ភ្នំពេញៈ ទឹក​ជំនន់​កំពុង​បន្ដ​ហក់​ឡើង​នៅ​តាម​ខេត្ដ​មួយ​ចំនួន​ដូច​ជា​ស្ទឹង​ត្រែង ​ក្រចេះ ត្បូង​ឃ្មុំ ​កំពង់​ចាម​​បាត់​ដំបង​ និង​តំបន់​ផ្សេង​ទៀត ​នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ប៉ុន្ដែ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុ​និយម​បាន​ប្រាប់​ថា​ ​វា​មិន​ទាន់​មាន​ផល​ប៉ះ​ពាល់​អ្វី​ដល់​ពលរដ្ឋ​នៅ​ឡើយ​ទេ​។​

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធន​ធាន​ទឹក ​និង​ឧតុនិយម​ បាន​ប្រាប់​ភ្នំពេញ​បុ​ស្ដិ៍ តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​នេះ​ថា ​ទឹក​ជំនន់​ផ្ដើម​ហក់​ឡើង​ខ្លាំង​នាពីរ​បី​ថ្ងៃ​កន្លង​ទៅនេះ​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹក​ហូរ​ចូល​ពី​ប្រទេស​ថៃ ប៉ុន្ដែ​ទឹក​នេះ​នឹង​ស្រក​ចុះ​ទៅ​វិញ​២-៣​ថ្ងៃ​ក្រោយ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ទឹក​ជំនន់​ដែល​ហក់​ឡើង​ប៉ុន្មាន​ថ្ងៃ​នេះ​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ដល់​ដំណាំ​ពលរដ្ឋ ​នៅ​ឡើយ​ទេ ហើយ​នៅ​តំបន់​មួយ​ចំនួន​ទឹក​នឹង​ស្រក​ចុះទៅ​វិញ​នា​២-៣​ថ្ងៃ​ខាង​មុខ​នេះ​»​។

ទោះយ៉ាងណា​ លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព ខណៈ​ភ្លៀង​នៅ​បន្ដ​ធ្លាក់​នៅ​ទូទាំងប្រទេស​។​

លោក​ថ្លែង​ថា​៖ «​យើង​មិន​អាច​កំណត់​បាន​ទេ​ព្រោះ​រដូវ​នេះ​ជា​រដូវ​ភ្លៀង​ទឹក​អាច​ឡើង​ចុះ​និង​មាន​ភាព​ប្រែប្រួល​គ្រប់​ពេល​ដោយសារ​រ​ជា​រដូវ​ភ្លៀង​។ ដូច្នេះ​សូម​ពលរដ្ឋ​ដែល​រស​នៅ​តាម​ដង​ទន្លេ​លើ​សូម​មាន​ការ​ប្រុង​ប្រ​យ័ត្ន និង​ប្រមូល​ផល​ដែល​បាន​ដាំ​ដុះ​នៅ​តាម​តំបន់​នោះ​»​។​

លោក ​មែន​ គង់​ អ្នក​នាំ​ពាក្យ​សា​លា​ខេត្ត​ស្ទឹង​ត្រែង បាន​ថ្លែង​ថា​ខណៈ​នេះ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​​​ បាន​ហក់​ឡើងជា​បន្តប​ន្ទាប់ ដែល​នឹង​អាច​ជន់​លិច​ចូល​តាម​ស្ទឹង​ព្រែក​និង​ប្រព័ន្ធ​ប្រឡាយ​មួយ​ចំនួន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ពីព្រោះ​ទឹក​កំពុង​ហូរ​ចាក់​ពី​តំបន់​អាង​ទន្លេ​មេគង្គ​ផ្នែក​ខាងលើ​ប្រ​ទេស​ថៃ​និង​ឡាវ​ធ្លា​ក់មក​យ៉ាង​គំហុក ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​។

លោក​បាន​បន្ត​ថា​៖«​ទោះ​ជា​បែប​ណា​ក្ដី​យើង​នៅ​ពុំទាន់​ទទួល​បាន​សេចក្ដី​រាយ​ការណ៍​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ណា​មួយ​ស្ដីពី​ការ​ជន់​លិច​នៅ​ឡើយ​ទេ​។​…​អាជ្ញាធរ​ពាក់​ព័ន្ធ​យើង​នៅ​ទូទាំង​ខេត្ត​កំពុង​តាម​ដាន​អំពី​ស្ថាន​ភាព​អាកា​សធាតុ​ និង ទឹ​កជំនន់​ជា​ប្រចាំ​»​។

លោក​ ប៉ាង​ ពេញ ​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​ស្ទឹង​ត្រែង​ដែល​កំពុង​ត្រួត​ពិនិត្យ​ពី​ស្ថាន​ភាព​​កម្ពស់​ទឹក​ជំនន់​ទន្លេ​មេគង្គ​ ក្នុង​ខេត្ត​បាន​ថ្លែងថា ​នៅពេលនេះ​កម្ពស់​ទឹក​ទើបតែ​ហក់​ឡើងដល់​ ៧,៦៨ ​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកា​សអាសន្ន​មាន​កម្រិត​ ១០,៥០ ​ម៉ែត្រ​។

ដោយឡែ​ក​ នៅ​តំបន់​អាង​ទំនប់​វា​រី​អគ្គិ​សនី​សេសា​ន​ក្រោម​២​មិន​មាន​ការ​ជន់​ឡើង​នោះទេ​ដោយ​សារ​មាន​ការបើក​បង្ហូរទឹក ដើម្បី​ដំណើ​ការ​ទូ​ប៊ី​ន​ចំនួន​២​សម្រាប់​ផលិត​អគ្គិ​សនី​ផ្គត់​ផ្គង់​នៅ​ក្នុង​ខេត្ត​។

លោក​បាន​បញ្ជាក់ថា​៖«​ទឹក​ក្នុង​ទន្លេ​មេគង្គ​ខេត្ត​ស្ទឹង​ត្រែង​អាច​នឹង​ជន់​លិច​ហូរ​ចូល​ប្រព័ន្ធ​ដៃទន្លេ​តូចៗ​ដូចជា​ព្រែក ​ប្រឡាយ​និង​បឹង​បួ​នា​នា​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ​នា​២-៣​ថ្ងៃ​ខាង​មុខ​ប៉ុន្តែ​វា​ពុំ​បង្ក​ក្ដីបារម្ភ​នោះ​ទេ​។ ដោយ​ឡែក​នៅឯ​តំបន់​វា​រី​អគ្គិ​សនី​សេ​សា​ន​ក្រោម​២​មិន​មាន​ការ​ជន់​លិច​ទេ​»​។

កាល​ពី​ម្សិល​មិញ​​ ពលរដ្ឋ​ប្រមា​ណ​ជិត ​១០០​ គ្រួសា​រ នៅ​ឃុំ​ស្រែ​គ​និង ឃុំ​ក្បាល​រមាស​ ស្រុក​សេ​សា​ន ដែល​នៅ​ពុំទាន់​ទទួល​យក​សំណង​គោល​នយោ​បាយ​ពី​រដ្ឋ​ដើម្បី​ចាក​ចេញពី​តំបន់​អភិ​វឌ្ឍន៍​ទំនប់​វា​រី​អគ្គិ​សនី​សេសា​ន​ក្រោម​២ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កាលពី​បី​ថ្ងៃ​មុន​នេះ​ខាង​ក្រុមហ៊ុន​បាន​បើក​ទ្វារ​ទឹក​មួយ​កន្លែង​ដើម្បី​រំដោះ​ទឹក​ចេញពី​ទំនប់​វា​រី​អគ្គិ​សនី​ ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​នេះ​។

តំណាង​ពលរដ្ឋ​ភូមិ​ស្រែគរ​ចាស់ លោក វុ​ធ ឃឿន បាន​ថ្លែងថា​៖«​ក្នុង​រយៈពេល​២-៣​ថ្ងៃ​មកនេះ ទឹក​នៅក្នុង​តំបន់​ដែល​យើង​កំពុង​រស់នៅ​បាន​ស្រក​ចុះ​ប្រមាណ​៣០​សង់​ទីម៉ែត្រ ការ​ស្រក​នេះ យើង​យល់​ថា​ពិតជា​មានការ​បើកទ្វារ​អាង​ស្តុក​ទឹក​នៃ​ទំនប់​វា​រី​អគ្គិសនី​នេះ​»​។

ថ្វីបើ​ដូច្នេះ​ក្ដី​អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​លោក កែវ វី បាន​ថ្លែង​ថា ពលរដ្ឋ ដែល​រស់​នៅ​តាម​បណ្ដោយ​ស្ទឹង​ព្រែក​និង​ដង​អូរ​នានា​ជាប់​ព្រំដែន​ថៃ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ខណៈ​ភ្លៀង​នៅតែ​បន្ត​​ធ្លាក់ និង​មាន​ទឹក​ហូរ​ចាក់​មក​យ៉ាង​គំហុក​ពី​ប្រ​ទេស​ថៃ​។

​ដូច​គ្នា​នេះ​ដែរ​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេ​គង្គ​ផ្នែក​ខាង​លើ​ក៏ត្រូវ​បង្កើន​ការ​ប្រុ​ងប្រយ័ត្ន​និង​ យក​ចិត្ត​ទុក​ដាក់​អំពី​សុវត្ថិ​ភាព​អំពី​កូនៗ​និង​ឪពុក​ម្ដាយ​ដែល​ចាស់​ជរា​របស់​ខ្លួន​ឲ្យ​នៅ​ឆ្ងាយ​ពី​ទឹក​។

លោក កែវ វី​បាន​ថ្លែង​ថា​៖«​ដើម្បី​សុវត្ថិ​ភាព​សូម​បង​ប្អូន​រក្សា​ការ​ពារ​កូនៗ​និង​ឪពុក​ម្ដាយ​ចាស់​ជរា​របស់​បង​ប្អូន​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទឹក​ក្នុង​ពេល​មាន​ទឹក​ជំនន់​កើត​ឡើង​»​។​

​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ​១៤ ​ខែ​កក្កដា ​បរិមាណ​ទឹក​ភ្លៀង​ដែល​បាន​និង​កំពុង​ធ្លាក់​បាន​ធ្វើឱ្យ​ទឹក​ស្ទឹង​សំរោង ពិសេស​ត្រង់​ចំណុច​ស្ពាន​សំរោងលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ឃុំ​អូរ​បាក់​រទេះ​ស្រុក​កំពង់​សីលា ​ខេត្ត​ព្រះ​សីហនុ ហក់​ឡើង​យ៉ាង​គំហុក​បង្ក​ឲ្យ​មានការ​ផ្អាក​ចរាច​រណ៍​បណ្ដោះ​អា​សន្ន​កាល​ពី​ថ្ងៃទី​១៥ ប៉ុន្ដែ​ទឹក​បាន​ស្រក​ទៅ​វិញ​កាលពី​ម្សិល​មិញ​។​

ដោយ​ឡែក​ នៅ​ខេត្ដ​បាត់​ដំបង​ ទឹក​ជំនន់​នៅ​ស្ទឹង​សង្កែ​ដែល​​ជន់​ឡើង​​ថ្មីៗ​នេះ​មិន​ទាន់​បង្ក​កា​រគំរាម​កំហែង​ដល់​ពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​នៅ​ឡើយ​ទេ​ ដោយ​សា​រមាន​សំណង់​ធារា​សាស្ត្រ​​ធំ​ ​២ គឺ​ទំនប់​ពហុ​បំណង​សេក​សក​និង​ទំនប់​ស្ទាក់​ទឹក​ក​ង្ហ​ត​។​

សំណង់​ធារា​សាស្ត្រ​ធំ​ទាំង​ពីរ​ខាង​លើ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ស្ទាក់ ​និង​ប្រមូល​ទឹក​មក​ស្តុក​ទុក​ ដើម្បី​កុំឱ្យ​ទឹក​ហូរ​ធ្លាក់​​គំហុក​ទៅ​ផ្នែក​ខាងក្រោម​តាម​ស្ទឹង​សង្កែ​ដែល​អាច​បង្ក​ជា​ជំនន់​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ពល​រដ្ឋ​។​

​ការ​ស្ទាក់​ទឹក​ដែល​ហូរ​ធ្លា​ក់ដោយ​គំហុក​នេះ​បាន​ធ្វើឱ្យ​កម្ពស់​ទឹក​នៅ​សំណង់​ធារា​សាស្ត្រ​ទាំង​ពីរ​ហក់​ឡើង​ខ្លាំង​យ៉ាង​រ​ហ័ស​។ បើតាម​​លោក​ចាន់ យុ​ត្ថា មន្ដ្រី​ធន​ធាន​ទឹកបាន​បើក​ទ្វារ​ទឹកដើម្បី​បង្វែរ​ទឹក​ដែល​ជន់​ខ្លាំងទៅ​បម្រើ​ដល់​កសិកម្ម​ផង ប្រើប្រាស់​ផង និង​មួយ​ផ្នែក​បង្ហូរ​​ទៅ​កាន់​បឹង​ទន្លេ​សាប​។​

ក្រៅពី​គ្រោះ​ធម្ម​ជាតិ​ទឹកជំនន់ ខ្យល់ និង​ភ្លៀង​ក៏​ជា​គ្រោះ​មហន្ដ​រាយ​មួយ​ដែល​ពលរដ្ឋ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដែរ​។

ជា​ក់ស្ដែង​ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​នេះ​ ទូក​នេ​សាទ១គ្រឿង​បាន​លិច នៅ​ចម្ងាយ​ប្រហែល ៥០០​ ម៉ែត្រ​ពី​ខាង​ជើង​កោះ​ដែក​គោល ​មុខ​កំពង់​ផែ​ធំ ខេត្ត​ព្រះ​សីហនុ រីឯ​អ្នកនេសាទ​៣​នាក់ ត្រូវបាន​ជួយ​សង្គ្រោះ​ទាន់​ពេល ដោយ​ទូក​នេសាទ​មួយគ្រឿង​ដែល​នៅ​ជិត​នោះ តែ​ទូក​នេ​សាទ​នោះ​បាន​លិច​បាត់។ នេះ​បើ​តាម​ព័ត៌​មាន​​ពី​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​។

​ដោយ​ឡែក​​ សមត្ថ​កិច្ច​នគរ​បាល​ស្រុក​ស្ទឹងហាវ បាន​រក​ឃើញ​សាក​សព​កម្មករ​នេ​សាទ​ម្នាក់ ឈ្មោះ​ហួត ​វណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​លំ​នៅ​ក្រុម​៣ ភូមិ​១ ឃុំ​កំ​ពេញ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះ​សីហនុ ដែលបាន​ធ្លាក់​ចូល​សមុទ្រ​ខាងក្រៅ​កោះ​ដូង​ក្នុង​ស្រុក​ស្ទឹង​ហាវ​កាល​ពី​ថ្ងៃទី​១៥​ខែ​កក្កដា​ឆ្នាំ​នេះ​៕