស​ជាង​ ១ ​ពាន់​លាន​នាក់ ​នៅ​ទូទាំង​ពិភពលោក​ស្ថិតនៅ​ក្រៅ​សាលា ឬ​សាលា​នៅក្នុង​ ១០៥ ​ប្រទេស​ក្នុង​ចំណោម​ ១៣៤ ​ប្រទេស បាន​បិទទ្វារ​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩៕