ភ្នំពេញៈ ​ខណៈ​ទឹកជំនន់​កំពុង​តែ​បន្ត​ឡើង​ខ្លាំង​កាលពី​ម្សិលមិញ​ក្នុង​តំបន់​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ការ​ជន់​លិច​ និង​បាន​ធ្វើឲ្យ​ច្រាំង​ទន្លេ​នៅក្នុង​ភូមិ​ព្រែកតាគង់ សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ បាក់ស្រុត​ជាង​​ ៥០ ​ម៉ែត្រ​ធ្វើឲ្យ​មាន​ការ​ផ្អាក​ចរាចរណ៍​ឆ្លងកាត់​តាម​ផ្លូវ​មាត់ទន្លេ​ទាំងស្រុង​។

លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា គ្រោះ​មហន្ដរាយ​ធម្មជាតិ​នេះ​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ប្រមាណ​ជាង​ ៥០ ​ម៉ែត្រ និង​ជម្រៅ​បាក់​ចូល​ជាង​ ២០ ​ម៉ែត្រ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវលំ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ផង​ដែរ​។

លោក​បន្ដ​៖ «​យើង​បាន​បញ្ជា​ឲ្យ​ខាង​មន្ទីរ​សាធារណការ និង​មន្ទីរ​ធនធាន​ទឹក សហការ​គ្នា​ធ្វើ​ហើយ​ការងារ​ហ្នឹង​។ ច្រាំង​នេះ​បាក់​តាំង​ពី​ថ្ងៃ​សៅរ៍​ ប៉ុន្ដែ​រហូត​ដល់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​មិន​មាន​ការបាក់​បន្ថែម​ទៀត​ទេ​។ យើង​បាន​រៀបចំ​ទប់ស្កាត់​បណ្ដោះអាសន្ន ហើយ​ខាង​មន្ទីរ​ធនធាន​ទឹក និង​មន្ទីរ​សាធារណការ ដែល​ជា​ក្រុម​បច្ចេកទេស​គាត់​នឹង​រៀបចំ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ​ហ្នឹង​»​។

លោក ឃ្លាំង ហួត ថ្លែង​ទៀត​ថា​អាជ្ញាធរ​បាន​យក​ដំ​ថ្ម​ធំៗ​ទប់​ច្រាំង​ដែល​ស្រុត​បាក់​នោះ ហើយ​ការចំណាយ​ចំពោះ​ការទប់ស្កាត់​ការបាក់​ច្រាំង​នេះ​គឺជា​ថវិកា​របស់​សាលាក្រុង​ភ្នំពេញ​។

លោក​ថ្លែង​ថា​៖ «​ប្រហែល​ជា​មិន​បាក់​ថែម​ទៀត​ទេ ព្រោះ​យើង​បាន​ប្រើ​ថ្ម​ធំៗ​មក​ទប់​គ្រាន់តែ​ចំណាយ​ថវិកា​បន្ដិច​...​មិន​មាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទេ យើង​ក៏​បាន​ត្រៀម​សម្រាប់​ជម្លៀស​ពួកគាត់​ទៅ​កន្លែង​សុវត្ថិភាព​ដែរ​»​។

អ្នកស្រី ប្រាក់ សោភា ជា​ប្រជាពលរដ្ឋ​មាន​លំនៅ​ទល់​មុខ​ច្រាំងទន្លេ​បាក់​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ដែរ​ថា ក្នុង​ហេតុការណ៍​បាក់​ច្រាំង​នេះ អ្នកស្រី​កំពុង​លង់លក់​ក្នុង​ដំណេក​ជាមួយ​កូន​ម៉ោង​ប្រហែល​ ១២ ​យប់​ក៏​ ឮ​សំឡេង​បាក់ស្រុត​ខ្លាំង​ធ្វើឲ្យ​អ្នកស្រី​ភ្ញាក់​ភ័យញ័រ​ខ្លួន​ទាំង​កណ្ដាល​យប់​។

អ្នកស្រី​ថា​៖ «​ខ្ញុំ​ភ្ញាក់ឡើង​ញ័រ​ដូច​កូន​សត្វ​អ៊ីចឹង ម៉ោង​ប្រហែល​ ១២ យប់ ឮ​សំឡេង​បាក់​ច្រាំង​លាន់​គ្រាំង ខ្ញុំ​ភ្ញាក់​ឡើង​ដាស់​កូន​លែង​ហ៊ាន​ដេក​ផ្ទះ ទៅ​សុំ​ផ្ទះ​បងប្អូន​ស្នាក់នៅ​។ កុំ​តែ​មាន​អាជ្ញាធរ​មក​ពិនិត្យ និង​ធ្វើការ​ជួសជុល​ចាក់​ថ្ម ឡើង​វិញ​អ៊ីចឹង កុំ​អី​ខ្ញុំ​មិន​ហ៊ាន​ស្នាក់​នៅ​ផ្ទះ​ទៀត​ទេ​។ ខ្ញុំ​សុខ​ចិត្ដ​ទៅ​ជួល​ផ្ទះ​គេ​ស្នាក់​វិញ​»​។

គ្រឿងចក្រ​កាយ​ថ្ម​ដាក់​ទន្លេ​ដើម្បី​ទប់​ការបាក់​ច្រាំង​។ហុង មិនា

តាម​ការ​ឲ្យ​ដឹង​ពី​គេហទំព័រ​ផ្លូវការ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ម្សិលមិញ​ថា បន្ទាប់ពី​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ពិនិត្យ​ករណី​បាក់​ច្រាំង​ទន្លេសាប​នៅ​ថ្ងៃទី​ ៤-៥ ខែ​សីហា​ឆ្នាំ​ ២០១៨ ​នេះ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​បាន​សហការ​ជាមួយ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​រាជធានី​ចុះ​វាស់​ស្ទង់ និង​កំពុង​ចាក់​ក្រាល​ថ្ម​ធំៗ​ទប់​ជើង​ច្រាំង​បាក់​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បាក់​ច្រាំង​បន្ត​ទៀត​។

សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​បញ្ជាក់​ថា​៖ «​ជា​ផែនការ​នៅ​ពេល​ទឹក​ស្រក​ចុង​រដូវវស្សា​នេះ​មន្ទីរ​នឹង​សិក្សា​បច្ចេកទេស​ដើម្បី​ពិនិត្យ​លទ្ធភាព​សាងសង់​ច្រាំង​បេតុង​ការពារ​ច្រាំង​ទន្លេ​នេះ​តែ​ម្ដង​»​។

គួរ​បញ្ជាក់​ថា ​រដូវ​នេះ​ជា​រដូវវស្សា​ទឹកទន្លេ​នឹង​បន្ដ​ហក់​ឡើង​នៅ​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា​។

តំបន់​មួយ​ចំនួន​នៅ​តាម​ទី​ទំនាប​អាច​នឹង​ប្រឈម​ការលិចលង់ និង​បាក់​ច្រាំងទន្លេ​។ អាជ្ញាធរ​បាន​ចេញ​សេចក្ដី​ប្រកាស​ជា​បន្ដបន្ទាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ និង​ក្បែរ​ច្រាំងទន្លេ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណា​មួយ​កើតឡើង​៕