បាត់​ដំបងៈ​ ​​ទឹក​ជំនន់​បាន​បន្ត​ហក់​ឡើង​ខ្លាំង​​ ​នៅ​​​តាម​​បណ្តា​ខេត្ត​ជាប់​​ទន្លេ​មេគង្គ ហើយ​​ក៏​កំពុង​ហក់​ឡើង​ខ្លាំង​ដល់​​កម្រិត​ប្រកាស​អាសន្ន​​ នៅ​ទន្លេ​សេសាន​ ខេត្ដ​រតន​គិរី ​និង​ស្ទឹង​សង្កែ​ ខេត្ដ​បាត់​ដំបង​ គិត​ត្រឹម​ល្ងាច​​ថ្ងៃ​ទី១៦ ខែសីហា​នេះ។

លោក កែវ វី អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​ គ្រប់​គ្រង​គ្រោះ​មហន្ដ​រាយ​ បាន​ប្រាប់​ភ្នំពេញ​បុ​ស្ដិ៍​​នៅថ្ងៃទី១៦ ខែ​សីហា​​ថា ​ការ​ហក់​ឡើង​វិញ​នៃ​ទឹក​ជំនន់​ នៅ​ទន្លេ​សេសាន គឺ​បណ្ដាល​មកពី​ការ​បើក​ទ្វារ​ទឹក​បង្ហូរ​មកពី​ប្រទេស​វៀត​ណាម​ រួម​ផ្សំ​នឹង​កំណើន​ទឹក​ភ្លៀង​ នៅ​តាម​តំបន់​ដោយ​ផ្ទាល់​ផង​ដែរ​។

លោក​ថ្លែង​ថា​៖​«​ប៉ុន្ដែ​ទឹក​នេះ ហក់​ឡើង​តែ​ពីរបី​ថ្ងៃ​នឹង​ស្រក​ចុះ​ទៅ​វិញ​ហើយ មិន​មាន​ការ​ព្រួយ​បារម្ភ​អី​ទេ។ ទឹក​នេះ​ហក់​ឡើង​ដូច​ការ​បើក​ទ្វារ​ទំនប់​នៅ​ទឹក​ឈូរ​យើង​ចឹង គ្រាន់​តែ​យើង​មិន​បាន​ដឹង ​ទើប​តែ​ខេត្ដ​នៅ​វៀត​ណាម​គេ​ទាក់​ទង​ប្រាប់​មក​ទើប​យើង​ដឹង​ហ្នឹង​»​។

បើតាម​លោក កែវ វី ទឹក​ជំនន់​នៅ​ទន្លេ​សេសាន​ នឹង​មាន​ការ​ធូរ​ស្រាល​ឡើង​វិញ​ ត្រឹម​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ទៀត​ ប៉ុន្ដែ​ទឹក​នេះ ក៏​នឹង​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ វាល​ស្រែ​មួយ​ចំនួន​ផង​​ដែរ។

លោក សយ សូណា ប្រធាន​មន្ទីរ​កសិកម្ម ខេត្ដ​រតន​គិរី បាន​ឲ្យ​ដឹង​ថា ​ទឹក​ជំនន់​កំពុង​បន្ដ​ហក់​ឡើង​ លិច​តំបន់​មួយ​ចំនួន​ថែម​ទៀត ​នៅ​ស្រុក​វើនសៃ ហើយ​ពេល​នេះ​ លោក​កំពុង​ប្រមូល​ទិន្នន័យ​ផល​ប៉ះពាល់​សរុប​។

លោក​បញ្ជាក់​ថា​៖«ខ្ញុំ​កំពុង​ចុះ​ទៅ​អង្កេត​ស្ថាន​ភាព​ទឹក​បន្ថែម​ ដែល​កំពុង​លិច​វាល​ស្រែ​មួយ​ចំនួន ​ឥឡូវ​ខ្ញុំ​កំពុង​សង្កេត​មើល​សិន ព្រោះ​ទឹក​នេះ ទើប​តែ​ហក់​ឡើង​បាន​ពីរ​បី​ថ្ងៃ​នេះ​ដែរ​ទេ»។

ក្រសួង​ធនធាន​ទឹក ​បាន​ប្រកាស​​នៅ​ថ្ងៃ​ទី១៦ សីហា​​ថា កម្ពស់​ទឹកស្ទឹង​សង្កែ ខេត្ត​បាត់​ដំបង ​ឡើង​ដល់​កម្រិត​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ទឹក​ចាប់​ផ្ដើម​ហូរ​លិច​តំបន់​ផ្សា​របឹង​ឈូក ខណៈ​អាជ្ញាធរ​កំពុង​ជួយ​ទប់​ស្កាត់។

ក្រសួង​អំពាវ​នាវ​ថា៖«ពល​រដ្ឋ​ដែល​រស់​នៅ​តាម​ដង​ស្ទឹង​សង្កែ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ព្រោះ​ទឹក​ស្ទឹង​សង្កែ​ពេល​នេះ​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ»។

លោក ឡុង ផល្គន ប្រធាន​មន្ទី​រធន​ធាន​ទឹក ​ខេត្ដ​បាត់​ដំបង​ បាន​ឲ្យ​ដឹង​ថា ​ដោយ​​សារ​តែ​កម្ពស់​ទឹក​ស្ទឹង​សង្កែ​ ​បាន​ហក់​ឡើង​ខ្លាំង​លើ​ស​ពី​សញ្ញា​ប្រកាស​​អាសន្ន​ លោក ងួន រតន: អភិបាល​ខេត្ត​បាត់​ដំបង បាន​និង​កំពុង​ដឹកនាំ​កម្លាំង​ចម្រុះ​ ចុះ​អន្តរា​គម​ន៍ ទប់​ស្កាត់​ជំនន់​ទឹក​​​ស្ទឹង​សង្កែ ដែល​កំពុង​គំរាម​កំហែង ​និង​ហូរ​ចូល​មួយ​ភាគ​មក​ក្នុង​ក្រុង​បាត់​ដំបង​។

លោក​បន្ដថា៖​«ត្រឹម​ព្រឹក​ថ្ងៃទី​១៦​ ខែសីហា ​កម្ពស់​ទឹក​ស្ទឹង​សង្កែ ខេត្ត​បាត់​ដំបង​ បាន​ហក់​ឡើង​ដល់​កម្ពស់ ១៣,៧៥​ ម៉ែត្រ ដែល​ជា​កម្រិត​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ដែល​តំបន់​ផ្សារ​បឹង​ឈូក​ ក្នុង​ក្រុង​បាត់​ដំបង ត្រូវ​បាន​ទឹក​ជន់​លិច​ជា​បណ្ដើរៗ ​តាម​រយៈ​ហូរ​តាមលូ»។

បើ​តាម​ក្រសួង​ធន​ធាន​ទឹក​ នៅ​ថ្ងៃ​ទី១៦ ខែ​សីហា​ ​អាជ្ញាធរ​ កម្លាំង​សមត្ថ​កិច្ច​ បូក​រួម​ទាំង​កម្លាំង​យោធា​របស់​ភូមិ​ភាគ​ទី ៥ ជា​ច្រើន​នាក់ កំពុង​តែ​ជួយ​អន្ដ​រាគមន៍​យក​បាវ​ខ្សាច់​ចំនួន​ ៥០០០​ បាវ​ ទៅ​​ទប់​​តាម​មាត់​ស្ទឹង​​សង្កែ​នៅ​ត្រង់​កន្លែង​ដែល​ទាប​ជាង​គេ​ ក្នុង​គោល​បំណង​ការ​ពារ​ទឹក​ឡើង​បន្ដ ​ហើយ​ហូរ​ចូល​ក្រុង​បាត់​ដំបង​​៕