ភ្នំពេញៈ ទីលានប្រជាធិបតេយ្យដែលស្ថិតនៅចំកណ្តាលទីក្រុងក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញដែលជាកន្លែងសម្រាប់ពលរដ្ឋសម្តែងមតិ និងប្រមូលផ្តុំតវ៉ាប្រឆាំងទៅនឹងអំពើអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានផ្សេងៗនឹងត្រូវប្តូរទៅទីតាំងថ្មីនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ដោយប្រមុខរដ្ឋាភិបាលអះអាងថាដើម្បីបញ្ចៀសភាពរញ៉េរញ៉ៃ និងយកកន្លែងនោះធ្វើជាសួនច្បារសម្រាប់ប្រយោជន៍សាធារណៈវិញ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យមានការរិះគន់ពីសង្គមស៊ីវិល និងសកម្មជនដីធ្លីដែលតែងប្រមូលផ្តុំគ្នាសម្តែងមតិនៅទីនេះ។
នៅក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី ១៨ ដែលធ្វើឡើងនៅកោះពេជ្រពីម្សិលមិញលោក ហ៊ុន សែន ថ្លែងថាការដាក់ទីលានប្រជាធិបតេយ្យនៅកណ្តាលក្រុងបែបនេះពិតជាធ្វើឱ្យមានការរំខានដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលជាកន្លែងប្រវត្តិសាស្រ្តកម្ពុជា។ លោកថា៖ «ថ្ងៃមុនខ្ញុំហៅទូរស័ព្ទទៅ ប៉ា សុជាតិវង្ស ដោយសារតែឥឡូវនេះយើងប្រហែលជាមិនទុកទីលានប្រជាធិបតេយ្យនៅកណ្តាលក្រុងបង្កើតភាពរញ៉េរញ៉ៃបានទៀតទេសម្តេចក្រឡាហោមកំពុងឱ្យឯកឧត្តម ប៉ា សុជាតិវង្ស រកទីលានប្រជាធិបតេយ្យថ្មីដែលមានលទ្ធភាពទៅធ្វើតាមផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ៦ ហើយយើងយកកន្លែងចាស់ធ្វើជាសួនច្បារ»។ លោកបន្ថែមថាបើទោះបីជាផ្លាស់ប្តូរទីតាំងចាស់ទៅកន្លែងថ្មីក៏មិនប៉ះពាល់ដល់ដំណើរការនៃការសម្តែងមតិជួបប្រជុំនោះដែរ។ លោកថា៖ «ហើយការប្រមូលផ្តុំមិនមានភាពខុសគ្នាទេសម័យឥឡូវនេះព្រោះគេមិនមែនមកមើលហ្នឹងណាគេមើលតាមការផ្សាយ ឬហ្វេសប៊ុកអ៊ីចឹងទុកកន្លែងនោះជាតំបន់ពាណិជ្ជកម្ម ទេសចរណ៍ អ្នកការទូត»។ លោក ហ៊ុន សែន ក៏ថ្លែងសារបែបឌឺដងដាក់អាមេរិកថានឹងដាក់ទីលានប្រជាធិបតេយ្យនៅសួនច្បារមុខស្ថានទូតអាមេរិកបើមានការរិះគន់ ឬមិនពេញចិត្តចំពោះការផ្លាស់ប្តូរទីតាំងពីសំណាក់ប្រទេសមហាអំណាចមួយនេះ។ លោកថា៖ «ដោយសារអាមេរិកពូកែគាំទ្របាតុកម្មពេកលើកទីលានប្រជាធិបតេយ្យដាក់មុខស្ថានទូតអាមេរិកតែម្តងវាស្រួលតំបន់នេះយើងធ្វើខុសហើយព្រោះតំបន់នេះទាក់ទងទីតាំងប្រវត្តិសាស្ត្រវត្តភ្នំអ៊ីចឹងតែមានស្អី (បាតុកម្ម) នៅកន្លែងហ្នឹងតើអ្នកណាមកទេសចរនៅវត្តភ្នំអ៊ីចឹងយកទៅក្រៅបើមិនពេញចិត្តទេលើកទៅដាក់ស្ថានទូតអាមេរិកអាហ្នឹងសិទ្ធិរបស់យើងតើ... ព្រោះអ្នកជំរុញឱ្យតវ៉ាភាគច្រើនក្រុម NGO ដែលគាំទ្រដោយអាមេរិក»។
អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានថ្លែងថាក្រុមការងារបានកំពុងសម្លឹងរកឃើញទីតាំងថ្មីដែលស្ថិតនៅលើសួនច្បារគីឡូម៉ែត្រលេខ ៦ សូគីម៉ិចតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវដែលស្ថិតនៅមិនឆ្ងាយពីគល់ស្ពានជ្រោយចង្វារនោះឡើយ។ លោកបន្តថាទីតាំងថ្មីអាចនឹងមានទំហំធំជាងទីតាំងចាស់។ លោកឱ្យដឹងដែរថាការផ្លាស់ប្តូរនេះបន្ទាប់ពីមានការរអ៊ូរទាំងពីសំណាក់ពលរដ្ឋ និងម្ចាស់ពាណិជ្ជកម្មមួយចំនួននៅជុំវិញនោះ។ លោកថា៖ «កន្លងមកពលរដ្ឋ អាជីវករ បានលើកឡើងឱ្យសាលារាជធានីពិចារណាផ្លាស់ប្តូរទីលានពីទីតាំងនោះហើយទន្ទឹមនេះសមាគមធនាគារដែលនៅម្តុំនោះបានធ្វើលិខិតមកយើងដើម្បីបញ្ជាក់ពីកង្វល់បញ្ហាសន្តិសុខ និងសុវត្ថិភាពនៅពេលមានការប្រមូលផ្តុំ ឬការសម្តែងមតិម្តងៗដែលធ្វើឱ្យរំខានដល់ពួកគាត់»។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព យល់ឃើញថារដ្ឋាភិបាលគួរពិចារណាឱ្យច្បាស់លាស់មុននឹងប្តូរទីតាំងថ្មីខណៈលោកស្រីមើលឃើញថាទីលានប្រជាធិបតេយ្យដែលស្ថិតនៅកណ្តាលក្រុងស័ក្តិសមបំផុតដើម្បីឱ្យពលរដ្ឋបានសម្តែងមតិដែលងាយដឹងឮដល់មហាជន និងរដ្ឋាភិបាល។ លោកស្រីថា៖ «បើទីតាំងថ្មីនៅជាយក្រុងវានឹងពិបាកព្រោះធម្មតាពលរដ្ឋដែលចង់សម្តែងមតិគឺចង់ឱ្យសាធារណជន និងរដ្ឋាភិបាលបានដឹងឮពីកង្វល់របស់គាត់អ៊ីចឹងបើដាក់ទៅឆ្ងាយពេកសួរថាគាត់ធ្វើបាតុកម្ម និងសម្តែងមតិដើម្បីអ្វី»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ថ្លែងថា៖ «ខ្ញុំមានតែការអត្ថាធិប្បាយខ្លីប៉ុណ្ណេះគឺយើងចង់ឲ្យទីលានប្រជាធិប្បតេយ្យនៅកន្លែងដែលវាធ្លាប់នៅពីព្រោះវាងាយស្រួលដល់អ្នកតវ៉ាដោយសារតែវានៅជិតអគាររបស់រដ្ឋវាគួរតែស្ថិតនៅចំកណ្តាលទីក្រុងហើយជាពិសេសគឺវាស្ថិតនៅជិតអគាររបស់រដ្ឋ»។
តំណាងសហគមន៍បឹងកក់ដែលតែងចេញមុខក្នុងការតស៊ូមតិអ្នកស្រី បូវ សោភា ថ្លែងថាការផ្លាស់ប្តូរទីតាំងសម្តែងមតិនឹងធ្វើឱ្យពលរដ្ឋបាត់បង់សិទ្ធិ និងចាត់ទុកថាជាការគេចវេះរបស់រដ្ឋាភិបាលក្នុងការទទួលខុសត្រូវ។ អ្នកស្រីថា៖ «សូម្បីទីលានសម្តែងមតិនៅកណ្តាលក្រុងហើយពួកខ្ញុំមិនអាចជួបជុំបានផងទម្រាំទៅដាក់កន្លែងឆ្ងាយទៀតអ៊ីចឹងវាងាយស្រួលសម្រាប់ឱ្យអាជ្ញាធរប្រើអំពើហិង្សាមកលើពលរដ្ឋហើយលាក់បាំងមុខមាត់អាក្រក់របស់រដ្ឋាភិបាលបានន័យថាពួកគាត់មិនចង់ទទួលខុសត្រូវនឹងអ្វីដែលពលរដ្ឋរិះគន់ទេ»៕
រាយការណ៍បន្ថែមៈ Alex Willemyns